ដោយ សេក បណ្ឌិត
![]() |
កម្មកររោងចក្រ ធាន ធាន ប្រមូលផ្ដុំនៅមុខរោងចក្រ នាឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ទាមទារទូទាត់ប្រាក់ខែ ដោយសារថៅកែរត់ចោលជិត ៦ខែ កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦។ |
ស្តាប់សំលេង
ក្រុមសហជីពបារម្ភពីអនាគតនៃវិស័យកាត់ដេរសំលៀកបំពាក់នៅកម្ពុជា ដោយសារតែការបិទរោងចក្រកាត់ដេរក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ មានសន្ទុះកើនឡើង។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទទួលស្គាល់ពីការកើនឡើងនៃការបិទរោងចក្រ ប៉ុន្តែអះអាងថា មិនប៉ះពាល់ដល់ដំណើរការនៃឧស្សាហកម្មនេះឡើយ។
សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា រកឃើញថា រោងចក្រកាត់ដេរប្រមាណ ១៥ បានបិទទ្វារគិតមកត្រឹមពាក់កណ្ដាលឆ្នាំ២០១៦ នេះ។ កាលពីឆ្នាំ២០១៥ កន្លងទៅ សហជីពនេះរកឃើញថា មានរោងចក្រប្រមាណ២០ បានបិទទ្វារ។
ទីប្រឹក្សាសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី ពន្យល់ថា ការបិទរោងចក្រនេះមិនមែនដោយសារថៅកែរកស៊ីខាតនោះទេ គឺអាចដោយសារថៅកែដដែលនោះ ទៅបើករោងចក្រថ្មីដើម្បីគេចវេះពីការទទួលខុសត្រូវសងថ្លៃអតីតភាពកម្មករ។
លោកបន្តថា បញ្ហានេះនឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់កម្មករវ័យចំណាស់ដែលពួកគាត់ពិបាកនឹងទៅរកការងារថ្មីបាន និងមួយផ្នែកទៀតជំរុញឲ្យមានកំណើននៃពលករចំណាកស្រុក៖ «នៅពេលរោងចក្របិទគាត់ទៅរកការងារនៅរោងចក្រថ្មីទៀត គេអត់យកគាត់ទេ ធ្វើឲ្យគាត់បាត់បង់ការងារ បាត់បង់ប្រាក់ចំណូល»។
អង្គការសង្គមស៊ីវិលដទៃទៀតក៏មើលឃើញនូវទិដ្ឋភាពបិទរោងចក្រ និងបញ្ហាប្រឈមស្រដៀងគ្នានេះដែរ។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា។ លោកអង្កេតឃើញរោងចក្របិទច្រើន តែចំនួនកម្មករ និងផលិតផលនាំចេញមិនធ្លាក់ចុះឡើយ។ ករណីផ្សេងមួយទៀត គឺរោងចក្រខ្លះគ្រាន់តែប្ដូរឈ្មោះ និងខ្លះទៀតបានប្ដូរទីតាំងថ្មីប៉ុណ្ណោះ៖ «រោងចក្រថ្មីហ្នឹងទទួលបានការអនុគ្រោះពន្ធនាំចូលវត្ថុធាតុដើម ហើយរោងចក្រនោះបានប្រែក្លាយកិច្ចសន្យាការងារ ជួនកាលគាត់អត់បានផ្ដល់ប្រាក់អតីតភាពការងារកាលនៅរោងចក្រចាស់ឲ្យស្របតាមច្បាប់នោះទេ»។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ មានប្រសាសន៍កាលពីថ្ងៃទី១៨ ខែសីហា ដោយទទួលស្គាល់ថា មានរោងចក្របានបិទជាបន្តបន្ទាប់ តែមិនប៉ះពាល់ដល់ដំណើរការនៃសែសង្វាក់ផលិតកម្ម ឬផលិតផលនាំចេញដែលនាំឲ្យមានក្តីព្រួយបារម្ភនោះទេ។
លោកបានផ្ដល់នូវហេតុផលផ្សេងជុំវិញរឿងនេះ គឺដោយសារការប្រែប្រួលនៃចរន្ត និងតម្រូវការទីផ្សារ ព្រមទាំងការស្វែងរកឱកាសថ្មីរបស់អ្នកវិនិយោគទៅលើប្រទេសក្នុងតំបន់ដទៃទៀតដែលអាចមានសក្ដានុពលលើការវិនិយោគច្រើនជាងកម្ពុជា៖ «យើងត្រូវទទួលស្គាល់ថា អ្នកវិនិយោគគាត់តែងតែងាកទៅរកផលិតផលថ្មីដោយផ្អែកទៅលើលទ្ធភាពនៃប្រាក់ចំណេញ និងកត្តាផ្សេងទៀតនៅក្នុងតំបន់ ជាពិសេសនៅប្រទេសភូមា ដែលសម្បូរកម្លាំងពលកម្ម និងប្រាក់ឈ្នួលនៅទាប»។
ទោះបីជាយ៉ាងណាក្តី លោកថា រដ្ឋាភិបាលព្យាយាមដោះស្រាយបញ្ហាប្រឈមទាំងនេះឲ្យនៅទាបបំផុត និងព្យាយាមចរចាជាមួយប្រទេសមួយចំនួននៅលើពិភពលោក សុំគេបើកទីផ្សារឲ្យទូលាយសម្រាប់ផលិតផលនាំចេញពីប្រទេសកម្ពុជា ជាពិសេសចំពោះផលិតផលថ្មីៗ។
របាយការណ៍ដែលបង្ហាញដោយមន្ត្រីជាន់ខ្ពស់ក្រសួងការងារថ្មីៗនេះ ឲ្យដឹងថា កម្ពុជាមានរោងចក្រជាង ៦០០ ក្នុងនោះរោងចក្រដែលទើបបង្កើតថ្មីមានចំនួន ៥៧រោងចក្រ និងមានកម្មករបម្រើការងារក្នុងវិស័យនេះមានជាងមួយលាននាក់៕
No comments:
Post a Comment