Fresh News
ដោយ ៖សុផល
(តូក្យូ)៖ដោយមើលឃើញសេដ្ឋកិច្ច ក៏ដូចវិនិយោគិនបរទេសនៅកម្ពុជាកាន់តែកើនឡើង ជាពិសេសកំណើនអ្នកទេសចរនិងពាណិជ្ជករជប៉ុននៅកម្ពុជា ក្រុមហ៊ុនStarts Corporation INC.ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន បានដាក់ទុនវិនិយោគចំនួន៥០លានដុល្លារអាមេរិកដើម្បីសាងសង់សណ្ឋាគារផ្កាយបួនមួយលើផ្ទៃដី២៣០០ម៉ែត្រការ៉េ ។ការសាងសង់កំពុងចាប់ផ្តើមហើយគ្រោងនឹងបញ្ចប់នៅខែមេសាឆ្នាំ២០១៨ខាងមុខ។
សណ្ឋាគារនេះមានឈ្មោះថា Starts Hotel Emion Phonm ស្ថិតនៅម្តុំមាត់ទន្លេជិត សណ្ឋាគារ Landscape ទល់មុខសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងខណ្ឌដូនពេញ រាជធានី ភ្នំពេញ។
ថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាក្នុងពេលទស្សនាសណ្ឋាគារEmion Tokyo កាលពីថ្ងៃទី៤ ខែកញ្ញា ២០១៦ លោកហ៊ីរ៉ូតាកា សេគីដូ (Hirotaka SEKIDO) អនុប្រធានក្រុមហ៊ុន Starts Corporation បានឱ្យដឹងថាក្រុមហ៊ុនបានសាងសង់សណ្ឋាគារនៅភ្នំពេញដែលមានលក្ខណៈស្ទើរតែដូចគ្នាទាំងស្រុងនឹងសណ្ឋាគារ Emion នៅទីក្រុងតូក្យូ។
លោក សេគីដូ បានបញ្ជាក់ថា ការវិនិយោគប្រមាណ៥០លានដុល្លារក្នុងការសាងសង់សណ្ឋាគារនៅភ្នំពេញនេះ ដោយសារតែសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើនជាង៧ភាគរយ ហើយជីឌីភី(GDP) ក៏កើនឡើង ជាពិសេសអ្នកទេសចរ និងអ្នកវិនិយោគទុនកំពុងកើនឡើង។ចំណែកពលរដ្ឋក៏មានចំណូលកើនឡើង ជាពិសេសយុវជនច្រើនកំពុងមានកំលាំងក្នុងការធ្វើការងារ។
លោកអនុប្រធានក្រុមហ៊ុនStarts Corporation បានបញ្ជាក់ផងដែរថាការភ្ជាប់ជើងហោះហើរត្រង់រវាងជប៉ុននិងកម្ពុជានឹងនាំអ្នកទេសចរនិងអ្នកវិនិយោគទុនជប៉ុនមកកម្ពុជាកាន់តែច្រើន៕
No comments:
Post a Comment