Tuesday, September 13, 2016

ឯ​.​ឧ​ត្ត​ម សម រង្ស៊ី គាំទ្រ​ឲ្យ​ដំឡើង​ប្រាក់ខែ​គោល​ជូន​កម្មករ​កាត់ដេរ​១៨០​ដុល្លារ​យ៉ាងតិច​

ថ្មី​ៗ
និពន្ធដោយ: ចំណារ



ភ្នំពេញ​៖ រហូតមកដល់​ពេលនេះ កម្មករ​នៅក្នុង​វិស័យ​កាត់ដេរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​ប្រាក់ខែ​គោល​ចំនួន​១៤០​ដុល្លារ​អាមេរិក​។ ប៉ុន្តែ សម្រាប់​ឆ្នាំ​២០១៧​ខាងមុខនេះ សហជីព​នៅក្នុង​ប្រទេស​កម្ពុជា​ទាម​ទាម​ឲ្យ​ដំឡើង​រហូតដល់​ជិត​១៨០​ដុល្លារ​។ ការទាមទារ​នេះ ទទួលបាន​ការគាំទ្រ​ពី​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង​សង្គ្រោះ​ជាតិ និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​ទសវត្សរ៍​៩០ ។

«​ខ្ញុំ​សូម​គាំទ្រ ការទាមទារ របស់​សហជីព តំណាង​ឲ្យ​កម្មករ​នៅ​ប្រទេស​កម្ពុជា ដែល​ទាមទារ ឲ្យ​ថៅកែ​រោងចក្រ ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ពី​១៤០​ដុល្លារ ដល់​១៨០​ដុល្លារ​យ៉ាងតិច សម្រាប់​ឆ្នាំ​២០១៧​ខាងមុខ​»​។ នេះ គឺជា​អត្ថាធិប្បាយ​របស់​ឯកឧត្តម សម រង្សី នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ឯកឧត្តម​នៅ​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៦​នេះ​។

​ឯកឧត្តម សម រង្ស៊ី បាន​បន្តទៀតថា ការទាមទារ​នេះ ត្រឹមត្រូវ​ណាស់ ពីព្រោះ ប្រាក់ខែ​គោល ១៤០ ដុល្លារ​ដូច​សព្វថ្ងៃនេះ កម្មករ​មិនអាច​រស់​បានទេ​។ ទី​២ កម្រិត​ប្រាក់់ខែ​នៅ​កម្ពុជា​នេះ មិនអាច​ប្រៀបធៀប​ទៅនឹង​ប្រាក់ខែ​កម្មករ​នៅ​ប្រទេសជិតខាង​បានទេ ពីព្រោះ​ទំនិញ​នៅ​ប្រទេស​កម្ពុជា ថ្លៃ​ជាង​នៅ​ប្រទេសជិតខាង ឆ្ងាយ​ណាស់​។ ទី​៣ នៅ​ប្រទេស​កម្ពុជា សេវាសាធារណៈ​ដូចជា​ប្រព័ន្ធ​អប់រំ និង​ប្រព័ន្ធ​សុខាភិបាល តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ចំណាយលុយ ច្រើនជាង​នៅ​ប្រទេសជិតខាង និង​ទី​៤ នៅ​ប្រទេស​កម្ពុជា មិនមាន​សេវា​សង្គមកិច្ច ជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ក្រីក្រ ដូច​នៅ​ប្រទេសជិតខាង​ទេ​។​

​សូមបញ្ជាក់ថា ការប្រកាស​គាំទ្រ​ប្រាក់ខែ​គោល​១៨០​ដុល្លារ​របស់​កម្មករ​ពី​សំណាក់ ឯកឧត្តម សម រង្ស៊ី នៅថ្ងៃនេះ បាន​ធ្វើឡើង​បន្ទាប់ពី​ភាគី​សហជីព បានដាក់​សំណើរ​ទាមទារ​ប្រាក់ខែ​គោល​ចំនួន ១៧៩,៦ ដុល្លារ​អាមេរិក​សម្រាប់​កម្មករនិយោជិត​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៧ ខាងមុខនេះ​៕

No comments:

Post a Comment