ថ្មីៗ
និពន្ធដោយ: អ៊ីសា រ៉ហានី
ថ្ងៃបុណ្យរ៉យ៉ាហាជី (ចូលឆ្នាំ) សម្រាប់សាសនិកឥស្លាមនៅឆ្នាំនេះ គឺត្រូវកំណត់យកថ្ងៃទី១២ កញ្ញា ឆ្នាំ២០១៦។ ការកំណត់នេះ គឺធ្វើឡើងដោយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។
ក្នុងសេចក្តីជូនដំណឹងរបស់គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា បានប្រាប់ដល់ថ្នាក់ដឹកនាំឥស្លាមនៅគ្រប់ខេត្ត-ក្រុងរាជធានីទាំងអស់ ត្រូវប្រារព្ធបុណ្យរ៉យ៉ាហាជី នៅថ្ងៃទី១២ កញ្ញា ជាកំហិត។ ក្នុងសេចក្តីជូនដំណឹងដែលចុះថ្ងៃទី៤ កញ្ញា បានបញ្ជាក់ថា ថ្នាក់ដឹកនាំសាសនាតាមសហគមន៍ទូទាំងប្រទេស ត្រូវប្រកាសជូនដំណឹងនេះ ទៅដល់សាសនិកឥស្លាម ដើម្បីប្រារព្ធពិធីបុណ្យរ៉យ៉ាហាជី នៅថ្ងៃទីខែ ដែលបានកំណត់ខាងដើម។
ក្នុងពិធីបុណ្យរ៉យ៉ាហាជីនេះដែរ ក្រៅពីជួបជុំបងប្អូន និងសាច់ញាតិជិតឆ្ងាយហើយនោះ នៅថ្ងៃនោះផងដែរក៏មានពិធីគួរបាន(Qurban) ឫហៅសំឡេះសត្វពាហនៈ មានសត្វអូដ្ឋ គោ ពពែ និងចៀម ដែលជាពិធីមួយដ៏សំខាន់នៅក្នុងថ្ងៃបុណ្យរ៉យ៉ាហាជីនោះផងដែរ។ ប្រវត្តិបុណ្យគួរបាន គឺជារឿងរ៉ាវប្រវត្តិសាស្ត្រក្នុងជំនាន់ព្យាការីអ៊ីប្រាហ៊ីម និងព្យាការីអ៊ីស្លាអែល ដើម្បីបង្ហាញជំនឿស្មោះត្រង់ទៅចំពោះព្រះអល់ឡោះ។
គួរបាននេះដែរ គឺតម្រូវឲ្យសាសនិកឥស្លាមទាំងអស់ ដែលមានលទ្ធភាព ដើម្បីទិញសត្វពាហនៈ សម្រាប់សំឡេះចែកជូនដល់សាសនិកឥស្លាមហូបនៅក្នុងថ្ងៃរ៉យ៉ាហាជី និងថ្ងៃបន្ទាប់។ សម្រាប់សត្វចិញ្ចឹមដែលត្រឹមត្រូវ និងដែលអាចយកមកធ្វើគួរបានបាន ក្នុងនោះសត្វអូដ្ឋ គឺត្រូវបានអាយុ ៥ឆ្នាំចូល៦ឆ្នាំ សត្វគោ ត្រូវបានអាយុ២ឆ្នាំចូលទៅ៣ឆ្នាំ ពពែមានអាយុ១ឆ្នាំ និងសត្វចៀម ត្រូវមានអាយុ៦ខែចូល៧ខែឡើងទៅ។ ហើយសត្វទាំងអស់ ត្រូវមានសុខភាពល្អ មានអវៈយវៈគ្រប់គ្រាន់ ដោយមិនមានពិការភាព ឫមានផ្ទៃពោះឡើយ៕
No comments:
Post a Comment