Tuesday, September 13, 2016

ការពិភាក្សា​សេចក្តី​ព្រាង​ច្បាប់​«សិទ្ធិ​ទទួល​ព័ត៌មាន»​មានក្តីបារម្ភច្រើន

VOA
ហ៊ាន សុជាតា

វគ្គបណ្តុះ​បណ្តាល​ក្រុម​ការងារ​បច្ចេកទេស​មួយ​ស្តីពី​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន ក្រោម​ប្រធានបទ «ការការពារ​អ្នក​ផ្តល់​ព័ត៌មាន និង​ការសម្ងាត់​រដ្ឋ» ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី៨ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

គិត​ត្រឹម​ដើម​ខែ​កញ្ញា​ឆ្នាំ​២០១៦​នេះ​ សេចក្តី​ព្រាង​ច្បាប់​«សិទ្ធិ​ទទួល​ព័ត៌មាន» ត្រូវ​បាន​​​​ពិភាក្សា​ដល់​ជំពូក​ទី៤​ និង​ជំពូក​ទី៥​ ត្រង់​ចំណុច​ព័ត៌មាន​សម្ងាត់​ និង​ការ​ការពារ​អ្នក​ផ្តល់​ព័ត៌មាន។
ភ្នំពេញ —
សេចក្តី​ព្រាង​ច្បាប់​ «សិទ្ធិ​ទទួល​ព័ត៌មាន» ត្រូវ​បានពិភាក្សា​ដល់​ចំណុច​ព័ត៌មាន​សម្ងាត់​ និង​ការ​ការពារ​អ្នក​ផ្តល់​ព័ត៌មាន​ ​គិត​ត្រឹម​ដើម​ខែ​កញ្ញា​ឆ្នាំ​២០១៦​នេះ។ ​អ្នក​ជំនាញ​យល់​ថា​ ដំណើរ​ការ​នៃ​ការ​ធ្វើ​ច្បាប់​ដែល​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចូល​រួម​ផ្តល់​យោបល់​ និង​មាន​ការ​ផ្សព្វផ្សាយ​ទូលំ​ទូលាយ​បែប​នេះ អាច​ជា​គំរូ​ល្អ​ក្នុង​ការ​តាក់តែង​ច្បាប់​ដទៃ​ទៀត​ ​ចៀស​វាង​មានភាព​ចម្រូង​ចម្រាស​កើតឡើង​ដូច​ច្បាប់​ដទៃ​កន្លង​មក។​ ក៏​ប៉ុន្តែ ​អ្នកជំនាញ​ក៏​អះអាង​ដែរថា​ ការ​កសាង​ទំនុក​ចិត្ត​ពលរដ្ឋ​ឲ្យ​ជឿ​លើ​ប្រព័ន្ធ​តុលាការ​ក៏​ជា​រឿង​ចាំបាច់​ដែរ។​

គិត​ត្រឹម​ដើម​ខែ​កញ្ញា​ឆ្នាំ​២០១៦​នេះ​ សេចក្តី​ព្រាង​ច្បាប់​«សិទ្ធិ​ទទួល​ព័ត៌មាន» ត្រូវ​បានពិភាក្សា​ដល់​ជំពូក​ទី៤​ និង​ជំពូក​ទី៥​ ត្រង់​ចំណុច​ព័ត៌មាន​សម្ងាត់​ និង​ការ​ការពារ​អ្នក​ផ្តល់​ព័ត៌មាន។​ អ្នក​ជំនាញពេញ​ចិត្ត​ចំពោះ​ដំណើរ​ការ​នៃ​ការ​ធ្វើ​ច្បាប់​«សិទ្ធិ​ទទួល​ព័ត៌មាន»​នេះ​ ដែល​មាន​ភាគី​ពាក់ព័ន្ធ​ចូលរួម​ច្រើន​ និង​មាន​កិច្ច​ពិភាក្សា​លម្អិត ក៏​ប៉ុន្តែ​ពួកគេ​ទាម​ទារ​ឲ្យ​មាន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​ ដើម្បី​ការ​អនុវត្ត​ច្បាប់​កាន់​តែ​មាន​ប្រសិទ្ធភាព។​

