និពន្ធដោយ:ម៉ៅ សុផា

ភ្នំពេញ៖ ពលករ-ពលការិនីខ្មែរចំនួន១០នាក់ ដែលជាប់ពន្ធនាគារនៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជួយសង្គ្រោះ និងបញ្ជូនមកកម្ពុជាវិញ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលបានចុះនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ។
យោងតាមប្រភពខាងលើ ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាមានសមត្ថកិច្ចនៃម្ចាស់ផ្ទះ ដើម្បីសុំឲ្យដោះលែងពលករ-ពលការិនីខ្មែរទាំង១០ ឲ្យរួចផុតពីការឃុំឃាំង។ បន្ទាប់មក ស្ថានទូតកម្ពុជា ក៏បន្តសហការជាមួយអន្តរជាតិទេសសន្តរប្រវេសន៍ ដែលហៅកាន់ថា IOM ដើម្បីរៀបចំបញ្ជូនជនទាំង១០នោះ ឲ្យបានត្រឡប់មកកម្ពុជាវិញ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១។
ផ្នែកលើសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសដដែល ពលករ-ពលការិនីខាងលើបានជាប់ពន្ធនាគារនៅប្រទេសម៉ាឡេស៊ី តាំងពីដើមខែសីហា ឆ្នាំ២០១៦ មកម្លេះ។ យ៉ាងណាក៏ដោយ សេចក្តីជូនដំណឹងនោះ ពុំបានបញ្ជាក់ថា ពួកគេទាំង១០នាក់ ជាប់ពន្ធនាគារ ដោយសារមូលហេតុអ្វីនោះទេ។
សូមរម្លឹកថា ពលករ-ពលការិនីខ្មែរចំនួន ជិត៦០០នាក់ ដែលរងគ្រោះនៅតាមប្រទេសនានាត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជួយសង្គ្រោះ និងនាំមកកម្ពុជាវិញ ក្នុងឆ្នាំ២០១។ ជុំវិញបញ្ហាចំណាកស្រុករបស់ពលករនេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការ តែងអំពាវនាវម្តងហើយម្តងទៀតដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសស្ត្រីដែលងាយរងគ្រោះគួរស្វែងរកការងារដែលមានស្រាប់ ក្នុងស្រុកជាជាងការចំណាកស្រុកទៅធ្វើការនៅប្រទេសក្រៅដើម្បីចៀសវាង ការឃ្លាតឆ្ងាយពីក្រុមគ្រួសារនិងអាចជួបគ្រោះដោយការចាញ់បោកមេខ្យល់ ឬក្រុមហ៊ុន៕
No comments:
Post a Comment