Friday, August 26, 2016

រឿង​ជួល​ដី​ឲ្យ​វៀតណាម​៖ គណបក្ស​សង្គ្រោះ​ជាតិ ប្រឌិត​រឿង​កេងចំណេញ​នយោបាយ

CEN
ដោយ:មុនីរាជ

ភ្នំពេញ: អភិបាលខេត្ត​ស្វាយរៀង បាន​បដិសេធ និង​ច្រានចោល ចំពោះ​ការចោទប្រកាន់ របស់​ក្រុមតំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ ថា​នៅ​ឃុំ​ទួល​ស្តី និង​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា និង​នៅ​សង្កាត់​ប្រាសាទ ក្រុង​បាវិត នៅមាន​ការជួល​ដី ឲ្យ​ប្រជាពលរដ្ឋ​វៀតណាម ធ្វើស្រែ​។ ដោយ​អភិបាលខេត្ត​ស្វាយរៀង បាន​ហៅ​ការចោទប្រកាន់​នេះ គឺ​មិនមែនជា​ការពិត និង​ដើម្បី​កេងចំណេញ​នយោបាយ​។​

​លោក ប៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​មានប្រសាសន៍ ប្រាប់​គេហទំព័រ CEN ឲ្យ​ដឹងថា បន្ទាប់ពី​បានទទួល​ព័ត៌មាន​នេះ លោក​បាន​បញ្ជា អភិបាលរង​ខេត្ត ចុះទៅពិនិត្យ​ជាបន្ទាន់ នៅតាម​ទីតាំង​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បានលើកឡើង​ចំពោះ ចំណុច​នៅ​សង្កាត់​ប្រាសាទ ក្រុង​បាវិត ចំនួន ៤០ ហិកតា គឺជា​ដី​របស់​ប្រជាពលរដ្ឋ ចំនួន​៤​គ្រួសារ ហើយ​ឆ្នាំនេះ គាត់​បានធ្វើ​ស្រែ​។ ហើយ​រឿង​ទំនាស់ គឺ​មកពី​ខាង​សមាជិក​គណបក្ស ដែល​ធ្លាប់តែ​យក​គោ ក្របី ឲ្យ​ទៅ​ស៊ី​ស្មៅ នៅលើ​ដី​នោះ ហើយ​ឥឡូវ ម្ចាស់​ដី​គេ​ធ្វើស្រែ លែងមាន​ស្មៅ​ឲ្យ​គោ ក្របី ស៊ី ក៏​ខឹង​ប្តឹង​ថា ជួល​ដី​ឲ្យ​វៀតណាម​។ ចំណែក​នៅ​ឃុំ​ចន្ទ្រា នៅ​ឆ្នាំ​២០១៥ គឺមាន​ជួល​មែន ២៥០ ហិកតា ហើយ​នៅពេល​រាជរដ្ឋាភិបាល ប្រកាស​ឲ្យ​ឈប់​ជួល​ដី គឺ​នៅ​ឆ្នាំ​២០១៦​នេះ គ្មាន​ការជួល​ទៀត​ទេ​។ ហើយ​មាន​ប្រជាពលរដ្ឋ​ខ្មែរ ៣ គ្រួសារ ធ្វើស្រែ ១០ ហិកតា ដែលជា​ដី​ដែល​ធ្លាប់ជួល​ឲ្យ​វៀតណាម ហើយ​ដី ២៥០ ហិកតា​នោះ គឺ​ស្មៅ​ត្រឹមៗ ជង្គង់ អត់​មាន​ជួល​ទេ ចេះតែ​ចោទប្រកាន់​គ្មាន​ការពិត​។ ហើយ​នៅ​ថ្ងៃស្អែក (២៦​សីហា​) ក្រុមការងារ​បន្ត​ចុះទៅ​ពិនិត្យមើល នៅ​ចំណុច​ឃុំ​ទួល​ស្តី និង​ឃុំ​ចន្ទ្រា បន្តទៀត ដើម្បី​ពិនិត្យ​តាម​ខ្សែបន្ទាត់​ព្រំដែន ដើម្បី​ឲ្យ​បានដឹង​ច្បាស់​ជាក់ស្តែង​។​

