Friday, August 19, 2016

តុលាការ​សម្រេច​ឃុំ​ខ្លួន​សកម្មជន​បឹង​កក់​ពីរនាក់​ក្នុង​​យុទ្ធនាការ​ពណ៌​ខ្មៅ​

Khmer Times
តាំង វីដា

ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​ឈរ​នៅខាងមុខ​តុលាការដើម្បី​ទាមទារ​ឲ្យ​ដោះលែងសកម្មជន​ពីរនាក់​ដែលសមត្ថកិច្ចឃាត់​ខ្លួន​ករណី​យុទ្ធនាការ​ថ្ងៃចន្ទពណ៌ខ្មៅ។ ជរ សុគន្ធា​

ភ្នំពេញ៖(ខ្មែរថាមស៍)សាលា​ដំបូង​រាជធានី​ភ្នំពេញកាល​ពី​ម្សិលមិញ បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​សកម្មជន​ដីធ្លី​បឹងកក់ ​២​នាក់ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ និង​បាន​សម្រេច​ឃុំ​ខ្លួន​ពួកគេ​នៅ​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន រង់ចាំ​បង្ក​ការ​ជំនុំជម្រះ​នៅ​សបា្តហ៍​ក្រោយ ចំណែក​ស្ត្រី​ជនជាតិ​អេស្ប៉ាញ ដែល​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​សួរនាំ​ពាក់ព័ន្ធ​នឹង​រឿង​នេះ ត្រូវ​បាន​បញ្ជូន​ត្រលប់​ទៅ​ប្រទេស​វិញ។​

​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ ​២​នាក់ មាន​អ្នកស្រី ទេព វន្នី និង​អ្នកស្រី បូវ សោភា ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ឃាត់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​សីហា ខណៈ​ពួក​គេ និង​ពលរដ្ឋ​មួយ​ចំនួន​ទៀត កំពុង​ធ្វើ​សកម្មភាព​ក្នុង​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ក្នុង​គោលការណ៍​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​រំលោភ​សិទ្ធិមនុស្ស និង​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស និង​នយោបាយ។ ក្នុង​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ សបា្តហ៍​ទី​១៥​នេះ ពួកគេ​បាន​ប្រមូល​ផ្តុំ​គ្នា​សម្ដែង​មតិ និង​ធ្វើ​រូប​ត្លុក​ជា​មនុស្ស ​៤​នាក់ ដោយ​សរសេរ​ថា មន្ត្រី​ពុក​រលួយ តុលាការ ជួប​សម្លាប់ អ្នក​បញ្ជា​សម្លាប់ និង​ឃាតករ និង​បាន​កប់​រូប​ទាំង​នោះ ក្នុង​រណ្តៅ​ផង​ដែរ។​

​សកម្មជន​ទាំង​ពីរ​នាក់​នេះ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ទីបញ្ជាការ​ខណ្ឌ និង​ត្រូវ​បាន​បញ្ជូន​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហា។​

អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​សួរនាំ​របស់​អយ្យការ លោក​ចៅក្រម ពេជ្រ វិជ្ជាធរ បាន​បើក​សវនាការ​ជំនុំជម្រះ លើ​ជន​ជាប់​ចោទ​ទាំង​ពីរ តាម​នីតិវិធី​បង្គាប់​ឲ្យ​បង្ហាញ​ខ្លួន​ភ្លាម ដែល​ជាប់​ចោទ​ពី​បទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បញ្ញត្តិ​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។ លោក​បាន​បន្ត​ថា បន្ទាប់​ពី​ដំណើរ​ការ​សវនាការ ចៅក្រម​ជំនុំជម្រះ ក៏​បាន​សម្រេច​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ទាំង​២​រូប ដើម្បី​បន្ត​សវនាការ​នៅ​ថ្ងៃ​ចន្ទ ទី​២២ ខែ​សីហា ឆ្នាំ​២០១៦ ពេល​ព្រឹក។​

