Friday, August 19, 2016

លោក​នាយក​រដ្ឋមន្ត្រី ហាម​ដាច់​ខាត​មិន​ឲ្យ​ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​ជួល​ដី​ឲ្យ​ប្រជាជន​វៀតណាម​

Khmer Times
ម៉ៃ​ ទិត្យថារ៉ា

លោក នាយករដ្ឋ​មន្ត្រី​ចុះ​ជួប​និង​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​តាកែវ​កាល​ពីថ្ងៃម្សិលមិញ។ រូបថត ហ្វេសប៊ុក​

ភ្នំពេញ៖(ខ្មែរថាមស៍)លោក​នាយក​រដ្ឋមន្ត្រីហ៊ុនសែន​បាន​អំពាវនាវ​ជា​សាធារណៈ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ដែល​រស់នៅ​តាម​បណ្តា​ខេត្ត​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​វៀតណាមហាម​ដាច់​ខាត​មិន​ឲ្យ​ជួល​ដី​ទៅ​ឲ្យ​ប្រជាជន​វៀតណាម ​និង​ស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​រៀបចំ​បោះ​បង្គោល​ព្រំដែន​ឲ្យ​បាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​

​ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​ចុះពិនិត្យ​សមិទ្ធផល​ជាតិនិង​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការនិង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅ​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា លោក​នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​សារ​បង្ហោះ​នៅ​លើ​គេហទំព័រ​ Facebook របស់​លោក​ថា ខេត្ត​តាកែវ​ ជាប់​ព្រំដែន​វៀតណាម ដូច្នេះ​អាជ្ញាធរ​ខេត្ត​ត្រូវ​បង្កើន​ទំនាក់ទំនង​សហ​ប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ណែនាំ​ប្រជាពលរដ្ឋ​ទាំង​សងខាង​ឲ្យ​ចេះ​យោគយល់​គ្នា។​

​លោក​នាយក​រដ្ឋមន្ត្រី​ថា៖ «ហាម​ដាច់​ខាត​ការ​ជួល​ដី​ឲ្យ​ប្រជាជន​វៀតណាម។ នេះ​មិន​មែន​សម្រាប់​តែ​ខេត្ត​តាកែវ​ មួយ​ទេ គឺ​សម្រាប់​ខេត្ត​ទាំង​អស់​ដែល​មាន​ព្រំប្រទល់​ជាមួយ​វៀតណាម។ចំពោះ​ការងារ​ព្រំដែនអាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​រៀបចំ​បោះ​បង្គោល​ព្រំដែន​ឲ្យ​បាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ សារាចរ​ណែនាំ​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ហាម​ពលរដ្ឋ​ខ្មែរ​ ដែល​រស់នៅ​ជាប់​ព្រំដែន​បញ្ឈប់​ការ​ជួល​ដី​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង​រួម​មាន ថៃ វៀតណាម និង​ឡាវ​ ដោយ​គូស​បញ្ជាក់​ថា​ ដី​ស្រែ​របស់​ខ្មែរ​ មួយ​ចំនួន​ពុំ​ទាន់​មាន​រៀបចំ​ឯកសារ​គតិយុត្តិ ឬ​កិច្ច​សន្យា​ជួល​ត្រឹម​ត្រូវ​ជា​ពិសេស​នៅ​តំបន់​ព្រំដែន​ខ្លះ​មិន​ទាន់​កំណត់​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​នៅ​ឡើយ។​

​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ប្រាប់​ឲ្យ អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ចាត់​វិធាន​ហាមឃាត់​ជា​បន្ទាន់ ចំពោះ​ការ​ជួល ឬ​លក់​ដី​ឲ្យ​បរទេស នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​បញ្ចៀស​បញ្ហា​ព្រំដែន​នានា។ ដោយ​ចេញ​បញ្ជា​ឲ្យ អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ពិសេស​គឺ​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន ត្រូវ​ត្រួត​ពិនិត្យ និង​ហាមឃាត់ រាល់​ការ​ជួល​លក់​ដី​នៅ​តាម​ព្រំដែន​ឡើង​វិញ ដើម្បី​រក្សា​ស្ថិរភាព បូរណភាព​យូរ​អង្វែង​របស់​កម្ពុជា។

លោក​ថា៖ «បញ្ហា​ជួល​លក់​ដី​តាម​បណ្តោយ​ព្រំដែន​នេះ​យូរ​ទៅ អាច​ក្លាយ​ជា​បញ្ហា​បូរណភាព​ដែន​ដី ដោយ​ភាគី​ម្ខាង​ទៀត​អាច​អះអាង​ថា នេះ​ជា​ដី​របស់​គេ​កាន់​កាប់​យូរ​ណាស់ មក​ហើយ»។

​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ស្ដីពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​​ផ្លូវការ​របស់​ប្រមុខ​ការទូត​កម្ពុជា លោក ប្រាក់ សុខុន ទៅ​កាន់​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៦ បាន​បង្ហាញ​ថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វៀតណាម បាន​ឯកភាព​គ្នា​ពន្លឿន​ការងារ​បោះបង្គោល​ព្រំដែន​គោក​ឲ្យ​ឆាប់​ចប់​ជា​ស្ថាពរ ដើម្បី​បញ្ចប់​បញ្ហា​ចម្រូងចម្រាស។

