Monday, September 12, 2016

អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ប្រារព្ធ​ខួប ២០ ឆ្នាំ និង​ដាក់​សម្ភោ​ធ​រឿង ស្រកា​មាស​

CEN
ដោយ: កក្កដា



ភ្នំពេញ: អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (​ប៉េ អេស អឺ​) ដែលជា​អង្គការក្រៅរដ្ឋាភិបាល ផ្តោត​សំខាន់​លើ​ការអប់រំ បាន​ប្រារព្ធ​ខួប​លើក​ទី ២០ ឆ្នាំ​។ អង្គការ ប៉េ អេស អឺ បាន​បង្កើត​នូវ កម្មវិធី​គាំទ្រ​ជាច្រើន ដូចជា​ការផ្តល់​អាហារ ការ​ស្នាក់នៅ ការថែទាំ​សុខភាព ការអប់រំ​ទូទៅ ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការលើកកម្ពស់​គ្រួសារ ក្នុងន័យ​សម្រេច​ឱ្យបាន នូវ​គម្រោង​អប់រំ ប្រកបដោយ​ភាពជោគជ័យ ដើម្បី​ឆ្លើយតប​ទៅនឹង តម្រូវការ​ជា​មូលដ្ឋាន របស់​កុមារ​ក្រីក្រ នៅក្នុង​ប្រទេស​កម្ពុជា​។​

​អង្គការ ប៉េ អេស អឺ ត្រូវបាន​បង្កើតឡើង រយៈពេល ២០ ឆ្នាំ​មកហើយ ដោយ​ប្តី​ប្រពន្ធ​ជនជាតិ​បារាំង​ពីររូប គឺ​លោក Christian និង​លោកស្រី Marie France des
Pallières ហើយ​បាន​ជួយ​ដល់​កុមារ ប្រមាណ​ជាង មួយ​ម៉ឺន​នាក់ ឱ្យទទួល​បានការ​អប់រំ ដើម្បីឱ្យ​ពួគគេ​អាច​កសាង អនាគត​ដ៏​ភ្លឺស្វាង​។

​ស្ថាបនិក​ទាំងពីរ​រូប បាន​មានប្រសាសន៍ថា​៖ “​នៅពេលដែល​ពួកយើង បាន​បង្កើត​អង្គការ​នេះ​ឡើង យើង​ទាំងពីរ បាន​ប្រាប់​ខ្លួនឯង​ថា ប្រសិនបើ​ក្នុងអំឡុងពេល នៃ​ការចូលនិវត្តន៍​របស់​យើង យើង​អាចបង្កើត​នូវ​ភាព​ញញឹម ដល់​កុមារ​ក្រីក្រ នោះ​គឺមាន​តម្លៃ​បំផុត​។ ពិតប្រាកដ​ណាស់ ដើម្បី​ភាព​ញញឹម​នៃ​កុមារ ទោះបីជា យើង​បង្កើត​ស្នាមញញឹម ដល់​កុមារ បានត្រឹមតែ​ម្នាក់ ក៏​យើង​ត្រូវតែ​ពុះពារ ធ្វើការ​ងារ​នេះ ហេតុដូច្នេះ​បានជា អង្គការ​មួយ​នេះ ត្រូវបាន​ដាក់ឈ្មោះថា
​ដើម្បី​ភាព​ញ​ញឺ​ម​នៃ​កុមារ ”​។

