Saturday, September 10, 2016

ក្រសួងការបរទេស​ជ​ប៉ុនមាន​មន្ត្រី​ដែល​ចេះ​ភាសា​ខ្មែរ​ស្ទាត់ជំនាញ​១៤​នាក់​

ធ្មី​ៗ
និពន្ធដោយ: អ៊ឹង ចំរើន



កម្ពុជា និង​ជប៉ុន មាន​ទំនាក់ទំនង​គ្នា​តាំងពីដើម​សតវត្សរ៍​ទី​១៧​មកម្ល៉េះ​។ ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ បានចាប់ផ្តើម​ផ្លូវការ​នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​១៩៥៣ ហើយ​ត​ភ្ជាប់​ឡើងវិញ​នៅ​ឆ្នាំ​១៩៩២ បន្ទាប់ពី​កម្ពុជា​រួចផុត​ពីរ​បប​ខ្មែរក្រហម​។ បច្ចុប្បន្ន​ជប៉ុន​-​កម្ពុជា កាន់តែ​ខិតជិត​រកគ្នា​តាមរយៈ​វិស័យ​ការទូត ពាណិជ្ជកម្ម និង​ទេសចរណ៍​។

នៅ​ក្រសួងការបរទេស​ជប៉ុន មន្ត្រី​ចំនួន​១៤​ដែល​បម្រើ​ការទាក់ទង​នឹង​កម្ពុជា សុទ្ធតែ​ចេះ​ភាសា​ខ្មែរ​យ៉ាង​ស្ទាត់ជំនាញ​។ កាលពី​សប្តាហ៍​មុន អ្នកកាសែត​៥​រូប ត្រូវបាន​អញ្ជើញ​ឲ្យ​ទៅ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​នៅក្នុង​ទីក្រុង​តូ​ក្យូ ហើយ​នៅពេលនោះ អ្នកស្រី Ai Onishi មន្ត្រី​ការិយាល័យ​អាស៊ី​-​អាគ្នេយ៍​ទី​១ និង​ជា​អ្នកទទួលបន្ទុក​ផ្នែក​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា បាន​អះអាងថា ក្រសួងការបរទេស​ជ​ប៉ុនមាន​អ្នកចេះ​ភាសា​ខ្មែរ​ដ៏​ស្ទាត់ជំនាញ​១៤​នាក់ ក្នុងនោះ​មាន​ស្រី​៣​នាក់​។​

​អ្នកស្រី Ai Onishi ដែល​ធ្លាប់​បម្រើការ​នៅ​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា និង​ធ្លាប់បាន​សិក្សា​ភាសា​ខ្មែរ​រយៈពេល​២​ឆ្នាំ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បានបញ្ជាក់​ប្រាប់​អ្នកកាសែត​ខ្មែរ​ថា មន្ត្រី​ជប៉ុន​ទាំង​១៤​ដែល​ចេះ​ភាសា​ខ្មែរ មាន​មួយចំនួន​បម្រើការ​នៅ​ក្រសួងការបរទេស​ផ្នែក​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា មួយចំនួន​បម្រើការ​នៅ​ស្ថានទូត​ជប៉ុន​នៅ​រាជធានី ក្នុងនោះ​មាន​លេខា​ទី​២​ទូត គឺ​អ្នកស្រី Kaori Tanabe ហៅ គ​ន្ធា ហើយ​បុគ្គលិក​មួយចំនួនទៀត​ប​ម្រើ​ការ​នៅ​ប្រទេស​ទី​បី​ដែល​ពាក់ព័ន្ធ​នឹង​កម្ពុជា​។​

​អ្នកស្រី Ai Onishi បាន​រៀបរាប់​ពី​ប្រវត្តិ​នៃ​ទំនាក់ទំនង​រវាង​ជប៉ុន​-​កម្ពុជា​ដែល​ចាប់ផ្តើម​ឡើង​តាំងពីដើម​សតវត្សរ៍​ទី​១៧ រហូតដល់​មានការ​សិក្សា​ឃើញថា មាន​ភូមិ​ជប៉ុន​មួយ​នៅ​ឃុំ​ពញ្ញាឮ ក្បែរ​ឧ​ត្តុ​ង្គ​។ ប្រទេស​ទាំងពីរ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ផ្លូវការ​នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​១៩៥៣ ហើយ​នៅ​ឆ្នាំ​១៩៥៤ កម្ពុជា​បាន​លះបង់​សិទ្ធិ​ទាមទារ​សំណង​ដែល​កងទ័ព​ជប៉ុន​បង្ក​ការខូចខាត​កាលពី​សង្គ្រាមលោកលើកទី​ពីរ​។​

​នៅ​ឆ្នាំ​១៩៥៥ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ បាន​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ជប៉ុន ហើយ​នៅពេលនោះ ប្រទេស​ទាំង​ពីរបាន​ចុះសន្ធិសញ្ញា​មិត្តភាព​រវាង​គ្នា​។​

​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា​ត្រូវបាន​បិទ​នា​សម័យ​ខ្មែរក្រហម ហើយ​ត្រូវបាន​បើក​ដំណើរការ​ឡើងវិញ​នៅ​ឆ្នាំ​១៩៩២ ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​។ បន្តបន្ទាប់​មកទៀត ជប៉ុន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ដំណើរ​រៀបចំ​សន្តិភាព​នៅ​កម្ពុជា តាមរយៈ​ការបញ្ជូន​កម្លាំង និង​អ្នកសង្កេតការណ៍​នា​ការបោះឆ្នោត​សកល​ជា​លើកដំបូង​។​

ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​បានធ្វើ​ការផ្លាស់​ប្តូរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ជា​បន្តបន្ទាប់​។ ក្រៅពី​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច ប្រទេស​ទាំងពីរ​រៀបចំ​ពិធី​ផ្លាស់ប្តូរ​ផ្នែក​វប្បធម៌ និង​រវាង​ប្រជាជន និង​ប្រជាជន ញឹកញាប់​ផងដែរ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ជប៉ុន​គឺជា​សហប្រធាន​ជាមួយ​បារាំង​នៃ​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ (ICC) ដែល​ធ្វើការ​លើ​គម្រោង​ជុស​ជុល​ប្រាសាទបាយ័ន អង្គរវត្ត បន្ទាយក្តី និង​សំបូរ​ព្រៃ​គុក ជាដើម​៕

No comments:

Post a Comment