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​តែង​តែ​សកម្ម​ក្នុង​ការ​ចុះ​ពិនិត្យ​ព្រំដែន​លោក ស៊ុន ឆ័យ បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ហើយ​ក៏​បាន​ចេញ​នូវ​សារាចរ​ណែនាំ​ហាម​ពលរដ្ឋ​ខ្មែរ​ ដែល​រស់នៅ​ជាប់​ព្រំដែន​បញ្ឈប់​ការ​ជួល​ដី​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង​រួម​មាន ថៃ វៀតណាម។ ហើយ​លោក ស ខេង ​ក៏​បាន​ចេញ​សេចក្តី​ណែនាំ​បន្ត​ផង​ដែរ តែ​មិន​ឃើញ​មាន​ប្រសិទ្ធភាព​អ្វី​នោះ​ទេ។

លោក​បាន​ថ្លែង​ថា៖ «ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​គួរ​តែ​ផ្តល់​សិទ្ធិ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ»។​

​សម្រាប់​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​លោក​បណ្ឌិត មាស នី នេះ​មិន​មែន​ជា​លើក​ទី​១​នោះ​ទេ ហើយ​រហូត​ដល់​អាជ្ញាធរ​បាន​ប្រកាស​ថា​ នឹង​បញ្ជូន​ក្រុម​ការងារ​មួយ​ដើម្បី​ស្វែង​រក​ការ​ពិត​ពី​ទំហំ​នៃ​ការ​ជួល ប៉ុន្តែ​តាំង​ពី​នោះ​មក​ក៏​ស្ងាត់​ទៅ​វិញ ចំណែក​តាម​តំបន់​ព្រំប្រទល់​ពុំ​មាន​វិធាន​ការ​អ្វី​ដែរ​គឺ​នៅ​ស្ងាត់​ដូច​មុន​ គឺ​នៅ​តែ​ជួល​ដដែល។

លោក​បាន​ថ្លែង​ថា៖ «បើ​គ្រាន់​តែ​អំពាវនាវ​អត់​មាន​ធ្វើ​អ្វី​ជាក់លាក់​នោះ​ទេ​ គឺ​នៅ​តែ​ប៉ុណ្ណឹង»។​

​លោក​បាន​ថ្លែង​ថា ការ​ជួល​នោះ​គឺ​ពិបាក​ត្រង់​ថា ប្រសិន​បើ​រឿង​នេះ​ធំ​ទៅៗ​ថ្ងៃ​ក្រោយ​ដី​ជា​ដី​របស់​ពលរដ្ឋ​ខ្មែរ​ តែ​ប្លង់​ពលរដ្ឋ​វៀតណាម ​អ្នក​កាន់​នេះ​ជា​ការ​គ្រោះ​ថ្នាក់។ ហើយ​បើ​ជួល​ដី​ត្រឹម​តែ ​១ ​ទៅ​២​ហិកតារ​វា​មិន​អី​នោះ​ទេ តែ​បើ​ជួល​រាប់​រយ​រាប់ពាន់​ហិកតារ ចូល​ដី​៣​ ទៅ​៤​គីឡូ នៅ​ពេល​មាន​វិបត្តិ​កើត​ឡើង គឺ​គេ​យក​ទ័ព​គេ​មក​ដាក់។

លោក​បាន​ថ្លែង​ថា៖ «សូម្បីតែ​គេ​ជីក​ស្រះ​លើ​ដី​យើង​ និង​ចូល​ក្នុង​តំបន់​ស​ យើង​គ្មាន​ធ្វើ​អី​គេ​ផង​ហ្នឹង ដោយសារ​តែ​កម្លាំង​យើង​វា​តិច បាន​ត្រឹម​ឈរ​មើល​គេ​ហ្នឹង»។​

​តាម​របាយការណ៍​សរុប​បឋម​របស់​ក្រសួង​មហាផ្ទៃ​ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​រស់នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-​វៀតណាម​ចំនួន ៩៥២ គ្រួសារ​បាន​ជួល​ដី​ឲ្យ​ពលរដ្ឋ​វៀតណាម ​ក្នុង​ចំណោម​ផ្ទៃ​ដី​សរុប​ទាំង​អស់ ៦៦៣១,៥៤ ហិកតារ។ ក្នុង​នោះ​ខេត្ត​តាកែវ ​មាន ២៦៣ គ្រួសារ (ទំហំ​ផ្ទៃដី ៣៤២០ ហិកតារ) ស្វាយរៀង ១៧៨ គ្រួសារ (១០៣៨ ហិកតារ) ព្រៃវែង​មាន ៣១២ គ្រួសារ (១២៩២ ហិកតារ) ក្រចេះ ២១ គ្រួសារ ( ២១៤ ហិកតារ) និង​ខេត្ត​កណ្តាល​ មាន ១៧៨ គ្រួសារ (៦៦៥,៦១ ហិកតារ)៕

No comments:

Post a Comment