​ចាប់តាំងពី​ឆ្នាំ ១៩៩៥ មក អង្គការ ប៉េ អេស អឺ បានសម្រេច​បាន​នូវ សមិទ្ធផល​ជា​បន្តបន្ទាប់ ជាច្រើន ដូចដែល បានចែង​នៅក្នុង បេសកកម្ម​របស់ខ្លួន​។ រហូតមកដល់ ពេលបច្ចុប្បន្ន​នេះ យើង​មាន​កុមារ​ចំនួន ៣.១០០ នាក់ កំពុង​ត្រូវបាន​ឧបត្ថម្ភ​ការសិក្សា ក្នុង​សាលា​រដ្ឋ និង​កុមារ​ចំនួន ១.២០០ នាក់ កំពុង​សិក្សា ក្នុង​ថ្នាក់​ព​ន្លឿ​ន ទាំង​ក្នុង​មណ្ឌល​របស់ អង្គការ ប៉េ អេស អឺ និង​សាលា​រដ្ឋ ដៃគូ​មួយចំនួនទៀត​។ រីឯ​វិទ្យាស្ថាន ប៉េ អេស អឺ វិញ ក្មេង​ជំទង់ ១.៥០០ នាក់ កំពុង​ទទួល​ការបណ្តុះបណ្តាល ក្នុង​ថ្នាក់​ត្រៀម និង​ក្នុង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចំនួន ៣ គឺ​៖ សាលា​បដិសណ្ឋារកិច្ច និង ទេសចរណ៍ សាលា​បច្ចេកទេស និង​សាលា​ពាណិជ្ជ​សាស្ត្រ​។ នៅមាន​កុមារ​ចំនួន ៧០០ នាក់ ផ្សេងទៀត កំពុង​ទទួលបាន​អត្ថប្រយោជន៍ ពី​កម្មវិធី​បន្ថែម​ផ្សេងៗ ដែល​ទាំងនេះ ពិត​ជាមាន​សារៈសំខាន់ ក្នុងការ​ធ្វើឱ្យ​គម្រោង​អប់រំ ទទួលបាន​ជោគជ័យ​។​

​ក្នុងឱកាស​ដ៏​វិសេសវិសាល​នេះ អង្គការ ប៉េ អេស អឺ នឹង​ប្រារព្ធ​ពី​ធី​សម្ពោធ ខ្សែភាពយន្ត​រឿង “​ស្រកា​មាស​” ដែល​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​សាល​មហោស្រប​ចតុមុខ ក្រោម​ព្រះរាជ​វត្តមាន ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ព្រមទាំង​មានការ​ចូលរួម ពី​បណ្តា​ក្រុមហ៊ុន​ដៃគូ អង្គការ និង តំណាង​រាជរដ្ឋាភិបាល ប្រមាណ ៦០០ នាក់​។​

​ខ្សែភាពយន្ត​រឿង “​ស្រកា​មាស​” គឺជា​ខ្សែ​រឿង​មួយ​នេះ ចំណាយ​អស់​ទឹកប្រាក់ ប្រមាណ​ជា ៥០ ម៉ឺន​ដុល្លារ ដែលជា​ការចំណាយ​ថវិកា​ផ្ទាល់ របស់​ផលិតករ​បារាំង មួយរូប​។ រឿងនេះ​ផងដែរ គឺ​សុទ្ធតែ​ចូលរួម​សម្តែង ពី​ក្មេងៗ នៅលើ​គំនរ​សំរាម និង​និយាយ​ពី ជីវិត​ពិត​របស់​ពួកគេ​។

​លើសពីនេះទៅទៀត ខ្សែភាពយន្ត​នេះ នឹងត្រូវ​ចាក់​បញ្ចាំង នៅតាម​បណ្តា​រោងភាពយន្ត មួយចំនួន ដូចជា​៖ Major by cellcard ពីថ្ងៃ​ទី ១៣-១៦ ខែកញ្ញា ឆ្នាំ​២០១៦ Platinum Cineplex ពីថ្ងៃ​ទី ១៥-១៨ ខែកញ្ញា ឆ្នាំ​២០១៦ និង Legend Cinema ពីថ្ងៃ​ទី ១៦-១៩ ខែកញ្ញា ឆ្នាំ​២០១៦​។ សំបុត្រ​អាច​រក​ទិញ​បាន នៅតាម​រោងភាពយន្ត​នីមួយៗ​។

​ថវិកា​ដែល​បាន​ពី​ការលក់​សំបុត្រ នឹង​យកទៅ​ប្រើប្រាស់ ដើម្បី​គាំទ្រ​ដល់​កម្មវិធី​របស់ អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​៕

No comments:

Post a Comment