Fresh News
(ភ្នំពេញ)៖ អ្នកស្រី ម៉េង សុធារី មេធាវីម្នាក់ក្នុងចំណោមក្រុមមេធាវីការពារក្តីឱ្យ លោក កឹម សុខា បានអះអាងប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី០៩ ខែកញ្ញានេះថា ក្រុមមេធាវីនឹងប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ចំពោះការសម្រេចឱ្យកូនក្តីរបស់ពួកគាត់ជាប់ពន្ធនាគារ៥ខែ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅពេលណាដែលទទួលបានសាលក្រមជាផ្លូវការ។
អ្នកស្រី ម៉េង សុធារី បានលើកឡើងថា រហូតដល់ពេលនេះ ក្រុមមេធាវីមិនទាន់បានឃើញសាលក្រមជាផ្លូវការ ជុំវិញការសម្រេចផ្តន្ទាទោស លោក កឹម សុខា ឱ្យជាប់ពន្ធនាគារ៥ខែនោះទេ។ អ្នកស្រីអះអាងថា «បើសិនជា សាលក្រមផ្លូវការដែលយើងនឹងទទួលមានការសម្រេចដូច្នេះមែន ពួកយើងខ្ញុំក៏ដូចជាកូនក្តី នឹងសម្រេចប្តឹងឧទ្ធរណ៍ ជំទាស់ទៅនឹងសាលក្រមនេះហើយ ដោយសារកត្តាទី១ វាអយុត្តិធម៌ចំពោះកូនក្តីយើងខ្ញុំ ទាំងចំណាត់ការនីតិវិធី ហើយការប្រកាស តាមបទចោទមាត្រា៥៣៨ហ្នឹង ខ្ញុំយល់ថា វាអត់មានត្រូវមានបទល្មើសតាមមាត្រា៥៣៨ហ្នឹងទេ ដោយហេតុថា ការមិនចូលខ្លួនទៅបំភ្លឺនោះ គឺដោយសារមានមូលហេតុ»។
សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបើកសវនការជំនុំជម្រះលើរឿងក្តីពីបទ «បដិសេធក្នុងការចូលខ្លួន» របស់លោក កឹម សុខា ប្រធានស្តីទីរបស់គណបក្សសង្គោះជាតិ ហើយបានកាត់ទោសឱ្យ លោក កឹម សុខា ជាប់ពន្ធនាគារ៥ខែ និងពិន័យប្រាក់៨០ម៉ឺនរៀល។ ការកាត់ទោសនេះ ពុំមានវត្តមានរបស់មេធាវី ឬសាមីខ្លួនចូលរួមទេ៕
No comments:
Post a Comment