តាំង វីដា
![]() |
លោក អ៊ុំ សំអាន ពេលបញ្ជូនមកបើកសវនាការសុំនៅក្រៅឃុំ។ រូបថត ម៉ៃ វីរៈ |
ភ្នំពេញ៖(ខ្មែរថាមស៍)តុលាការកំពូលកាលពីម្សិលមិញបានសម្រេចច្រានចោលបណ្តឹងសុំនៅក្រៅរបស់លោកអ៊ុំសំអានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដោយបដិសេធពិចារណាលើការសំអាងពីអភ័យឯកសិទ្ធិសភានិងបារម្ភថា តំណាងរាស្ត្ររូបនេះ អាចនឹងបង្កចលាចលក្នុងសង្គម ប្រសិនបើអនុញ្ញាតឲ្យនៅក្រៅឃុំ។
លោក អ៊ុំ សំអាន តំណាងគណបក្សប្រឆាំង ដែលសកម្មនឹងរឿងបញ្ហាព្រំដែនកម្ពុជា-វៀតណាម រងចោទពាក់ព័ន្ធនឹងរឿងប្រើប្រាស់ផែនទីក្លែងក្លាយ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទញុះញង់ឲ្យមានការរើសអើងតាមមាត្រា ៤៩៥ និង៤៩៦នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥ និងរហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។
ដោយអវត្តមានលោក អ៊ុំ សំអាន ក្នុងសវនាការកាលថ្ងៃទី១៧ ខែសីហា ចៅក្រមតុលាការកំពូល លោក សេង នាង បានប្រកាសតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការ និងសម្រេចបន្តឃុំខ្លួនលោក អ៊ុំ សំអាន នៅពន្ធនាគាររង់ចាំថ្ងៃបើកសវនាការជាសាធារណៈនៅសាលាដំបូងរាជធានីភ្នំពេញ វិញ។ លោក សេង នាង បានឲ្យដឹងដែរថា តុលាការកំពូល ពុំមានសិទ្ធិអំណាចពិចារណាទៅលើអង្គហេតុ ដែលក្រុមមេធាវីការពារថា ការឃុំខ្លួនលោក អ៊ុំ សំអាន ទាំងមានអភ័យឯកសិទ្ធិសភា បានរំលោភរដ្ឋធម្មនុញ្ញនោះទេ។
ក្រោយសវនាការ លោក ហែង សុជាតិ មេធាវីការពារសិទ្ធិលោក អ៊ុំ សំអាន បានបង្ហាញការខកចិត្ត ទៅនឹងសេចក្តីសម្រេចនេះ ដោយថា ភាពអយុត្តិធម៌នៅបន្តកើតមានទៅលើកូនក្ដីលោក បើទោះបីក្រុមមេធាវី បានប្រឹងប្រែងបង្ហាញអង្គហេតុ និងអង្គច្បាប់ប្រាប់ចៅក្រមថា ការបន្តឃុំខ្លួនលោក អ៊ុំ សំអាន ក្នុងនាមជាតំណាងរាស្ត្រ គឺជាការបំពានច្បាប់ក្តី។
លោកថា៖ «អ្វីដែលសភាស៊ើបសួរសាលាឧទ្ធរណ៍ ក៏ដូចជាតុលាការកំពូល បញ្ជាក់ថា ខ្លួនអត់មានសមត្ថកិច្ចពិចារណា សិទ្ធិតំណាងរាស្ត្រនោះ ខ្ញុំគិតថា គឺជារឿងមិនត្រឹមត្រូវទេ ពីព្រោះទាំងតុលាការកំពូល ទាំងសភាស៊ើបសួរសាលាឧទ្ធរណ៍ គឺខ្លួនមានសិទ្ធិពិនិត្យរាល់និយតកម្ម រាល់នីតិវិធីទាំងអស់ ពីព្រោះតុលាការថ្នាក់លើ មានតួនាទីសម្រាប់ត្រួតពិនិត្យ ពីភាពមិនត្រឹមត្រូវរបស់តុលាការថ្នាក់ក្រោម»។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ការឃាត់ខ្លួនតំណាងរាស្ត្រលោក អ៊ុំ សំអាន គឺត្រឹមត្រូវតាមនីតិវិធីច្បាប់ចំពោះករណីព្រហ្មទណ្ឌជាក់ស្តែង ដែលឋិតនៅក្នុងបន្ទុក នៃការញុះញង់ ធ្វើឲ្យមានភាពស្មុគស្មាញ និងជម្លោះជាមួយប្រទេសជិតខាងដែលប្រឆាំង នឹងរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា។ ប៉ុន្តែការអះអាងនេះ កន្លងមក ត្រូវបានអង្គការសង្គមស៊ីវិល និងគណបក្សសង្គ្រោះជាតិ ចាត់ទុកថា ជាការរំលោភលើរដ្ឋធម្មនុញ្ញ ការធ ្វើឲ្យសេរីភាពបញ្ចេញមតិ និងលទ្ធិប្រជាធិបតេយ្យ៕
No comments:
Post a Comment