Sunday, September 4, 2016

លោក ផៃ ស៊ីផាន៖ លោក ហ៊ុន ម៉ាណែត មិន​ទាន់​ចាញ់​ក្ដី​លោក មាជ សុវណ្ណារ៉ា

RFA
ដោយ ប្រាជ្ញ ចេវ

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ធ្វើ​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​​ថ្ងៃ​ទី១៩ ខែ​សីហា ឆ្នាំ​២០១៥។ RFA/Morm Moniroth

ស្តាប់​សំលេង


អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ចេញ​មុខ​បំភ្លឺ​សាធារណជន​ថា លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ទាន់​​ចាញ់​ក្ដី​លោក មាជ សុវណ្ណារ៉ា ទេ។ ការ​ថ្លែង​បែប​នេះ​របស់​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បន្ទាប់​ពី​មាន​អ្នក​ប្រើ​ហ្វេសប៊ុក (Facebook) មួយ​ចំនួន​ផ្សព្វផ្សាយ​ថា លោក ហ៊ុន ម៉ាណែត និង​រាជរដ្ឋាភិបាល​ចាញ់​ក្ដី​នៅ​សហរដ្ឋអាមេរិក។

ខណៈ​​មេធាវី​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹង​រដ្ឋាភិបាល និង​កូន​ប្រុស​ច្បង​នាយករដ្ឋមន្ត្រី កំពុង​ក្លាយ​ជា​ប្រធានបទ​ពេញ​និយម ជា​ពិសេស​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក របស់​លោក​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២ ខែ​កញ្ញា ថា រដ្ឋាភិបាល​កម្ពុជា គឺ​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​អំណាច​តុលាការ​របស់​សហរដ្ឋអាមេរិក នោះ​ឡើយ។ ចំពោះ​ករណី​លោក ហ៊ុន ម៉ាណែត ជា​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទទួល​បាន​កិច្ច​ការពារ​ដោយ​ច្បាប់​កម្ពុជា ខុស​ពី​លោក មាជ សុវណ្ណារ៉ា ដែល​មាន​សញ្ជាតិ​អាមេរិក។

ចំណែក​អ្នក​វិភាគ​នយោបាយ​យល់​ថា បន្ទាប់​ពី​តុលាការ​អាមេរិក ចាត់​ការ​លើ​រឿង​នេះ នឹង​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ទឹកមាត់ប្រៃ​យក​ទៅ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បែប​នេះ តុលាការ​សហព័ន្ធ​មជ្ឈិម​ក្នុង​ទីក្រុង​ឡូសអែនជែឡេស (Los Angeles) រដ្ឋ​កាលីហ្វ័រញ៉ា (California) បាន​សម្រេច​ឲ្យ​ដើម​បណ្ដឹង​មាន​សិទ្ធិ​រក​ព័ត៌មាន អង្គហេតុ​ភស្តុតាង និង​ការ​សួរ​សំណួរ​បន្ថែម​អំពី​ដំណើរការ​ក្ដីក្ដាំ​ករណី​ប្ដឹងផ្ដល់​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​លោក ហ៊ុន សែន និង​បក្សពួក​កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា។

ក្នុង​ពេល​នោះ​ដែរ មាន​អ្នក​ប្រើ​ហ្វេសប៊ុក មួយ​ចំនួន​ផ្សព្វផ្សាយ​ថា លោក ហ៊ុន ម៉ាណែត និង​រាជរដ្ឋាភិបាល ចាញ់​ក្តី​នៅ​សហរដ្ឋអាមេរិក។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក មាជ សុវណ្ណារ៉ា កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ បាន​ប្ដឹង​លោក ហ៊ុន ម៉ាណែត និង​បក្សពួក​ពី​បទ​ធ្វើ​ទារុណកម្ម ភេរវកម្ម​អន្តរជាតិ ការ​បំពារបំពាន​លើ​រូប​រាង​កាយ និង​ករណី​មួយ​ចំនួន​ទៀត។ លោក ហ៊ុន ម៉ាណែត បាន​ជួល​មេធាវី​ស៊ី​ថ្លៃ​ខ្ពស់​ដើម្បី​ការពារ​ក្ដី​នេះ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ហ៊ុន ម៉ាណែត បាន​ទេ នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា។