សេចក្តី​ព្រាង​ច្បាប់​«សិទ្ធិ​ទទួល​ព័ត៌មាន»​ដែល​មាន​៩​ជំពូកនិង​៣៦​មាត្រា​នេះ​ កំពុង​ស្ថិត​ក្រោម​ការ​ពិភាក្សា​ដោយ​ក្រុម​អ្នក​ជំនាញ​មក​ពី​រដ្ឋាភិបាល ​អង្គការ​សង្គម​ស៊ីវិល ​និង​អ្នក​ជំនាញ​សារ​ព័ត៌មាន​ ដើម្បី​សម្រេច​បាន​ច្បាប់​មួយ​ដែល​កាន់​តែ​សុក្រឹត្យ​ និង​អាច​ទទួល​យក​បាន​ពី​គ្រប់ភាគី។​

សេចក្តី​ព្រាង​ច្បាប់​ដដែល​នេះ​បាន​កំណត់ភារកិច្ច​ដែល​ស្ថាប័ន​សាធារណៈ​នានា​ត្រូវ​ផ្តល់​ និង​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​សាធារណៈ​ ព្រម​ទាំង​កាត់​បន្ថយ​ព័ត៌មាន​សម្ងាត់​ឲ្យ​មាន​កម្រិត​ទាប​បំផុត។ ​ក៏ប៉ុន្តែ​និយម​ន័យ​នៃ​ពាក្យ​ថា​«ព័ត៌មាន​សម្ងាត់»​ ដែល​សំដៅ​ដល់​ព័ត៌មាន​ទាក់ទង​នឹង​សន្តិសុខជាតិ​នោះ​កំពុងពិភាក្សា​នៅ​ឡើយ។​

ថ្លែង​នៅ​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ក្រុម​ការងារ​បច្ចេកទេស​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ក្រោម​ប្រធាន​បទ​«ការ​ការពារ​អ្នក​ផ្តល់​ព័ត៌មាន​ និង​ការ​សម្ងាត់​រដ្ឋ» ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​អ្នកស្រី​វ៉ាន់ ហ៊ីលី​ (Wan Hea Lee) ​តំណាង​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ថ្លែង​តាម​រយៈ​អ្នក​បកប្រែ​ភាសា​យ៉ាង​ដូច្នេះ​ថា៖

«អ្នក​ព័ត៌មាន​ត្រូវ​ការ​នូវ​ច្បាប់​ដើម្បី​ការពារ​សិទ្ធិ​របស់​ពួក​គាត់។​ កន្លងមកគឺ​ថា ​អ្នក​ផ្តល់​ព័ត៌មាន​តែង​តែ​ជួប​នូវ​ផល​វិបាក។ ​ពួកគេ​ភាគ​ច្រើន​ត្រូវ​បាន​គេ​យក​ច្បាប់​មក​សង្កត់ ​ដាក់​ទោសទណ្ឌ​ទៅលើ​ពួក​គេ។​ យើង​មាន​ច្បាប់​ស្តីពី​ការ​ផ្តល់​នូវ​ព័ត៌មាន​នេះ​ដោយ​អ្នក​ជំនាញ។​ ហើយ​យើង​ត្រូវ​ការ​នូវ​តុលាការ​ឯករាជ្យ​មួយ​ដែល​សិទ្ធិ​របស់​សាធារណជន​ត្រូវ​មាន​តុល្យភាព»។​

