និពន្ធដោយ:ម៉ៅ សុផា

ភ្នំពេញ៖ ចាប់តាំងពីក្រសួងមហាផ្ទៃបង្កើតអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅពាក់កណ្តាលឆ្នាំ២០១៤មក សមត្ថកិច្ច ពុំទាន់រកឃើញអាជ្ញាធរមូលដ្ឋានណាម្នាក់ ដែលផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ជនបរទេសខុសច្បាប់នោះទេ។ នេះបើតាមការអះអាងរបស់មន្ត្រីផ្នែកអត្តសញ្ញាណប័ណ្ណ នៃក្រសួងមហាផ្ទៃ។
ប្រធាននាយកដ្ឋាន ទទួលបន្ទុកផ្នែកអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃលោក ឃាង សុគន្ធាបានលើកឡើងថា លោក មិនដែលទទួលបានព័ត៌មានណាមួយ ជុំវិញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ជនបរទេស ដែលគ្មានព្រះរាជក្រឹត្យពីព្រះមហាក្សត្រនោះទេ។ លោក ឃាង សុគន្ធា ក៏ធ្លាប់ឮការតវ៉ាពីប្រជាពលរដ្ឋ ចំពោះអាជ្ញាធរមូលដ្ឋាន ដែលទទួលសំណូក ឬផលប្រយោជន៍អ្វីមួយពីជនបរទេស ហើយក៏ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ជនបរទេសខុសច្បាប់មិនបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ទាំងនោះដែរ។ ហើយខាងសមត្ថកិច្ចកំពុងតែខិតខំស្រាវជ្រាវរក មុខសញ្ញា នៃការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយខុសប្រក្រតីនេះ។ «រហូតមកដល់ពេលនេះ ខ្ញុំ ក៏មិនទាន់បានទទួលព័ត៌មាននេះនៅឡើយទេ»។ នេះជាការបញ្ជាក់លោក ឃាង សុគន្ធា។
បើតាមលោក ឃាង សុគន្ធា ខាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មលោក បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាជនបរទេសខុសច្បាប់ ដែលមិនមែនជាសញ្ជាតិខ្មែរនេះ។ ហើយស្ថាប័នលោក ក៏បានសហការគ្នាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីដោះស្រាយរួមគ្នា លើបញ្ហាដែលជនបរទេស ទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយគ្មានឯកសារគ្រប់គ្រាន់ផងដែរ។
ប្រធាននាយកដ្ឋាន ទទួលបន្ទុកផ្នែកអត្តសញ្ញាណកម្មរូបនេះ បានបញ្ជាក់ដូច្នេះថា៖« យើងផ្តោតអារម្មណ៍លើ ពួកគាត់(ជនបរទេស) ដែលមិនមែនជាសញ្ជាតិខ្មែរ ហើយការងារនេះ គឺជាការងារមួយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ផងដែរ ហើយកន្លងមក យើងបានដឹងទាំងអស់គ្នាថា អគ្គនាយដ្ឋានអន្តោប្រវេសន៍ កំពុងធ្វើការងារហ្នឹងដែរ។ដូចនេះដើម្បីឲ្យដឹងថាគាត់ជាជនជាតិបរទេសដែលកាន់ឯកសារខ្មែរនោះ គឺគាត់ (អគ្គនាយកដ្ឋានអន្តោប្រវេសន៍) បានរឹតបន្តឹង»។
មាត្រា៧នៃច្បាប់ស្តីពីសញ្ជាតិឆ្នាំ១៩៩៦ បានចែកថា ជនបរទេសដែលអាចសុំចូលសញ្ជាតិខ្មែរបាន ត្រូវបំពេញលក្ខខណ្ឌមួយចំនួន រួមាន៖«១.មានលិខិតបញ្ជាក់ថា មានគំនិត មារយាទ និងសីលធម៌ល្អ ដែលចេញដោយមេឃុំ ឬចៅសង្កាត់។ ២. មានលិខិតថ្កោលទោសបញ្ជាក់ថា ពុំដែលមានទោសពីបទព្រហ្មទណ្ឌណាមួយ។ ៣. មានលិខិតបញ្ជាក់ថា ជននោះមានទីលំនៅក្នុងប្រទេសកម្ពុជា ហើយស្នាក់នៅជាប់ចំនួន៧ឆ្នាំ ដោយគិតពីថ្ងៃដែលទទួលបានប័ណ្ណស្នាក់នៅ ដែលចេញឲ្យក្នុងក្របខណ្ឌនៃច្បាប់ស្តីពីអន្តោប្រវេសន៍។ ៤. មានទីលំនៅក្នុប្រទេសកម្ពុជា នៅពេលដាក់ពាក្យសុំសញ្ជាតូបនីយកម្ម។ ៥. ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងប្រវត្តិសាស្ត្រខ្មែរខ្លះៗ។ ៦. មានបញ្ញានិងសម្បទា ដែលមិននាំឲ្យមានគ្រោះថ្នាក់ឬនាំឲ្យមានបនន្ទុកដល់ជាតិ»។
លើសពីនេះ មាត្រា១៦ នៃច្បាប់ស្តីពីសញ្ជាតិដដែល បានចែងយ៉ាងច្បាស់ថា៖«សញ្ជាតូបនីយកម្ម ដែលផ្តល់ចំពោះជនណាម្នាក់ ត្រូវសម្រេចដោយព្រះរាជក្រឹត្យ។ បែបបទនិងនីតិវិធីនៃការសុំសញ្ជាតូបនីយកម្ម ត្រូវកំណត់ដោយអនុក្រឹត្យ»។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនអន្តោប្រវេសន៍ចំនួន ២៥ សញ្ជាតិ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា មានចំនួនសរុប ១៦០ ៨៧២ នាក់ ស្មើនឹង ៤៦,៥១៦ គ្រួសារ ដោយក្នុងនោះមានជនជាតិតិវៀតណាម ៩៩.៤៩ ភាគរយ ឬស្មើនឹងប្រមាណ ១៦០,០០០ នាក់។ ចំនួនអន្តោប្រវេសន៍វៀតណាមជាង១៦ម៉ឺននាក់ ដែលបានរកឃើញនេះ គឺជាស្ថិតិនៃការធ្វើជំរឿនជនអន្តោប្រវេសន៍នៅកម្ពុជាទូទាំងរាជធានី ខេត្ត របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងរយៈពេលជាងមួយឆ្នាំកន្លះមកនេះ។
គួរកត់សម្គាល់ថា បញ្ហាខាងលើ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន រួមទាំងក្រុមសង្គមស៊ីវិល ខ្វល់ខ្វាយយ៉ាងខ្លាំង ហើយក៏ធ្លាប់ប្រតិកម្ម ចំពោះជនបរទេសជាច្រើន ដែលកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ យកទៅចុះឈ្មោះបោះឆ្នោត និងប្រើប្រាស់ក្នុងប្រទេសកម្ពុជា ខណៈដែលពួកគេ មិនទាន់ក្លាយជាពលរដ្ឋកម្ពុជា តាមរយៈសញ្ជាតូបនីយកម្មនោះ៕
No comments:
Post a Comment