Friday, August 19, 2016

សាលា​ដំបូង​បន្ត​ស៊ើបអង្កេត​សំណុំ​រឿង​លោកស្រី ថាក់ ឡានី

Khmer Times
ប៉ិច សុធារី

លោក សំ សុគង់ មេធាវី​ការពារ​ក្តី​ឲ្យ​លោកស្រី​ ថាក់ ឡានី ដែល​បាន​ចូល​ខ្លួន​ទៅ​តុលាការ​ជា​តំណាង​។ ជរ សុគន្ធា

ភ្នំពេញ៖ (ខ្មែរថាមស៍)មេធាវី​ការពារ​ក្តី​ឲ្យ​លោកស្រី ​ថាក់ ឡានី ដែល​រង​បណ្តឹង​លោក​នាយក​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​តុលាការ​បង្អង់​នីតិវិធី​ស៊ើបអង្កេត ដោយ​រង់ចាំ​ព្រឹទ្ធសភា​ដក ឬ​ព្យួរ​អភ័យឯកសិទ្ធិ​លោកស្រី ទៅ​តាម​នីតិវិធី​ច្បាប់​ជា​មុន​សិន ប៉ុន្តែ​ព្រះរាជអាជ្ញា​រង​បាន​បដិសេធ និង​សម្រេច​បន្ត​ការ​ស៊ើបអង្កេត​លើ​សំណុំ​រឿង​នេះ។​

​កាលពី​ថ្ងៃ​ម្សិលមិញ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅ​លោកស្រី ថាក់ ឡានី ទៅ​បំភ្លឺ​ជា​លើក​ទី​២ ក្រោយ​ពី​លោកស្រី​ខកខាន​មិន​បាន​បង្ហាញ​ខ្លួន​តាម​ដីកាកោះ​ជា​លើក​ទី​១។ តែ​យ៉ាង​ណា លោកស្រី​នៅ​តែ​មិន​បាន​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះហៅ​លើក​ទី​២​នេះ​ទេ។​

​លោក សំ សុគង់ មេធាវី​ការពារ​ក្តី​ឲ្យ​លោកស្រី​ ថាក់ ឡានី ដែល​បាន​ចូល​ខ្លួន​ទៅ​តុលាការ​ជា​តំណាង​លោកស្រី បាន​ថ្លែង​ថា មូល​ហេតុ​ដែល​លោកស្រី​មិន​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ដីកាកោះ​របស់​ព្រះរាជអាជ្ញា​រង ដោយសារ​តែ​លោកស្រី​ជា​សមាជិក​ព្រឹទ្ធសភា​ ដែល​មាន​អភ័យឯកសិទ្ធិ ហើយ​ក្នុង​ដំណាក់​កាល​នេះ ស្ថិត​ក្នុង​នីតិវិធី​ស៊ើបអង្កេត ពុំ​មែន​ជា​បទ​ល្មើស​ជាក់​ស្តែង​ឡើយ។ លោក​បន្ត​ថា លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​អញ្ញត្រកម្ម ឬ​ស្នើ​សុំ​បង្អង់​នីតិវិធី​ក្នុង​ការ​ស៊ើប​អង្កេត ទៅ​កាន់​តុលាការ ដើម្បី​រង់ចាំ​ព្រឹទ្ធសភា​ ដក ឬ​ព្យួរ​អភ័យឯកសិទ្ធិ។​

​លោក​មេធាវី បាន​បញ្ជាក់​ថា៖ «លោកស្រី​ [ថាក់ ឡានី]​ នឹង​ពិចារណា​រក​លទ្ធភាព​ក្នុង​ការ​ចូល​ទៅ​បំភ្លឺ នៅ​ពេល​ណា​ដែល​ព្រឹទ្ធសភា បាន​ដក​ ឬ​ព្យួរ​អភ័យឯកសិទ្ធិ​របស់​គាត់​ទៅ​តាម​នីតិវិធី​ច្បាប់​ហើយ»។​

​ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បាន​បដិសេធ​លើ​ពាក្យ​ស្នើ​សុំ​អញ្ញត្រកម្ម ស្ដីពី​ការ​បង្អង់​នីតិវិធី​នៃ​ការ​កោះ​ហៅ ឬ​ការ​សួរចម្លើយ ឬ​ការ​ស៊ើបអង្កេត​បឋម​របស់​មេធាវី​លោកស្រី ថាក់ ឡានី ដោយ​មូលហេតុ​មិន​មាន​មូលដ្ឋាន​គតិយុត្តិ​គ្រប់គ្រាន់​តាម​បញ្ញត្តិ​នីតិវិធី​ព្រហ្មទណ្ឌ និង​ច្បាប់​ដែល​ពាក់ព័ន្ធ។

លោក​ថា៖ «យើង​នឹង​សម្រេច​បន្ត​ចំណាត់​ការ​ស៊ើបអង្កេត​រឿង​ក្តី​នេះ​ទៀត ដោយ​ពិនិត្យ​លើ​ពាក្យ​បណ្តឹង ភស្តុតាង និង​សាក្សី​ដែល​មាន​ប្រយោជន៍​ដល់​ចំណាត់​ការ​រឿង​ក្តី​នេះ។​

​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅ​លោកស្រី ថាក់ ឡានី និង​លោក​ សម រង្សុី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូល​បំភ្លឺ​ជា​បន្តបន្ទាប់ ជុំវិញ​ពាក្យ​បណ្តឹង​របស់​មេធាវី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ករណី​ដែល​អ្នក​ទាំង​ពីរ​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋមន្ត្រី ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​បាញ់​សម្លាប់​អ្នក​ស្រាវជ្រាវ​ឯករាជ្យ លោក​បណ្ឌិត កែម ឡី។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​មេធាវី​តំណាង បាន​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​ពី​អ្នក​ទាំង​ពីរ ក្នុង​ម្នាក់ ១០០​រៀល។ ប៉ុន្តែ​កន្លង​មក លោកស្រី​ ថាក់ ឡានី ធ្លាប់​បាន​បដិសេធ​ថា លោកស្រី​មិន​បាន​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋមន្ត្រី​នោះ​ទេ។​ ចំណែក​លោក​ សម រង្សុី ត្រូវ​បាន​សាលា​ដំបូង ​កោះហៅ​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៩​ ខេ​សីហា ​ស្អែក​នេះ៕

No comments:

Post a Comment