Friday, August 19, 2016

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​នៅ​ម៉ាឡេស៊ី​អន្តរាគមន៍​ជួយ​ពល​ការិនី​ខ្មែរ​៣​នាក់​

CEN
(ថ្ងៃទី 18 សីហា 2016, ម៉ោង 07:08:PM)

ភ្នំពេញ: លោក​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​ពល​ការិនី​ខ្មែរ​ចំនួន​៣​នាក់​។ ពល​ការិនី​ទាំង​៣​រូប នឹង​មកដល់​ព្រលានយន្តហោះ​ខេត្តសៀមរាប នៅ​ថ្ងៃទី​១៩ ខែ សីហា ឆ្នាំ​២០១៦ ម៉ោង​៧:៥០​នាទី​ព្រឹក តាម​ជើងយន្តហោះ​លេខ​AK542​។ អំឡុងពេល​រង់ចាំ​ការ​ត្រឡប់មកវិញ ស្ថានទូត​បានផ្តល់​កន្លែង​ស្នាក់នៅ និង​អាហារ​ទទួលទាន ដល់​ពល​ការិនី​ទាំង​៣​រូប ផងដែរ​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​បន្តថា ពល​ការិនី​ទាំង​៣​រូប ដែល​វិល​ត្រឡប់មក​កម្ពុជា​វិញ​មានដូចជាៈ ១-​ពល​ការិនី មាស ខួច (​កើត​ឆ្នាំ​១៩៩១) មកពី​ខេត្តកំពង់ធំ បាន​ចាញ់បោក​មេខ្យល់​ចូល​ប្រទេស ម៉ាឡេស៊ី កាលពី​ខែមេសា ឆ្នាំ​២០១៦ ហើយ​ធ្វើការ​ជា​អ្នក​បោសសំអាត​។ ដោយ​ទ្រាំទ្រ​នឹង​ការងារ​លំបាក​ពុំបាន នាង​បាន​ស្នើសុំ​ស្ថានទូត​ជួយ​អោយ​នាង​អាច​ត្រឡប់មក​កម្ពុជា​វិញ​។ ស្ថានទូត បានធ្វើ​លិខិតបើកផ្លូវ ហើយ​នាង​ចេញថ្លៃ​សំបុត្រ​យន្តហោះ និង​បង់ពិន័យ​អោយ​ការិយាល័យ​អន្តោប្រវេសន៍​ម៉ាឡេស៊ី​ដោយ​ខ្លួនឯង​។

២-​ពល​ការិនី ហេង ធា​រី (​កើត​នៅ​ឆ្នាំ​១៩៩៥) មកពី​ខេត្តកំពង់ចាម បាន​ចូល​ប្រទេស​ម៉ាឡេស៊ី កាល ពីថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ ដោយ​ធ្វើ​ការងារ​នៅផ្ទះ​របស់​ស្ត្រី​ខ្មែរ​ឈ្មោះ ចាន់ ស្រី​នាង​។ ដោយ​រង​ការ​វាយ​ធ្វើបាប​ពី​ម្ចាស់ផ្ទះ ពល​ការិនី ហេង ធា​រី បាន​ស្វែងរក​ជំនួយ​ពី​ស្ថានទូត នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦​។ ក្រោម​កិច្ច​អន្តរាគមន៍​របស់​ស្ថានទូត ស្ត្រី​ឈ្មោះ ចាន់ ស្រី​នាង បាន​យល់ព្រម​ផ្តល់​ប្រាក់ខែ​ដែល​នៅសល់ បូក រួម​នឹង​ប្រាក់​សងជំងឺចិត្ត​សរុប​១០០០​ដុល្លារ​អាមេរិក និង​ទិញ​សំបុត្រ​យន្តហោះ​សម្រាប់​ពល​ការិនី​រងគ្រោះ ព្រមទាំង​បង់ថ្លៃ​ពិន័យ​អោយ​ការិយាល័យ​អន្តោប្រវេសន៍​ម៉ាឡេស៊ី​ផងដែរ​។

៣-​ពល​ការិនី បាវ សុខ​អេង (​កើត​ឆ្នាំ​១៩៨៩) មកពី​ខេត្តកំពង់ចាម បានធ្វើ​ដំណើរ​ចូល​ប្រទេស ម៉ាឡេស៊ី​ដោយ​ខ្លួនឯង កាលពី​ខែឧសភា ឆ្នាំ​២០១៤ ដោយ​ធ្វើ​ការងារ​តាម​ផ្ទះ​។ នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦ នាង​បានស្នើ​ស្ថានទូត ជួយ​អោយបាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។ ស្ថានទូត​បានធ្វើ​លិខិត​បើកផ្លូវ ហើយ​នាង​បាន​ទិញ​សំបុត្រ​យន្តហោះ និង​បង់ពិន័យ​អោយ​ការិយាល័យ​អន្តោប្រវេសន៍​ម៉ាឡេស៊ី​ដោយ​ខ្លួនឯង​៕

No comments:

Post a Comment