Friday, August 19, 2016

CNRP ថា ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ពន្ធនាគារ មាន​ភាពល្អ​ប្រសើរឡើង​

ថ្មី​ៗ
រំដួល ចិត្រា



​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ស្ថានភាព​អ្នកទោស​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស មាន​ភាពល្អ​ប្រសើរឡើង​វិញ​ហើយ ក្រោយពី​មានការ​ផ្សព្វផ្សាយ​រិះគន់​ពី​ស្ថានភាព​រឹតត្បិត​សិទ្ធិមនុស្ស​ជា​បន្តបន្ទាប់​កន្លងមក​នេះ​។ នៅ​ព្រឹក​ថ្ងៃទី​១៨ សីហា នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះ​ជួប​សុខទុក្ខ​មន្ត្រី​ខ្លួន​៣​រូប​រួមមាន​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធិ​សភា​បក្ស សម រង្ស៊ី និង​លោក ស៊ា​ង ចែត មេឃុំ​គណបក្ស សម រង្ស៊ី​។​

​ក្រោយពី​បាន​ជួប​សំណេះសំណាល​ជា​មន្ត្រី​បក្ស​ខ្លួន​នោះ លោក ឡុង រី តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា ស្ថានភាព​មន្ត្រី​ខ្លួន រួមទាំង​អ្នកទោស​ដទៃទៀត នៅក្នុង​ពន្ធនាគារ​ព្រៃ​ស មាន​ភាពប្រសើ​ឡើង​ជាង​មុន ពោលគឺ​មានការ​រឹតត្បិត​សិទ្ធិ​អ្នកទោស​ទៀតឡើយ​។ លោក ឡុង រី ដែល​បាន​ដឹកនាំ​តំណាងរាស្ត្រ​ចុះសួរសុខទុក្ខ​មន្ត្រី​ខ្លួន ដែល​កំពុង​ជាប់ឃុំ​នេះ បាន​បន្ថែមថា ស្ថានភាព​ពន្ធនាគារ​ពេលនេះ មានការ​រៀបចំ​បាន​ល្អជា​ប្រក្រតី​វិញ ដោយសារតែ​អ្នក​កំពុង​ជាប់ឃុំ​ខ្លួន និង​អ្នកទោស ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​មន្ត្រី​ពន្ធនាគារ ទាំង​ផ្នែក​សេវាកម្ម​ពិនិត្យ​សុខភាព និង​ការបែងចែក​ទីកន្លែង​រស់នៅ​រវាង​អ្នក​ជាប់ឃុំ និង​អ្នកទោស​ជាដើម​។

​ថ្លែង​ចំពោះមុខ​អ្នកកាសែត​តំណាងរាស្ត្រ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្រោយពី​គណៈកម្មការ​យើង​ចេញចូល​ជា​ញឹកញាប់ ឃើញថា​ពន្ធនាគារ​កែប្រែបាន​ច្រើន​ចំណុច ទីមួយ អ្នកទោស​បទល្មើស​គ្រឿងញៀន​ដាក់​មួយកន្លែង អ្នកទោស​បទល្មើស​ឧក្រិដ្ឋ​ដាក់​មួយកន្លែង អ្នកទោស​ស្រាល​ដាក់​មួយកន្លែង និង​អ្នកទោសនយោបាយ​មានការ​គាំពារ​ថែរក្សា យកចិត្តទុកដាក់​មែន​ទែន ក្រោយពី​យើង​បាន​ជជែក​គ្នា​រឿង​អ្វីៗ​បាន​វិល​ទៅរក​ភាពប្រក្រតី​។ …​ហើយ​បើ​មាន​ជំងឺ​អ្វី​ធ្ងន់ធ្ងរ ដែល​អាច​ពិនិត្យ​នឹង​ព្យាបាល​នៅក្រៅ​ឃុំ​ពន្ធនាគារ មន្ត្រី​(​ពន្ធនាគារ​)​ក៏​អាច​អនុញ្ញាត​បើ​ក្នុងករណី​ចាំបាច់​»​។​

​បើតាម​លោក ឡុង រី ការរៀបចំ​ស្ថានភាព​ពន្ធនាគារ​ឲ្យ​មាន​ភាពប្រក្រតី​ឡើងវិញ គឺ​ដោយសារតែ​មានការ​ស្នើសុំ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទៅកាន់​ក្រសួងមហាផ្ទៃ ដើម្បី​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ស្ថានភាព​អ្នកទោស និង​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​នេះ ខណៈដែល​អង្គការ​សង្គម​ស៊ីវិល បាន​ជួយ​ជំរុញ​ខ្លាំង​ពី​បញ្ហា​គោរព​សិទ្ធិមនុស្ស និង​បញ្ហា​សុខភាព​អ្នកទោស​ផងដែរ​។​

​កន្លងមក​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រលោក នុត សាវ​នា ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មូលហេតុ​ដែល​អាជ្ញាធរ​ដាក់​អ្នកជាប់ចោទ​ឲ្យ​នៅក្នុង​បន្ទប់​ជាមួយ​អ្នកទោស គឺ​ដោយសារតែ​ពន្ធនាគារ​គ្មាន​អាគារ​គ្រប់គ្រាន់​។ ហើយ​ការកំណត់​ម៉ោង​ចេញ​សម្រាក​របស់​អ្នកជាប់ចោទ​នោះ គឺជា​បច្ចេកទេស​នៃ​ការគ្រប់គ្រង​អ្នក​ជាប់ឃុំ ដើម្បី​ការពារ​សន្តិសុខ ពោលគឺ​មិនមាន​ការ​រឹតត្បិត​សិទ្ធិសេរីភាព​អ្នក​ជាប់ឃុំ និង​អ្នកទោស​នៅឡើយ​។​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះ​ជួប​សុខទុក្ខ​មន្ត្រី​ខ្លួន​៣​រូប​រួមមាន​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធិ​សភា​បក្ស សម រង្ស៊ី និង​លោក ស៊ា​ង ចែត មេឃុំ​គណបក្ស សម រង្ស៊ី​។ក្រៅពីមន្រ្តីទាំង៣នេះ ក៏មានមន្ត្រី​នឹង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ១៥រូបទៀត ដែល​កំពុងតែ​ជាប់ឃុំ​ឃាំង​ពន្ធនាគារដែរ។

​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុក​បញ្ហា​ឃុំខ្លួន​មន្ត្រី​និង​សកម្មជន​គណបក្ស​ខ្លួន​នេះ ថា​ជា​រឿង​នយោបាយ ហើយ​គណបក្ស​នឹង​បន្ត​និ​តី​ផ្លូវច្បាប់ ដើម្បី​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​មន្ត្រី​បក្ស​។ នេះ​បើតាម​លោក ឡុង រី តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​៕

No comments:

Post a Comment