Friday, August 26, 2016

ជនជាតិ​កូរ៉េ​២​នាក់​ទៀត បាន​លង់ទឹក​សមុទ្រ​ស្លាប់​នៅ​ខេត្ត​ព្រះសីហនុ

ថ្មី​ៗ



​ព្រះសីហនុ ៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា​នេះ មាន​ជនជាតិ​កូរ៉េ​២​នាក់​ទៀតហើយ ដែល​បាន​លង់ទឹក​ស្លាប់ នៅ​ឆ្នេរសមុទ្រ​អូរត្រេះ​២ ស្ថិតនៅ​ក្នុងភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។ ជនជាតិ​កូរ៉េ​ចំនួន​២​នាក់​នោះ គឺជា​ឪពុក​និង​កូន ដោយ​ម្នាក់​អាយុ​៤០​ឆ្នាំ និង​ក្មេងប្រុស​អាយុ​៤​ឆ្នាំ បាន​លង់ទឹក​ស្លាប់​ទាំង​២​នាក់ ។ កម្លាំង​ជំនាញ​បាន​ពិនិត្យ​សាកសព​នៅ​កន្លែង​ហេតុ ។​

លោក តាំង សុ​ចិត្ត​គ្រឹះ​ស្នា ប្រធាន​មន្ទី​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បានបញ្ជាក់​ប្រាប់​សារព័ត៌មានថ្មីៗថា មូល​ហេតុដែល​ជនជាតិ​កូរ៉េ​ទាំងពីរ​នាក់ លង់ទឹក​ស្លាប់​នោះ​ដោយសារតែ​ឪពុក និង​កូន​នោះ បាន​ជិះ​លើ​ពោង ដែល​បាន​អណ្ដែត​ឆ្ងាយ​នៅលើ​ផ្ទៃសមុទ្រ ហើយក៏​ត្រូវ​ក្រឡាប់​ពោង​ទើប​បណ្ដា​ឲ្យ​លង់ទឹក​ស្លាប់​ទាំងពីរ​នាក់។

កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ទឹករលក​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​តំបន់ឆ្នេរ​អូ​ឈើទាល បាន​ឆក់យក​ជីវិត​បុរស​ម្នាក់​មកពី​ខេត្តកំពង់ចាម​ដែល​ទៅ​កម្សាន្ត​នៅ​ក្រុងព្រះសីហនុ​។ ហើយ​មួយថ្ងៃ​បន្ទាប់ មាន​បុរស​ម្នាក់ទៀត​បាន​លង់ទឹក​សមុទ្រ​នៅ​តំបន់ឆ្នេរ​អូ​ឈើទាល​ខេត្ត​ព្រះសីហនុ តែ​មិន​បណ្តាល​ឲ្យ​បាត់​បង់ជីវិត​ទេ​។​

​កាលពី​ថ្ងៃទី​២០ សីហា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ អំពាវនាវ​ពលរដ្ឋ​ដែល​រស់នៅ​ជាប់​តំបន់ឆ្នេរ​សមុទ្រ ទាំង​អ្នក​ប្រកប​អាជីវកម្ម មុខរបរ​នេសាទ​ខ្នាតតូច ខ្នាត​ធំ ត្រូវ​ផ្អាក​អា​ជីក​ម្ម​និង​ការធ្វើដំណើរ​លើ​ផ្ទៃសមុទ្រ ជា​បណ្ដោះអាសន្ន ដោយ​រង់ចាំ​អាកាសធាតុ​វិល​មករក​ភាព​ដើម​វិញ​។ ចំណែក​ម្ចាស់​អាជីវ​កម្មជួល​យានយន្ត ដឹក​ភ្ញៀវ​ទេសចរណ៍ ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​ពី​បញ្ហា​អាកាសធាតុ លើ​ផ្ទៃសមុទ្រ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស មិន​ផ្ទុក​លើស​ចំណុះ ហើយ​ក្នុងករណី​មាន​ខ្យល់​បក​ក​ន្ទ្រា​ក់ ត្រូវ​ផ្អាក​ការចេញដំណើរ​ជា​បណ្ដោះអាសន្ន​។

​ដោយឡែក​ម្ចាស់​អាជីវកម្ម​តាម​ឆ្នេរសមុទ្រ និង​តាម​បណ្ដា​កោះ ត្រូវ​ចូលរួម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច និង​ជួយ​ផ្សព្វផ្សាយ​ណែនាំ ពន្យល់​ទៅ​ភ្ញៀវទេសចរ ដែល​មក​ទៅលេង​កម្សាន្ត​ដើម្បី​បង្កើន​ការប្រុងប្រយ័ត្ន ជៀសវាង​ការកើតមាន​បញ្ហា​។ ហើយ​អាជ្ញាធរ​ក៏បាន​ដាក់​ក្រុម​ជួយសង្គ្រោះ រងចាំ​ជួយសង្គ្រោះ​ភ្ញៀវ​ទេសចរណ៍​ដែល​ទៅលេង​កម្សាន្ត​ទីនោះ​ផងដែរ​។​

​តែ​យ៉ាងណា​ការគ្រោះថ្នាក់​ផ្ទួនៗ បានធ្វើ​ឲ្យ​មាន​ក្តីបារម្ភ​ថា ចំនួន​ភ្ញៀវ​ទេចរ​នៅ​ក្រុងព្រះសីហនុ​អាច​នឹង​ថយចុះ​នាពេលខាងមុខ ប្រសិនបើ​គ្មាន​វិធានការ​ហ្មត់ចត់​ស្តារ​ទំនុកចិត្ត​ភ្លាមៗ​នោះទេ​។​

No comments:

Post a Comment