Saturday, September 10, 2016

ជប៉ុន​មាន​គំរោង​នាំ​រថភ្លើង​បែបនេះ​មក​ដាក់​នៅ​រាជធានី​ភ្នំពេញ​

រស្មី​កម្ពុជា
ដោយ៖ សុផល



(​តូ​ក្យូ​)៖​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​របស់​ជប៉ុន​បាន​លើកឡើងថា​ជប៉ុន​ចង់​ជួយ​កម្ពុជា​ដើម្បី​សាងសង់​បណ្តាញ​រថភ្លើង​ស្វ័យប្រវត្តិ យូ​រី​កា​ម៉ូ​ម៉ិ ក្នុង​គោលបំណង​ជួយ​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​។​
​ ​
​លោក​កា​វ៉ា​ហ្គូ​ជី អ៊ី​ហ្ស៊ូ​មី ប្រធានការិយាល័យ​ផែនការ​ដឹកជញ្ជូន​ក្នុង​ទីក្រុង នៃ​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន​និង​ទេសចរណ៍​​របស់​ជប៉ុន​បាន​អះអាង​ប្រាប់​អ្នកកាសែត​កម្ពុជា​ដែល​បានធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​តូ​ក្យូ​កាល​ដើមខែ​កញ្ញា​ឆ្នាំ​២០១៦​ថា​៖​រដ្ឋាភិបាល​​ជប៉ុន​ត្រៀម​ជួយ​កម្ពុជា​ជានិច្ច​ក្នុង​ការដាក់​ឲ្យ​ដំណើរការ​រថភ្លើង​ប្រភេទ​យូ​រី​កា​ម៉ូ​ម៉ិ​(Yurikamome) នេះ​ពី​កណ្តាល​រាជធានី​ភ្នំពេញ​​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​លោក​អ៊ី​ហ្ស៊ូ​មី បានឱ្យដឹងថា​ភាគី​ជប៉ុន​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កម្ពុជា​រួមទាំង​លោក​អភិបាល​រាជ​ធានី​ភ្នំពេញ​ផងដែរ​។ បច្ចុប្បន្ន ភ្នាក់ងារ​សហប្រតិបត្តិ​ការ​កម្ពុជា​ជប៉ុន​ចៃ​កា​( JICA) កំពុងតែ​សិក្សា ហើយ​លោក​រំពឹងថា​អ្វីៗ​នឹង​​ដំណើរការ​ទៅមុខ ដើម្បី​រួមចំណែក​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​។​

​ទាក់ទង​នឹង​ទឹកប្រាក់​វិនិយោគ អ្នកជំនាញ​ជប៉ុន​រូប​នេះ​មិនបាន​វាយតម្លៃ​យ៉ាងណា​នោះឡើយ​ពីព្រោះ​លោក​ចាំមើល​ផែនការមេ​និង​ការស្ទង់មតិ​ជាមុនសិន​។​

​សូមបញ្ជាក់​ផងដែរ​ថា កាលពីពេល​ថ្មី​កន្លងមកនេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើកឡើងថា​ការកកស្ទះ​ចរាចរណ៍​មិន​ត្រឹមតែ​ជា​បញ្ហា​ប្រឈម​របស់​រាជធានី​ភ្នំពេញ​ទេ តែ​វា​ជា​កត្តា​រារាំង​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា​ផងដែរ​។​លោក​ក៏បាន​បង្ហើប​ផងដែរ​ថា ជប៉ុន​តាមរយៈ​ទីភ្នាក់ងារ JICA កំពុង​សិក្សា​លើ​គម្រោង «​រថភ្លើង​ស្វ័យប្រវត្តិ​»​ពី​ភ្នំពេញ​ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​៕

No comments:

Post a Comment