​ចំណែក​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ក្នុង​ករណី​តុលាការ​ចាត់​មនុស្ស​មក​ប្រមូល​ព័ត៌មាន​នៅ​ប្រទេស​កម្ពុជា រដ្ឋាភិបាល​មិន​និយាយ​ជាមួយ​ក្រុម​ទាំង​នោះ​ទេ ប៉ុន្តែ​ប្រសិន​ក្រុម អេហ្វ.ប៊ី.អាយ (FBI) ចង់​ស៊ើបអង្កេត​យ៉ាង​ម៉េច ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​កម្ពុជា៖ «ខ្ញុំ​ជម្រាប​អំបាញ់មិញ​ចឹង គេ​អត់​មាន​ស្ថិត​នៅ​ក្នុង​សមត្ថកិច្ច​យុត្តាធិការ​របស់​តុលាការ​ទេ អត់​និយាយ​ជាមួយ​ទេ​នៅ​ក្នុង​ច្បាប់​គេ​អត់​មាន​ខ្វល់​ទៅ​និយាយ​ជាមួយ​អី​ទេ អ្នក​មក​ស៊ើប ស៊ើប​ជាមួយ​អ្នក​ណា?»។

ចំណែក​អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា យល់​ថា នៅ​ពេល​តុលាការ​នៅ​សហរដ្ឋអាមេរិក ដំណើរការ​ក្តី​រឿង​នេះ ជា​ប្រយោជន៍​ដល់​បក្ស​ប្រឆាំង​ដែល​អាច​យក​ករណី​នេះ​ទៅ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​តុលាការ​នៅ​កម្ពុជា កំពុង​ចោទ​ប្រធាន អនុប្រធាន មន្ត្រី​ជាន់​ខ្ពស់ រហូត​​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។ ករណី​ប្ដឹង​លោក ហ៊ុន សែន ឬ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្រោយ​ពី​ការ​ចរចា​នយោបាយ​នៅ​កម្ពុជា ករណី​ប្ដឹងផ្ដល់​នោះ​ក៏​ស្ងប់ស្ងាត់​ទៅ​វិញ៖ «ខ្ញុំ​គិត​ថា​អាច​ជា​មាន​សេណារីយ៉ូ​ហ្នឹង​កើត​ឡើង ព្រោះ​កន្លង​មក​យើង​ឃើញ​ហើយ​កាល​ពី​ហេតុការណ៍​គប់​គ្រាប់​បែក​នៅ​រដ្ឋសភា​ចាស់ មាន​ពាក្យ​បណ្ដឹង​របស់​ជនជាតិ​សហរដ្ឋ​អាមេរិក ហើយ​ពេល​នេះ​មាន​ការ​សម្របសម្រួល​ជាមួយ​លោក សម រង្ស៊ី ដើម្បី​គាត់​អាច​ចូល​ស្រុក ហើយ​រឿង​ក៏​បាន​បញ្ចប់​តាំង​ពី​ពេល​នោះ​ត​ទៅ»។

​ជំនួយការ​មេធាវី​ឲ្យ​លោក មូរតុន ក្លារ (Morton Sklar) ដែល​ជា​មេធាវី​របស់​លោក មាជ សុវណ្ណារ៉ា លោក អ៊ុច សុខខាំបូ ឲ្យ​អាស៊ីសេរី​ដឹង​ថា តុលាការ​សហព័ន្ធ​អាមេរិក អាច​ចេញ​ដីកា​ចាប់​ខ្លួន​លោក ហ៊ុន ម៉ាណែត និង​បក្សពួក​របស់​លោក ប្រសិនបើ​គេ​រក​ឃើញ​ថា លោក​ពិត​ជា​មាន​បទឧក្រិដ្ឋ​ពាក់ព័ន្ធ​នឹង​ការ​បង្ក​របួស​ស្នាម​ធ្ងន់ធ្ងរ​មែន​នោះ៕

No comments:

Post a Comment