​អភិបាលខេត្ត​ស្វាយរៀង បាន​បញ្ជាក់ថា “​ពីរ​ចំណុច ដែល​គាត់​លើកឡើង គឺ​ពុំមាន​ទេ អត់​មាន​ជួល​សោះ ហើយ​អ្វីដែល​គាត់​និយាយ​អីចឹង គឺ​អត់​ស្រួល​ទេ និយាយ​មិន​ច្បាស់​ការណ៍ មិន​ពិតប្រាកដ ក្នុងនាម​អាជ្ញាធរ​ដែនដី គណៈ​អភិបាល​ទាំងអស់ បានធ្វើ​ការប្រជុំ ដោយ​មិន​សប្បាយចិត្ត ចំពោះ​ការនិយាយ​បំផ្លើស​អីចឹង​”​។​

​ទាក់ទង​ករណីនេះ ក្រុមតំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៥​រូប កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៦ បានធ្វើ​លិខិត​ជូន សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តាមរយៈ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំ​ចាត់វិធានការ​បញ្ឈប់ ការជួល​ដី​ខ្មែរ នៅតាម​បណ្តោយ​ព្រំដែន កម្ពុជា​.​វៀតណាម នៅក្នុង​ខេត្តស្វាយរៀង ឲ្យ​ទៅ​ជនជាតិ​វៀតណាម​។ ដោយ​នៅក្នុង​លិខិត បាន​ជម្រាបជូន សម្តេច​ក្រឡាហោម ស ខេង​ថា ទោះបី​ជាមាន​សារាចរ​ណែនាំ និង​ការប្រកាស​របស់ សម្តេចនាយក​រដ្ឋមន្ត្រី ហាម​មិន​ឲ្យ​ជួល​ដី​ខ្មែរ នៅតាម​ព្រំដែន​ឲ្យ​ទៅ ជនជាតិ​វៀតណាម ធ្វើស្រែ​ក៏ដោយ តែ​សកម្មភាព​ជួល​ដីស្រែ ទៅ​ឲ្យ​ជនជាតិ​វៀតណាម នៅតាម​ព្រំដែន កម្ពុជា​.​វៀតណាម នា​ខេត្តស្វាយរៀង នៅតែ​បន្ត​មាន តាម​រូបភាព​ឲ្យ ជនជាតិខ្មែរ ធ្វើ​តំណាង​។ ជាក់ស្តែង​នៅ​ឃុំ​ទួល​ស្តី និង​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា មានការ​ជួល​ដី​ឲ្យ​ប្រជាជន​វៀតណាម ធ្វើស្រែ​ចំនួន ១៩៦ ហិកតា (​ឃុំ​ស្តី​) និង​ចំនួន ២០០ ហិកតា (​ឃុំ​ចន្ទ្រា​) ហើយនឹង​នៅ​សង្កាត់​ប្រាសាទ ក្រុង​បាវិត ចំនួន ៤០ ហិកតា​។​

​គួរ​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សារាចរ ស្តីពី​ការហាម​ប្រជាពលរដ្ឋ​ខ្មែរ មិន​ឲ្យ​លក់ ឬ​ជួល​ដីស្រែ ឬ​ជួល​ដី​លំនៅឋាន នៅតាម​តំបន់​ព្រំដែន ឲ្យ​ទៅ​ប្រជាពលរដ្ឋ នៃ​ប្រទេសជិតខាង ដូចជា ប្រទេស​វៀតណាម ឡាវ និង​ថៃ​។ ការចេញ​សារាចរ​នេះ គឺ​ដោយសារតែ​ការជួល​ដី ទៅ​ឲ្យ​ប្រជាពលរដ្ឋ ប្រទេសជិតខាង ពុំមាន​ឯកសារ​ត្រឹមត្រូវ តាមផ្លូវ​ច្បាប់​ឡើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ម្ចាស់​ដី ជា​ជនជាតិខ្មែរ បាត់បង់​នូវ​ផលប្រយោជន៍ នៅពេល​មាន​វិវាទ កើតមានឡើង​៕​

No comments:

Post a Comment