Sunday, September 4, 2016

ពល​ការិនី​ខ្មែរ​២​នាក់ រួច​ផុតពី​ក្រ​ញ៉ាំ​តណ្ហា​ថៅកែ​ថៃ​

CEN
ដោយ: គូគូ



​ពោធិ៍សាត់: នារី​២​នាក់​ជា​ពល​ការិនី​ខ្មែរ បាន​រួច​ផុតពី​ក្រ​ញ៉ាំ​តណ្ហា​ថៅកែ​ថៃ​គំនិត​ថោក​មួយរូប​ដែល​​ចោទប្រកាន់ថា​នាង​លួច​ទូរស័ព្ទដៃ តាមពិត​ថៅកែ​ថៃ​នោះ​មានបំណង ចង់​រំលោភ​នារី​ទាំងពីរ​នាក់​នោះ​សោះ ។

​ហេតុការណ៍​បកស្បែក​មុខ​អាក្រក់​របស់​ថៅកែ​ថៃ​នោះបាន​កើតឡើង​ដោយសារ​ថៅកែ​ថៃ​អប្រីយ៍​បាន​ប្តឹង​ចោទប្រកាន់ ឲ្យ​ទាហាន​ឈុតខ្មៅ​ថៃ ធ្វើការ​ឃាត់ខ្លួន​នារី​ទាំងពីរ​នាក់​ពីបទ​លួច​ទូរស័ព្ទ ខណៈ​នារី​រងគ្រោះ​២​នាក់ បាន​ចាក​ចេញពី​ទីតាំង​កន្លែងធ្វើការ​នៅ​ទឹកដី​ខេត្ត​ត្រាត​ប្រទេស​ថៃ មក​ទឹកដី​ខ្មែរ​វិញ តាម​ច្រក​ថ្មដា ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​វេលា​ម៉ោង ១២:៣០​នាទី ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៦​។​

​លោក ជា ជួន មេបញ្ជាការរង​វរៈ​ការពារ​ព្រំដែន​លេខ ៨២៥ ប្រចាំ​ទិស​ថ្មដា បាន​ប្រាប់​ឲ្យ​ដឹងថា នារី​ខ្មែរ​រងគ្រោះ​ទាំង​២​នាក់ មានឈ្មោះ ហុង ឆៃ​គីម អាយុ ២១​ឆ្នាំ និង​ឈ្មោះ ហុង នូ​នូ អាយុ ១៧​ឆ្នាំ ។

​លោក​មេបញ្ជាការរង​បាន​បន្តថា ពេល​ទទួលបាន​ព័ត៌មាន​ភ្លាម មេបញ្ជាការ​វរៈ​៨២៥ និង​មេ​ប៉ុស្តិ៍​រដ្ឋបាល​ផ្លូវ​លេខ​៥៦ បាន​ទំនាក់ទំនង​ទៅ​ទាហាន​ឈុតខ្មៅ​ថៃ ដើម្បី​សួរនាំ​បញ្ហា​រឿងនេះ​។ សមត្ថកិច្ច​ថៃ​បាន​ហៅ​ថៅកែ​ថៃ​មក​ទីស្នាក់ការ​​សួរនាំ​ទល់មុខ​គ្នា ជាមួយ​នារី​រងគ្រោះ​ទាំង​២​នាក់​នោះ​រួចមក ទើប​ដឹងថា​ដើមហេតុ​ដំបូង​
​ថៅកែ​ថៃ​នោះបាន​ទិញ​ទូរស័ព្ទ​តម្លៃ ១៥០០០​បាត​ដោយ​បង់​រំលស់​ប្រាក់ខែ ៥០០​បាត​ក្នុង​មួយខែ ពី​ពលករ​ខ្មែរ​ទាំងពីរ​នាក់​នោះ​។​ប៉ុន្តែ​ដោយសារ​ភ័យខ្លាច​នូវ​អំពើ​ថោកទាប​របស់ ថៅកែ​ថៃ​នោះ មានបំណង​មិនល្អ​មកលើ​ពួកនាង ពោលគឺ​ធ្លាប់​ចាប់​ថើប និង​ប៉ង​រំលោភ ទើប​នាង​រត់​ចេញមក​ដោយ​ជាប់​ជាមួយ​ទូរស័ព្ទ​តែម្តង​។​

​ទោះបី​យ៉ាងនេះ​ក្តី​សមត្ថកិច្ច​កម្ពុជា បាន​សម្របសម្រួល​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ ទូទាត់​ប្រាក់ខែ ដែល​ពួកនាង​មិនទាន់បាន​បើក​ជាមួយនឹង​ថ្លៃ​ជំពាក់​នានា​រួចរាល់ និង​បានប្រគល់​ទូរស័ព្ទដៃ​ឲ្យ​ថៅកែ​ថៃ​វិញ ហើយ​នាំ​នារី​រងគ្រោះ​ទាំង​២​នាក់ ត្រឡប់មក​ទឹកដី​ខ្មែរ​វិញ តាម​ច្រក​ថ្មដារ​ដោយ​សុវត្ថិភាព​៕

No comments:

Post a Comment