Tuesday, September 6, 2016

យុវជន​ខ្មែរ​១៤​នាក់ នឹង​ជួប​លោក អូ​បា​ម៉ា​នៅ​ប្រទេស​ឡាវ​នៅ​ថ្ងៃ​ពុធ​នេះ​

ថ្មី​ៗ
និពន្ធដោយ: ទេព អ៊ីវិសាល



​លួង​ប្រា​បាង​-​ឡាវ​៖ យុវជន​ខ្មែរ​ចំនួន​១៤​នាក់​ដែលជា​សមាជិក​នៃ​គំនិត​ផ្តួចផ្តើម YSEALI របស់លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា កំពុង​ជួបជុំគ្នា​ជាមួយ​យុវជន​អាស៊ាន​ជាង​១៨០​នាក់​នៅក្នុង​ក្រុង​លួង​ប្រា​បាង​នៃ​ប្រទេស​ឡាវ​។ នេះ​គឺជា​ជំនួប​ប្រចាំឆ្នាំ​រវាង​យុវជន​អាស៊ាន និង​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​នឹង​ផ្តោតទៅលើ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។

​យុវជន​ជា​សមាជិក​នៃ​គំនិត​ផ្តួចផ្តើម​ភាពជា​អ្នកដឹកនាំ​វ័យក្មេង​អាស៊ីអាគ្នេយ៍ (YSEALI) ជាង​១៨០​នាក់ ដែល​ក្នុងនោះ​ក៏មាន​យុវជន​កម្ពុជា​ដែរនោះ និង​ជួប​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​រសៀល​ថ្ងៃ​ពុធ​ទី​៧​ខែកញ្ញា​នេះ​។ នៅ​ថ្ងៃ​អង្គារ​នេះ ពួកគេ​កំពុង​ចាប់ផ្តើម​វគ្គ​បណ្តុះបណ្តាល​ដែលមាន​រយៈពេល​៣​ថ្ងៃ​។ នា​ថ្ងៃ​ដំបូង​នៃ​ជំនួប​កំពូល​ប្រចាំ​ឆ្នាំនេះ យុវជន​YSEALI បាន​ស្តាប់​ការពន្យល់​អំពី​បញ្ហា​ប្រឈម​សកល​នៃ​ការអភិវឌ្ឍ ដែល​ត្រូវបាន​ថ្លែង​ដោយ​ប្រធាន​បេសកម្ម USAID លោកស្រី Beth Paige​។

បញ្ហា​ប្រឈម​រួមមាន​ទាំង​ការជួញដូរ​សត្វព្រៃ បំរែបំរួល​អាកាសធាតុ ការគ្រប់គ្រង​ទីក្រុង ទិសដៅ​នៃ​ការអភិវឌ្ឍ​ប្រក​ដោយ​និរន្ត​ភាព និង​បញ្ហា​ប្រឈម​ក្នុង​តំបន់ និង​ពិភពលោក​ផ្សេងទៀត សុទ្ធសឹងតែ ត្រូវបាន​លើកឡើង​តាមរយៈ​សុន្ទរកថា​របស់លោក​ស្រី Beth Paige ដើម្បី​ចែករំលែក​ទៅកាន់​យុវជន​របស់​YSEALI​។​

​ក្រៅពី​ការយល់ដឹង​ពី​បញ្ហា​ប្រឈម​សកល​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព នា​ថ្ងៃ​ដំបូង​នៃ​ជំនួប​រយៈពេល​បី​ថ្ងៃ​របស់​YSEAL យុវជន​ប្រមាណ​ជិត​២០០​នាក់​នោះ ក៏​ទទួល​ការបណ្តុះបណ្តាល​ពាក់ព័ន្ធ​ការផ្សារភ្ជាប់​ប្រពៃណី​ជាមួយនឹង​បណ្តាញ​សង្គម ការធ្វើ​គម្រោង និង​ការអនុវត្ត​គម្រោង​ដើម្បី​ឆ្លើយតប​ទៅនឹង​បរិបទ​ជនបទ និង​ការគ្រប់គ្រង​ថវិកា​ដើម្បី​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ផងដែរ ដែល​ត្រូវបានធ្វើ​បង្ហាញ​ដោយ​អ្នកជំនាញ​នៃ​វិទ្យាស្ថាន​សាធារណៈរដ្ឋ​អន្តរជាតិ​នៃ​សហរដ្ឋអាមេរិក​(IRI)​។

​សូម​ជម្រាប​ផងដែរ ជំនួប​កំពូល​ប្រចាំឆ្នាំ YSEALI ២០១៦ ដែល​ធ្វើឡើង​នៅ​តំបន់​បុរាណ និង​វប្បធម៌ Luang Prabang នៃ​ប្រទេស​ឡាវ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​៦​ដល់​ថ្ងៃទី​៨ ខែកញ្ញា ដោយ​ផ្តោតលើ​បញ្ហា​ការអភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព និង​គម្លាត​នៃ​ការអភិវឌ្ឍ​៕

No comments:

Post a Comment