ថ្មីៗ
និពន្ធដោយ: ម៉ៅ សុផា
ភ្នំពេញ៖ ការដកអភ័យឯកសិទ្ធិរបស់លោកស្រី ថាក់ ឡានី អាចធ្វើឲ្យសមាជិកព្រឹទ្ធសភាដទៃទៀត ពីគណបក្ស សម រង្ស៊ី មានការរអែងចិត្តក្នុងការបញ្ចេញយោបល់ឬទស្សនៈ។ លោកស្រី ថាក់ ឡានី សមាជិកាព្រឹទ្ធសភា ពីគណបក្ស សម រង្ស៊ី ត្រូវបានដកអភ័យឯកសិទ្ធិ កាលពីពេលថ្មីៗនេះ ក្រោយលោកស្រី រងបណ្តឹងពីនាយករដ្ឋមន្ត្រីកម្ពុជា ពាក់ព័ន្ធនឹងឃាតកម្មលើលោក កែម ឡី។
លោក ទាវ វណ្ណុល សមាជិកព្រឹទ្ធសភា១រូប ពីគណបក្ស សម រង្ស៊ី បានចាត់ទុក ការដកអភ័យឯកសិទ្ធិរបស់លោកស្រីថាក់ ឡានី ថាជារឿងអយុត្តិធម៌សម្រាប់លោកស្រី។ លោក លើកឡើងថា ការដកអភ័យឯកសិទ្ធិរបស់លោកស្រី ថាក់ ឡានី គឺជាការដាក់សម្ពាធនយោបាយ ដែលបក្សកាន់អំណាច កំពុងតែដាក់មកលើ បក្សដែលមានសំឡេងភាគតិច ក្នុងព្រឹទ្ធសភា។
លោក ទាវ វណ្ណុល ដែលជាប្រធានគណបក្សសម រង្ស៊ី ផងនោះ ព្រួយបារម្ភថា ការដកអភ័យឯកសិទ្ធិរបស់លោកស្រី ថាក់ ឡានី នឹងក្លាយទៅជាការគំរាមកំហែងដល់សមាជិកព្រឹទ្ធសភាដទៃទៀត ពីគណបក្សរបស់លោក មិនឲ្យហ៊ានបញ្ចេញមតិ ហើយវា ក៏ជាការបង្អាក់សកម្មភាព របស់គណបក្ស ដែលមានសំឡេងភាគតិចផងដែរ។ លោក បន្តថា បញ្ហានេះ នឹងធ្វើឲ្យប្រជាធិបតេយ្យនៅកម្ពុជា ដើរថយក្រោយ។
លោក ទាវ វណ្ណុល បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗបែបនេះថា៖«បើគាត់ (លោកស្រីថាក់ ឡានី) បាននិយាយ ដូចនៅក្នុងវីដេអូមែន ក៏មិនគួរឈានទៅដល់ការដកអភ័យឯកសិទ្ធិរបស់គាត់ដែរ។ ខុសឆ្គងបន្តិចបន្តួច គួរហៅគាត់មកណែនាំ ឬឲ្យគាត់សុំទោសទៅបានហើយ។ មនុស្សយើងមិនអាចត្រូវ១០០ ភាគរយទេ តែងតែមានការខុសបន្តិចបន្តួច។ បើឲ្យគាត់សុំទោសជាសាធារណៈ គាត់ក៏អាចនឹងសុំទោសដែរ»។
មុននឹងលោកស្រី ថាក់ ឡានី ត្រូវបានដកអភ័យឯកសិទ្ធិ លោក ទាវ វណ្ណុល ក៏ធ្លាប់រារាំងព្រឹទ្ធសភា ម្តងរួចទៅហើយ។ លោក បានស្នើឲ្យព្រឹទ្ធសភា កុំដកអភ័យឯកសិទ្ធិរបស់លោកស្រី ដោយគ្រាន់តែឲ្យលោកស្រី សុំទោសចំពោះនាយករដ្ឋមន្ត្រីកម្ពុជា បានហើយ។
យ៉ាងណាក៏ដោយ ព្រឹទ្ធសភា មិនអាចទទួលយកបានទេ ចំពោះសំណើរបស់សមាជិកព្រឹទ្ធសភាពីគណបក្ស សម រង្ស៊ី ដែលចង់ឲ្យលោកស្រី ថាក់ ឡានី សុំទោសនូវអ្វីដែលលោកស្រី បានប្រព្រឹត្តកន្លងមក។
លោក ម៉ម ប៊ុនាង អ្នកនាំពាក្យព្រឹទ្ធសភា ធ្លាប់ប្រាប់អ្នកសារព័ត៌មានថា ការដកអភ័យឯកសិទ្ធិរបស់លោកស្រី ថាក់ ឡានី មិនមែនជារឿងនយោបាយ ឬជាការដាក់សម្ពាធ ទៅលើបក្ស ដែលមានសំឡេងភាគតិចនោះទេ។ លោក បញ្ជាក់ថា ការសម្រេចលើកអភ័យឯកសិទ្ធិនេះ គឺជាការអនុវត្ត និងពង្រឹងនីតិរដ្ឋនៅកម្ពុជា។
សូមបញ្ជាក់ថា សម្តេច ហ៊ុន សែន បានប្តឹង លោកស្រីថាក់ ឡានី ដោយយោងទៅតាមវីដេអូឃ្លីបមួយ ដែលត្រូវបានបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងលោកស្រី ដែលចោទសម្តេច ហ៊ុន សែន ថា នៅពីក្រោយខ្នងនៃឃាតកម្មលើលោក កែម ឡី។ លោក គី តិច មេធាវីការពារក្តីឲ្យសម្តេច ហ៊ុន សែន ធ្លាប់អះអាងកន្លងមកថា លោកបានទទួលសិទ្ធិក្នុងនាមជាមេធាវី ដើម្បីប្តឹង លោកស្រី ថាក់ ឡានី ដែលចោទកូនក្តីរបស់លោក ថា ជាអ្នកសម្លាប់លោក កែម ឡី។
ក្រៅពីប្ដឹងលោកស្រី ថាក់ ឡានី លោក គី តិច ក៏បានប្តឹងឯកឧត្តម សម រង្ស៊ី ដែលសរសេរនៅលើទំព័រហ្វេសប៊ុក ដោយចោទរដ្ឋាភិបាលថា ជាអ្នករៀបចំអំពើភេរវកម្មសម្លាប់លោក បណ្ឌិត កែម ឡី ផងដែរ។ លោក គី តិច ចាត់ទុកការលើកឡើងរបស់ឯកឧត្តម សម រង្ស៊ី និងលោកស្រី ថាក់ ឡានី ថា ជាការរៀបចំគម្រោងទុកជាមុន ដើម្បីចោទសម្តេច ហ៊ុន សែន ថា ជាអ្នកសម្លាប់លោក កែម ឡី៕
No comments:
Post a Comment