លោក​ព្រាប ​កុល ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ យល់​ថា​ ការតាក់​តែង​ច្បាប់​«សិទ្ធិ​ទទួល​ព័ត៌មាន»​ឲ្យ​មាន​ភាព​លម្អិត​ និង​គ្រប់​ជ្រុងជ្រោយ​នេះ​ អាច​ជួយ​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​កាន់​តែ​ប្រសើរ​ ក៏​ប៉ុន្តែ​លោក​ថ្លែងថា​ ការ​កសាង​ទំនុក​ចិត្ត​ពលរដ្ឋ​ឲ្យ​ជឿលើ​អ្នក​អនុវត្ត​ច្បាប់​ក៏​ជា​រឿង​ចាំបាច់​ដែរ​ ជា​ពិសេស​គឺ​ប្រព័ន្ធ​តុលាការ។​

«តុលាការ​ឯករាជ្យ ​វា​សំខាន់​សម្រាប់​ច្បាប់​ទាំង​អស់។​ ពេល​អនុវត្ត​ត្រូវ​ចូល​ទៅ​ប្រព័ន្ធ​តុលាការ។ ​អញ្ចឹងភាព​ឯករាជ្យ​នៃ​ប្រព័ន្ធ​យុត្តិធម៌​គឺ​ជា​ចាំ​បាច់​បំផុត។​ បញ្ហា​ទំនុក​ចិត្ត​ពលរដ្ឋ​លើ​ប្រព័ន្ធ​យុត្តិធម៌​យើង​នេះ​ជា​វិបត្តិ​សង្គម​ មាន​ប្រភព​មូលហេតុ​ដោយសារ​អំពើ​ពុក​រលួយ ​និង​ការជ្រៀត​ជ្រែក​នយោបាយ។​ ដំណោះ​ស្រាយ​គឺ​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ ធ្វើ​ឲ្យ​ឃើញ​ជាក់​ស្តែង​ក្នុង​រយៈ​ពេល​មិនយូរ​ ​ឲ្យ​ពលរដ្ឋ​ឃើញ​វិញ​ថា​ អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​ពីមុន​ត្រូវ​បាន​កែ​សម្រួល»។​

លោក​ព្រាប កុល​បន្ថែម​ថា​ រដ្ឋាភិបាល​អាច​យក​ដំណើរ​ការ​នៃ​ការ​តាក់តែង​ច្បាប់ «សិទ្ធិ​ទទួល​ព័ត៌មាន»​នេះ​ជា​គំរូ​ល្អ​មួយ​សម្រាប់​ការ​តាក់​តែង​ច្បាប់​ផ្សេងៗ​ទៀត​ ចៀសវាង​មាន​ភាព​ចម្រូង​ចម្រាស​ដូច​ច្បាប់​មួយ​ចំនួន​កន្លង​មក​ ជា​ឧទាហរណ៍​ច្បាប់​សហជីពជាដើម។​

«គំរូ​ល្អ​ទី១​គឺ​ការ​តាក់​តែង​នៃ​ច្បាប់​នេះ​ អនុញ្ញាត​ឲ្យ​មាន​ការ​ផ្តល់​ទិន្នន័យ​ចូល​ ឬ​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ​ ទាំង​សង្គម​ស៊ីវិល​ វិស័យ​ឯកជន​ អ្នក​សិក្សា​ស្រាវជ្រាវ​ រាជ​រដ្ឋាភិបាល​ សារព័ត៌មាន​ មហាជន​ទូទៅ​គឺ​គ្រប់​សមាសភាព។​ គំរូ​ល្អ​ទី​២​គឺ​ពេល​វេលា​សម្រាប់​ពិគ្រោះ​យោបល់​គឺ​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ជជែក​គ្នា​ដោយ​ការ​ជួប​ផ្ទាល់​ជជែក​គ្នា​ដោយ​ក្រុម​ការងារ​បច្ចេកទេស។​ ទី៣​មាន​សិក្ខាសាលា​ដើម្បី​ឲ្យ​ភាគី​ច្រើន​ទៀត​ផ្តល់​យោបល់។ ​ហើយ​សំខាន់​ជាង​គេ​គឺ​មាន​លើ​គេហទំព័រ​ ផ្តល់​ឲ្យ​សាធារណ​ជន​ចូលរួម​ផ្តល់​យោបល់»។​

