Friday, August 26, 2016

កម្លាំង​សមត្ថកិច្ច​ជាង​៥​ពាន់​នាក់ នឹងត្រូវ​ពង្រាយ​ទូទាំងប្រទេស​ក្នុងពេល​ចុះឈ្មោះ​បោះឆ្នោត​

ថ្មី​ៗ
និពន្ធដោយ:ម៉ៅ សុផា



ភ្នំពេញ​៖ រាល់​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​នីមួយៗ មាន​កម្លាំង​ប៉ុស្តិ៍នគរបាល​ចំនួន​២​នាក់ ដើម្បី​ការពារ​សណ្តាប់ធ្នាប់ និង​សន្តិសុខ ក្នុងអំឡុងពេល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​។ ម្យ៉ាងទៀត កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​ចំនួន​៥​នាក់ និង​កម្លាំង​កងរាជអាវុធហត្ថ​ចំនួន​៥​នាក់​ទៀត ក៏ត្រូវ​បាន​ត្រៀម​ទុក​ផងដែរ​សម្រាប់​ការិយាល័យ​ចុះ​បោះឆ្នោត​នីមួយៗ ដើម្បី​ធ្វើ​អន្តរាគមន៍​លើ​ឧប្បទ្ទវហេតុ​ណាមួយ​។

ក្រសួងមហាផ្ទៃ បាន​បង្កើត​គណៈបញ្ជាកា​រស​និ្ត​សុខ​អចិន្ត្រៃយ៍ ដើម្បី​ត្រួតពិនិត្យ​និង​ការពារ​សណ្តាប់ធ្នាប់ ក្នុងអំឡុងពេល នៃ​ការចុះឈ្មោះ​បោះឆ្នោត​នាពេលខាងមុខ​។ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គឺជា​ប្រធាន​នៃ​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​នេះ​។ គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ ក៏បាន​បង្កើត​លេខាធិការដ្ឋាន​របស់ខ្លួន​ផងដែរ ដែលមាន​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជា​ប្រធាន ហើយ​លោក សៅ សុខា អគ្គមេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​អនុប្រធាន​។

​លោក នេ​ត សាវឿន បាន​លើកឡើងថា កម្លាំង​សមត្ថកិច្ច​ចំនួន​៥២៣៦​នាក់ នឹងត្រូវ​ដាក់​តាម​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ទាំង​១៦៣៣ នៅ​ទូទាំងប្រទេស​។ លោក នេ​ត សាវឿន បន្ថែមទៀតថា ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​មួយ មាន​កម្លាំង​ប៉ុស្តិ៍នគរបាល​ចំនួន​២​នាក់ និង​កម្លាំង​ត្រៀម​អ​ន្តា​គម​ន៍ ពី​អធិការដ្ឋាន​នគរបាល នៅតាម​ក្រុង​-​ស្រុក​-​ខណ្ឌ នីមួយៗ ចំនួន​៥​នាក់ និង​កម្លាំង​ត្រៀម​អន្តរា​គន​ម៍​ពី​បញ្ជាការដ្ឋាន​នៃ​កងរាជអាវុធហត្ថ នៅតាម​ក្រុង​-​ស្រុក​-​ខណ្ឌ​នីមួយៗ ចំនួន​៥​នាក់​។​

​អគ្គស្នងការ​នគរបាល​ជាតិ​រូបនេះ បញ្ជាក់ថា ប្រតិបត្តិការ​របស់​គ​ណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ គឺ​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព សម្រាប់​ដំណើរការ​នៃ​ការចុះឈ្មោះ​បោះឆ្នោត ឲ្យ​ប្រ​ប្រឹ​ត្ត​ទៅដោយ​រលូត​និង​គ្មាន​ការបំភិតបំភ័យ គ្មាន​ការគំរាមកំហែង និង​គ្មាន​អំពើហិង្សា​។ លោក ផ្ញើ​សារ​ទៅកាន់ ភ្នាក់ងារ​សន្តិសុខ​ទាំងអស់​ថា ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន ហើយ​ពង្រឹងសមត្ថភាព និង​ឈ្វេងយល់​ឲ្យ​បាន​ច្បាស់​អំពី​គោលការណ៍​ទាំងឡាយណា ដែល​ទាក់ទង​នឹង​ការបោះឆ្នោត ដូចជា ច្បាប់ បទបញ្ជា និង​នីតិវិធី ក្រមសីលធម៌ ផែនការ​នៃ​អន្តរ​ស្ថាប័ន រវាង​ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង គជប ជាដើម​។

​ការ​ថ្លែង​របស់លោក នេ​ត សាវឿន ខាងលើ​ធ្វើ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​នៃ​អន្តរ​ស្ថាប័ន ស្តីពី​កិច្ចការពារ​នូវ​ការចុះឈ្មោះ​បោះឆ្នោត​។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប្រធាន​គជប អគ្គស្នងការ​នគរបាល​ជាតិ អគ្គមេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តំណាង​គណបក្ស​ប្រជាជន​កម្ពុជា តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​កម្លាំង​សមត្ថកិច្ច​ជាច្រើន​ទៀត ដែលមាន​ប្រហែលជា​២០០​នាក់​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៦ គឺជា​ការ​បរិច្ឆេទ​នៃ​ការចុះ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់​។ ការចុះឈ្មោះ​បោះឆ្នោត មាន​រយៈពេល​៣​ខែ គឺ​ចាប់ពី​ខែកញ្ញា រហូតដល់​ខែវិច្ឆិកា​។ ចំណែក​គជប បាន​ត្រៀម​ថវិកា​ប្រហែលជា ២៣​លាន​ដុ​លា្ល​រ ដើម្បី​ចាយវាយ​ក្នុង​អំពេ​ល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​៕

No comments:

Post a Comment