CEN
ដោយ:មុនីរាជ
ភ្នំពេញ: នៅវេលាម៉ោង ១០ ព្រឹក ថ្ងៃទី១៩ សីហានេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ទទួលបន្ទុកកិច្ចការបរទេស បានជួបពិភាក្សាការងារ ជាមួយលោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោក ថៃ វណ្ណា ទីប្រឹក្សាលោកឧបនាយកដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងថានៅក្នុង ជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាអំពី កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងអាមេរិក។ លោកឯកអគ្គរដ្ឋទូតអាមេរិក បានជម្រាបជូន លោកឧបនាយកដ្ឋមន្ត្រីថា កម្ពុជាត្រូវបានដំឡើង ឋានៈខ្ពស់មួយកម្រិតទៀត ក្នុងការទប់ស្កាត់ ការរត់ពន្ធមនុស្ស ខុសច្បាប់។
ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយកដ្ឋមន្ត្រី ហោ ណាំហុង បានលើកសរសើរ និងអរគុណអាមេរិក ដែលបានយល់ និងបានដំឡើងឋានៈកម្ពុជា។ ព្រោះថា កម្ពុជា កន្លងមក នឹងកំពុងតែខិតខំ និងរកវិធីផ្សេងៗ ដើម្បីទប់ស្កាត់ការរត់ពន្ធមនុស្សខុស ច្បាប់ ដោយក្នុងនោះដែរ កម្ពុជាបានសហការ ជាមួយរដ្ឋាភិបាលចិន ម៉ាឡេស៊ី និង ជាមួយថៃ ដើម្បីទប់ស្កាត់ ការរត់ពន្ធមនុស្សខុសច្បាប់។
លោកបានបន្តថា ភាគីទាំងពីរ ក៏បានពិភាក្សា អំពីបញ្ហាកិច្ចប្រជុំកំពូលអាស៊ាន នៅថ្ងៃ អនាគត នៅប្រទេសឡាវ ដោយភាគីទាំងពីរ សង្ឃឹមថា ទៅថ្ងៃអនាគត កិច្ចប្រជុំនេះ មានលក្ខណៈទន់ភ្លន់ ដែលលើកឡើង អំពីបញ្ហាសមុទ្រចិនខាងត្បូង និងលទ្ធផល នៃកិច្ចប្រជុំកំពូលនេះ ហើយនឹងទទួលបានផ្លែផ្កា។
លោកឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក បានថ្លែងថា នៅពេលខាងមុខ នឹងមានបើក រោងចក្ររបស់អាមេរិក ផ្នែកវាយនភណ្ឌ ផ្នែកដេរកាបូប និងស្បែកជើង នៅកម្ពុជា។
លោកឧបនាយកដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងអំណរគុណ ដល់សហរដ្ឋអាមេរិក ចំពោះការមកបើក រោងចក្រនៅកម្ពុជា ។ ដោយកន្លងមក កម្ពុជាបានសហការ ជាមួយចិន ពីព្រោះចិន បានជួយកម្ចីច្រើន ហើយកម្ពុជា ក៏មិនមែនធ្វើតែជាមួយចិន គឺនឹងខិតខំធ្វើជាមួយ ប្រទេសផ្សេងៗទៀត។ លោកក៏បានអរគុណអាមេរិក ដែលបានជួយទិញផលិតផល វាយនភណ្ឌពីកម្ពុជា ដែលជួយឲ្យមានការកើន ឡើងសេដ្ឋកិច្ចកម្ពុជា និងជាពិសេស ជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជន កម្ពុជាផងដែរ៕
No comments:
Post a Comment