RFA
ដោយ ទីន ហ្សាការីយ៉ា
ស្តាប់សំលេង
ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីសំខាន់ក្នុងការផ្ដល់ព័ត៌មានពិតទៅកាន់ប្រជាពលរដ្ឋ ពិសេសនៅអាណត្តិបោះឆ្នោតមកដល់ម្ដងៗ ដែលប្រជាពលរដ្ឋត្រូវទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយទាក់ទងនឹងការបោះឆ្នោត មុននឹងធ្វើការសម្រេចចិត្តថា តើពួកគាត់នឹងបោះឆ្នោតជូនគណបក្សណាមួយដែលជាក្ដីសង្ឃឹមរបស់ពួកគាត់ និងធ្វើឲ្យប្រទេសជាតិរីកចម្រើន។
ទាក់ទងនឹងបញ្ហានេះ រដ្ឋមន្ត្រីសួងព័ត៌មានបានចេញបម្រាមមិនឲ្យប្រព័ន្ធផ្សព្វផ្សាយចុះផ្សាយព័ត៌មាននៅពេលដំណើរការបោះឆ្នោតទៅវិញ។ តើការដាក់បម្រាមនេះជារឿងត្រឹមត្រូវដែរ ឬទេ?
ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតចាត់ទុកបម្រាមរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន មិនអនុញ្ញាតឲ្យចុះផ្សាយពីដំណើរការបោះឆ្នោតនៅពេលបោះឆ្នោតនោះ គឺជាទង្វើហួសពីសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផ្ទុយពីរដ្ឋធម្មនុញ្ញ និងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស។
នាយកប្រតិបត្តិនៃគណៈកម្មការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មានប្រសាសន៍ថា ការដាក់បម្រាម ឬការប្រកាសណាមួយទាក់ទងនឹងការបោះឆ្នោត គឺជាសមត្ថកិច្ចរបស់ គ.ជ.ប មិនមែនជាសមត្ថកិច្ចរបស់ក្រសួងព័ត៌មាននោះទេ។ លោកបញ្ជាក់ថា ការរៀបចំការបោះឆ្នោត និងអំឡុងពេលបោះឆ្នោត ប្រជាពលរដ្ឋត្រូវការព័ត៌មានគ្រប់គ្រាន់ពីដំណើរការបោះឆ្នោតមុននឹងធ្វើការសម្រេចចិត្ត៖ «ការសម្ងាត់នៃការផ្សព្វផ្សាយ ឬការផ្សព្វផ្សាយអី មិនមែនក្រសួងព័ត៌មានជាអ្នកដាក់ចេញទេ ហើយក្រសួងព័ត៌មានក៏មិនត្រូវហាមឃាត់អ្វីដែរ បើសិនជាអ្នកព័ត៌មានទៅលួចមើលគេគូសសន្លឹកឆ្នោតពេលបោះឆ្នោតដូចម្ដេច ហើយយកមកផ្សព្វផ្សាយទើបគេហាម»។
ការលើកឡើងដូច្នេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងនៅក្នុងសិក្ខាសាលាកាលពីថ្ងៃទី៣០ ខែសីហា ស្ដីពីនីតិវិធី និងច្បាប់បោះឆ្នោតដែលធ្វើឡើងនៅក្រសួងព័ត៌មាន។ លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា ជាធម្មតានៅថ្ងៃបោះឆ្នោតសុំឲ្យអ្នកកាសែតនៅស្ងាត់ស្ងៀមដើម្បីឲ្យប្រជាពលរដ្ឋស្ងប់អារម្មណ៍ រហូតដល់ការបោះឆ្នោតបិទបញ្ជី បិទហិបឆ្នោត ទើបអ្នកកាសែតធ្វើអត្ថាធិប្បាយអ្វីផ្សេងៗបាន។
នាយកប្រតិបត្តិមជ្ឈមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង មានប្រសាសន៍ថា ការផ្ដល់ព័ត៌មានដោយមានការទទួលខុសត្រូវទៅកាន់ប្រជាពលរដ្ឋគឺជារឿងចាំបាច់នៅក្នុងសង្គមប្រជាធិបតេយ្យ ពិសេសព័ត៌មានទាក់ទងនឹងការបោះឆ្នោតដែលជារឿងចាំបាច់ ដែលត្រូវផ្សព្វផ្សាយឲ្យពលរដ្ឋបានដឹង ហើយក៏ជាការបង្ហាញពីតម្លាភាពក្នុងការដំណើរការបោះឆ្នោតដែរ៖ «ទី១ រំលោភសិទ្ធិទទួលបានព័ត៌មានជាសាធារណៈរបស់ពលរដ្ឋ និយាយរួមការបោះឆ្នោតជាសិទ្ធិរបស់ពលរដ្ឋ ដែលត្រូវឲ្យប្រជាពលរដ្ឋបានដឹង។ ទី២ ការហាមមិនឲ្យផ្សាយរឿងបោះឆ្នោតនេះ ជាការធ្វើឲ្យមិនមានការទុកចិត្តនៅក្នុងសង្គមខ្មែរ ហើយវាអាចនឹងមានបញ្ហាធំធេងនៅក្រោយការបោះឆ្នោតទៅវិញ»។
ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មាត្រា ៧៧ ចែងថា កាសែត វិទ្យុ និងទូរទស្សន៍របស់រដ្ឋត្រូវផ្សព្វផ្សាយគ្រប់ព័ត៌មានដែលស្នើឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយឥតគិតថ្លៃ ដើម្បីផ្សព្វផ្សាយអំពីការប្រព្រឹត្តទៅនៃការបោះឆ្នោត និងការចាត់ចែងអប់រំការបោះឆ្នោត។ គ.ជ.ប ត្រូវចាត់វិធានការដើម្បីផ្សព្វផ្សាយអត្ថបទឃោសនាតាមសំណើរបស់គណបក្សនយោបាយ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត ផ្អែកតាមគោលការណ៍ស្មើភាព និងតាមលំដាប់ពេលមុនក្រោយ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកបណ្ឌិត ហង្ស ពុទ្ធា ពន្យល់ថា មកទល់ពេលនេះ គ.ជ.ប មិនទាន់មានការណែនាំ ឬក្រមសីលធម៌ថ្មីនៅឡើយទេ គ.ជ.ប នៅមានក្រមសីលធម៌ចាស់ដែល គ.ជ.ប ធ្លាប់អនុវត្តកាលពីបោះឆ្នោតលើកមុនៗ៖ «ខ្ញុំគិតថា សេចក្ដីអំពាវនាវរបស់ក្រសួងព័ត៌មានអាចជាសញ្ញាល្អឲ្យពលរដ្ឋលោកប្រមូលអារម្មណ៍គិតគូរក្នុងការសម្រេចចិត្តបោះឆ្នោតចេញពីដួងចិត្តខ្លួនឯង»។
សេចក្ដីព្រាងក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោត មានមាត្រាមួយចំនួនបានចែងថា អ្នកសារព័ត៌មានមិនត្រូវផ្សព្វផ្សាយព័ត៌មានណាដែលមានការញុះញង់ បរិហារកេរ្តិ៍ មួលបង្កាច់ រើសអើង ប្រកាន់ពូជសាសន៍ ឬវាយប្រហារដែលបង្កឲ្យគ្មានសណ្ដាប់ធ្នាប់ដែលអាចឈានទៅដល់ការប្រើអំពើហិង្សាជាដើម។
ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីសំខាន់ជំរុញឲ្យដំណើរការបោះឆ្នោតមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ លើកកម្ពស់ការយល់ដឹងដល់ម្ចាស់ឆ្នោតអំពីការងារបោះឆ្នោត និងភាពត្រឹមត្រូវនៃលទ្ធផលបោះឆ្នោត ។ល។
សេរីភាពសារព័ត៌មាននេះត្រូវបានធានានៅក្នុងរដ្ឋធម្មនុញ្ញ និងនៅក្នុងសេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្ស មាត្រា១៩ កំណត់ថា មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការសម្ដែងមតិ។ សិទ្ធិនេះ រាប់បញ្ចូលទាំងសិទ្ធិសេរីភាពក្នុងការប្រកាន់មតិ ដោយគ្មានការជ្រៀតជ្រែក និងសេរីភាពស្វែងរកការទទួលនិងការផ្សាយព័ត៌មាន និងគំនិតនានាដោយគ្មានព្រំដែន ទោះជាមធ្យោបាយសម្ដែងមតិណាមួយក៏ដោយ។
ចំពោះការហាមរបស់ក្រសួងព័ត៌មាន មិនផ្សាយពីដំណើរការបោះឆ្នោតនេះវិញ មិនមែនជាលើកទី១ នោះទេ។ កាលពីឆ្នាំ២០១៣ ក្រសួងធ្លាប់បានបានណែនាំអ្នកទទួលខុសត្រូវស្ថានីយវិទ្យុ អេហ្វ.អឹម (FM) ក្នុងស្រុកទាំងអស់ មិនឲ្យផ្សាយបន្តកម្មវិធីផ្សាយជាខេមរភាសារបស់វិទ្យុបរទេសទាំងអស់ក្នុងរយៈពេលបើកការឃោសនា ៣១ថ្ងៃ មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតរើសសមាជិកសភាអាណត្តិទី៥ទេ។ ការបិទផ្សាយនេះ រងការរិះគន់ពីមន្ត្រីស្ថានទូតសហរដ្ឋអាមេរិក សង្គមស៊ីវិល និងអ្នកបណ្ដុះបណ្ដាលវិស័យព័ត៌មានជាដើម។
ស្ថានទូតសហរដ្ឋអាមេរិក បានឆ្លើយតបភ្លាមៗ និងសូមសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពហាមឃាត់នេះ ហើយសហរដ្ឋអាមេរិក តវ៉ាយ៉ាងខ្លាំងក្លាចំពោះរាជរដ្ឋាភិបាលកម្ពុជា។ សេចក្ដីណែនាំនេះ គឺជាការរំលោភបំពានយ៉ាងច្បាស់ក្រឡែតមួយលើសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ ហើយក៏ជាការផ្ទុយទៅនឹងស្មារតីនៃដំណើរការប្រជាធិបតេយ្យដ៏ល្អជាដើម៕
No comments:
Post a Comment