​មេធាវី​ការពារ​សិទ្ធិ​ស្ត្រី​បឹងកក់​ ទាំង​ពីរ​រូប មិន​អាច​ទាក់ទង​បាន​ទេ​។ អ្នកស្រី ទេព វន្នី និង​អ្នកស្រី បូវ សោភា ត្រូវ​​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ជា​ច្រើន​ដង និង​រង​ចោទ រហូត​ដល់​ជាប់​ពន្ធនាគារ​រយៈពេល​ខ្លី​ម្តង​រួច​ហើយ កាល​ពី​ឆ្នាំ​មុន។​

កាល​ពី​ថ្ងៃ​អង្គារ ស្ត្រី​ជនជាតិ​អេស្ប៉ាញ​ម្នាក់ មាន​ឈ្មោះ Marga Bujosa Segado ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​សួរនាំ​អស់​ពេញ​មួយ​ថ្ងៃ​ផង​ដែរ។​

​លោក អ៊ុក ហៃសីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច បាន​សម្រេច​បញ្ជូន​ស្ត្រី​ជនជាតិ​អេស្ប៉ាញ​ រូប​នេះ ត្រលប់​ទៅ​ប្រទេស​កំណើត​វិញ នៅ​យប់​ម្សិលមិញ បន្ទាប់​ពី​រក​ឃើញ​ថា នាង​មក​បំពេញ​ការងារ​នៅ​ប្រទេស​កម្ពុជា ដោយ​មិន​មាន​សៀវភៅ​ការងារ គេចវេស​ពី​ការ​បង់ពន្ធ និង​បាន​ចូលរួម​ការ​តវ៉ា​របស់​អ្នក​ជម្លោះ​ដីធ្លី​ជា​ញឹកញាប់។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំ​ពាក្យ​​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​អាជ្ញាធរ​កម្ពុជា ហាម​ឃាត់ និង​ឃាត់​ខ្លួន​សកម្មជន ដែល​ធ្វើ​សកម្មភាព​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ គឺ​មិន​មាន​អ្វី​ប្លែក​នោះ​ទេ ដោយសារ​តែ​អ្នក​ទាំង​នោះ ជា​ក្រុម​ប្រឆាំង​ដែល​មាន​សកម្មភាព​ជា​ប្រព័ន្ធ ទទួល​កម្រៃ​ពី​ភ្នាក់ងារ​បរទេស ហើយ​ជន​បរទេស​បាន​ប្រើប្រាស់​កម្ពុជា ជា​សមរភូមិ​ចលនា​សកម្មជន​ប្រឆាំង​នឹង​រដ្ឋ​អំណាច មិន​ត្រឹម​តែ ទៅ​ប្រតិបត្តិការ​នៅ​ក្នុង​កម្ពុជា ​ទេ ក៏ប៉ុន្តែ​នៅ​ក្នុង​តំបន់​អាស៊ាន​ ក៏​ដូច​ជា​ក្នុង​តំបន់​ដទៃ​ទៀត។

​លោក​ថា៖ «ខ្ញុំ​សង្កេត​ឃើញ​ជន​បរទេស​មួយ​ចំនួន​ក៏​ក្លែងបន្លំ​អត្តសញ្ញាណ​ជា​ភ្ញៀវ​ទេសចរ អ្នក​សិក្សា​ស្រាវជ្រាវ ឬក៏​ដទៃ​ទៀត ដើម្បី​យក​ឱកាស​គ្រប់គ្រង និង​វាយ​តម្លៃ​នៃ​កិច្ច​ប្រតិបត្តិការ​​របស់​ខ្លួន។​ នៅ​ពេល​មាន​សកម្មភាព​តវ៉ា​ក្រុម​នោះ តែងតែ​យក​មនុស្ស​ដែល​ងាយ​រង​គ្រោះ ធ្វើ​ជា​រនាំង និង​ជា​ខែល ដើម្បី​យក​លេស​ដាក់​បន្ទុក​ទៅ​លើ​សមត្ថកិច្ច​បង្ក្រាប​ស្ត្រី​ចាស់ ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ»៕

No comments:

Post a Comment