ទន្ទឹម​នឹង​ដំណើរ​ការសេចក្តី​ព្រាង​ច្បាប់​«សិទ្ធិ​ទទួល​ព័ត៌មាន» ​ដែល​មាន​ចែង​អំពី​ «ព័ត៌មាន​សម្ងាត់»​ និង«ការ​ការពារ​អ្នក​ផ្តល់​ព័ត៌មាន»​ ហើយ​នោះ​ ​នា​ពេល​ថ្មីៗ​នេះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​កំពុង​រៀបចំ​បង្កើត​មាតិកា​នៃ​សេចក្តី​ព្រាង​ច្បាប់ស្តី​ពី​«ការការ​ពារ​សាក្សី​ និង​បុគ្គល​រាយ​ការណ៍»​ផង​ដែរ។​

លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅក្នុង​វគ្គបណ្តុះ​បណ្តាល​ក្រុម​ការងារ​បច្ចេកទេស​មួយ​ស្តីពី​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន​ក្រោម​ប្រធានបទ​«ការការពារ​អ្នក​ផ្តល់​ព័ត៌មាន និង​ការសម្ងាត់​រដ្ឋ» ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី៨ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/ VOA)
លោក​ឱម យ៉ិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​ឲ្យ​ដឹង​ថា​ ច្បាប់ស្តីពី​«ការការ​ពារសាក្សី​ និង​បុគ្គល​រាយ​ការណ៍»​គឺ​ជា​ច្បាប់​មួយ​ដែល​ក្មេង​ជាង​គេ​នៅ​លើ​ពិភព​លោក​ ដែល​មាន​វត្តមាន​ត្រឹម​ជាង​១០​ឆ្នាំ​ប៉ុណ្ណោះ។​ លោក​ឱម យ៉ិនទៀង​ឲ្យ​ដឹង​ទៀត​ថា​ ច្បាប់ថ្មី​នេះ​គ្រោង​នឹង​កំណត់​ឲ្យមាន​អានុភាពគ្រប​ដណ្តប់​លើ​រាល់​បុគ្គល​រាយ​ការណ៍​ រាប់​បញ្ចូល​ទាំង​អ្នករាយ​ការណ៍​អំពី​គ្រឿង​ញៀន​ ជួញ​ដូរ​ផ្លូវ​ភេទ​ លាង​លុយ​ខ្មៅ​ ឧក្រិដ្ឋ​កម្ម​ និង​អំពើពុករលួយ​ជាដើម។​

កាល​ពី​ដើម​ឆ្នាំ​២០១៦​ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ហៅ​កាត់​ថា ​CCIM ​បាន​ចេញរបាយ​ការណ៍​មួយ​មាន​ចំណង​ជើង​ថា​«ឧបសគ្គ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ»។​ ​ របាយ​ការណ៍​នោះ​បញ្ជាក់​ថា​ ​ជា​ទូទៅ​អ្នក​សារ​ព័ត៌មាន​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់​ អំពើ​ពុក​រលួយ​ ការ​រំលោភ​ដី​ធ្លី ​ការ​ប្រើប្រាស់​ថវិកា​ថ្នាក់​ជាតិ ​និង​ថ្នាក់​ក្រោម​ជាតិ​ ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​សាធារណៈ ​ សេចក្តី​សម្រេច​ ឬ​ឯកសារ​របស់​តុលាការ​ កំណត់​ហេតុ​ប្រជុំ​របស់​រដ្ឋសភា ​និង​សេចក្តី​ព្រាង​ច្បាប់​ចម្រូង​ចម្រាស់​នានា៕

No comments:

Post a Comment