Saturday, September 10, 2016

កម្ពុជា​ប្រតិកម្ម​ចំពោះ​ការ​រិះគន់​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​មន្ត្រី​អង្គការ​សហប្រជាជាតិ

RFA
ដោយ យាង សុជាមេត្តា

សកម្មភាព​របស់​សមត្ថកិច្ច​ខណ្ឌ​ដង្កោ ចាប់​ខ្លួន​សកម្មជន​ដីធ្លី​ដាក់​លើ​រថយន្ត បញ្ជូន​ទៅ​អធិការដ្ឋាន ក្នុង​ពេល​សកម្មជន​ដីធ្លី​ទាំង​នោះ ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ក្រោយ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Rann Samnang

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា ប្រចាំ​មន្ទីរ​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ប្រតិកម្ម​ទៅ​នឹង​អ្នកនាំពាក្យ​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អ្នកស្រី រ៉ាវីណា ស្សាំដាសានី (Ravina Shamdasani) ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​រិះគន់​ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា ប្រចាំ​មន្ទីរ​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រកាស​ថា ពួកគេ​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ខ្លឹមសារ​នៃ​កំណត់ហេតុ​សារព័ត៌មាន​របស់​អ្នកស្រី រ៉ាវីណា ស្សាំដាសានី។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា អ្នកស្រី រ៉ាវីណា ស្សាំដាសានី អ្នកនាំពាក្យ​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស បាន​លើក​ឡើង​ពី​បរិយាកាស​គំរាមកំហែង​ទៅ​លើ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​នៅ​កម្ពុជា ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​របស់​បក្ស​កាន់​អំណាច​ធ្វើ​បាប​បក្ស​ប្រឆាំង និង​ពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរ​ជាដើម។

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា ប្រចាំ​មន្ទីរ​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រតិកម្ម​ថា ការ​លើក​ឡើង​របស់​មន្ត្រី​នាំ​ពាក្យ​រូប​នេះ គឺ​មាន​ខ្លឹមសារ​បញ្ច្រាស​គ្នា​ទៅ​នឹង​ការ​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​ជំនួប​ចុង​ក្រោយ​បង្អស់​រវាង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ។

បន្ថែម​ពី​លើ​នេះ ពួកគេ​ថា សារធាតុ​នៃ​បញ្ហា​ដែល​អ្នកស្រី រ៉ាវីណា ស្សាំដាសានី លើក​ឡើង​គឺ​ជា​បញ្ហា​ផ្ទៃក្នុង​របស់​កម្ពុជា សុទ្ធសាធ ហើយ​ក្នុង​នាម​ជា​រដ្ឋ​អធិបតេយ្យ​មួយ កម្ពុជា​មិន​អាច​ទទួល​យក​ការ​មូល​បង្កាច់​ណា​មួយ​ចំពោះ​រដ្ឋាភិបាល​ស្រប​ច្បាប់ ហើយ​ក៏​មិន​ទទួល​បញ្ជា ឬ​ទទួល​យក​ការ​វិនិច្ឆ័យ​ណា​មួយ​ពី​តួអង្គ​បរទេស​ទាក់ទង​នឹង​ស្ថាប័ន​តុលាការ និង​ដំណើរ​ការ​ប្រព្រឹត្តិ​ទៅ​នៃ​កិច្ចការ​រដ្ឋ​របស់​កម្ពុជា។

ក្រៅ​ពី​រិះគន់​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​លើ​បក្ស​ប្រឆាំង និង​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​ពលរដ្ឋ អ្នកស្រី រ៉ាវីណា ស្សាំដាសានី ក៏​សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ការ​សំញែង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ប្រកាស​របស់​មន្ត្រី​ជាន់​ខ្ពស់​យោធា​ដែល​ប្ដូរផ្ដាច់​ការពារ​រដ្ឋាភិបាល ហើយ​ប្រឆាំង​ទៅ​នឹង​ក្រុម​ដែល​ប្រឆាំង​រដ្ឋាភិបាល។ អ្នកស្រី រ៉ាវីណា ស្សាំដាសានី ទទូច​ឲ្យ​រដ្ឋាភិបាល​ធានា​នូវ​សុវត្ថិភាព​ដល់​ពលរដ្ឋ​គ្រប់​រូប ហើយ​ក៏​ទទូច​ឲ្យ​រដ្ឋាភិបាល​បង្ក​បរិយាកាស​ល្អ​សម្រាប់​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ។

​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ការ​រិះគន់​ពី​សំណាក់​សហគមន៍​អន្តរជាតិ​មក​លើ​រដ្ឋាភិបាល​កម្ពុជា បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់ ខណៈ​ដែល​គេ​មើល​ឃើញ​ថា ភាព​តានតឹង​នយោបាយ​កំពុង​តែ​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង​ឡើងៗ និង​បន្ទាប់​សកម្មជន​ការពារ​សិទ្ធិមនុស្ស មន្ត្រី គ.ជ.ប ត្រូវ​បាន​ចាប់​ខ្លួន និង​អ្នក​វិភាគ​រិះគន់​រដ្ឋាភិបាល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់។

ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា នេះ​ដែរ មន្ត្រី​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ថា អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នឹង​ធ្វើ​បទ​បង្ហាញ​ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ខាង​មុខ ដើម្បី​រាយការណ៍​ពី​បញ្ហា​សិទ្ធិមនុស្ស​ដែល​អ្នកស្រី​រក​ឃើញ​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា កាល​ពី​ខែ​មីនា កន្លង​ទៅ និង​ហេតុការណ៍​ទាំង​ឡាយ​ដែល​បាន​កើត​ឡើង​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ។

​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា កាល​ពី​ខែ​មីនា អ្នកស្រី រ៉ូណា ស្មីត បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ដែល​អ្នកស្រី​ថា ប្រទេស​កម្ពុជា គឺ​កំពុង​ខិត​ទៅ​ជិត​ចំណុច​កំពូល​នៃ​គ្រោះថ្នាក់​ហើយ៕

No comments:

Post a Comment