និពន្ធដោយ: ធឿន បញ្ញាឬទិ្ធ

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានឲ្យដឹងថា ឯកឧត្តម កឹម សុខា នឹងមិនអាចបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០១៧បានទេ បើសិនមិនបានចុះឈ្មោះបោះឆ្នោតក្នុងរយៈពេលបីខែនេះ។ តែសម្រាប់លោក ហង្ស ពុទ្ធា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា នឹងអាចចុះឈ្មោះបោះឆ្នោត និងឈឈ្មោះជាបេក្ខភាពតំណាងរាស្ត្របាន នៅឆ្នាំ២០១៧ខាងមុខ។
មកដល់ពេលនេះ ការចុះឈ្មោះបោះឆ្នោតដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រព្រឹត្តិទៅមានរយៈពេលពីរថ្ងៃហើយ ដោយមានប្រជាពលរដ្ឋ មន្ត្រីរាជការ និងអ្នកនយោបាយ បាននាំគ្នាសម្រុកបំពេញបែបបទចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០១៧។ និយាយដល់ចំណុចបេក្ខភាពអ្នកនយោបាយនេះវិញ គេសង្កេតឃើញថា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា ដែលកំពុងរងបទចោទ«បដិសេធក្នុងការចូលខ្លួន» នោះ មិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយទេ ខណៈដែលប្រធានគណបក្សខ្លួន ឯកឧត្តម សម រង្ស៊ី ដែលជាប់ឈ្មោះទណ្ឌិត ហើយកំពុងគេចខ្លួននៅក្រៅប្រទេសនោះ មិនអាចចុះឈ្មោះបោះឆ្នោតបាន។
ចំពោះបញ្ហាឯកឧត្តម កឹម សុខា វិញ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ប្រសិនបើឯកឧត្តម កឹម សុខា មិនបានចុះឈ្មោះបោះឆ្នោតក្នុងរយៈពេលបីខែទេនោះ ឯកឧត្តម កឹម សុខា នឹងមិនអាចបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០១៧បានទេ ។
ចុះបើមិនមានឈ្មោះបោះឆ្នោតឆ្នាំ២០១៦នេះ តើឯកឧត្តម កឹម សុខា នឹងអាចមានឈ្មោះបោះឆ្នោត និងប៉ះពាល់ដល់តួនាទីដែរទេ? ត្រង់ចំណុចនេះលោក ហង្ស ពុទ្ធា មិនទាន់ដឹងច្បាស់ដែរនោះទេ ដោយលោកគ្រាន់តែបកស្រាយថា វាអាស្រ័យលើដំណោះស្រាយបញ្ហាករណីរបស់ឯកឧត្តម កឹម សុខា។ ឆ្លើយនឹងសំនួររបស់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖«បើគាត់(កឹម សុខា) មិនបានចុះឈ្មោះឆ្នាំ២០១៦ គាត់មិនអាចបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ ទេ។ តែគាត់អាចចុះឈ្មោះបោះឆ្នោត និងឈឈ្មោះជាបេក្ខភាពតំណាងរាស្ត្របាន នៅពេលដែល គ.ជ.ប ធ្វើបច្ចុប្បន្នភាពបញ្ជីចុះឈ្មោះបោះឆ្នោត( ត្រួតពិនិត្យបញ្ជីឈ្មោះឡើងវិញ) នៅឆ្នាំ២០១៧ ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងឆ្នាំ២០១៨»។
កាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោត ដែលគ.ជ.ប រៀបចំនោះមានរយៈពេល៣ខែ ពោលគឺចាប់ផ្តើមចុះឈ្មោះបោះឆ្នោត ពីថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី២៩ វិច្ឆិកាឆ្នាំ២០១៦ ។ ខណៈដែលគ.ជ.ប កំពុងរៀបចំចុះឈ្មោះបោះឆ្នោតនេះ ឯកឧត្តម កឹម សុខា មិនទាន់មានវត្តមាននៅតាមមណ្ឌលចុះឈ្មោះបោះឆ្នោតនៅឡើយទេ ដោយប្រធានស្តីទីរូបនេះ បានត្រឹមតែអំពាវឲ្យប្រជាពលរដ្ឋ នាំគ្នាចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នាប៉ុណ្ណោះ ក្រោយពីប្រធានស្តីទីបក្សប្រឆាំងរូបនេះ បានឃុំខ្លួនឯងនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ជាង៣ខែមកហើយ បន្ទាប់ពីតុលាការចោទប្រកាន់ពីបទ«បដិសេធក្នុងការចូលខ្លួន» កាលពីថ្ងែទី២៦ ឧសភា។
ចំណែកប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម សម រង្ស៊ី ដែលជាប់ឈ្មោះជាទណ្ឌិត ហើយកំពុងគេចខ្លួននៅក្រៅប្រទេសវិញ ក៏មិនអាចចុះឈ្មោះបោះឆ្នោតបានដែរ ។
តែយ៉ាងណាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក គូយ ប៊ុនរឿន អះអាងថា ប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម សម រង្ស៊ី អាចមានសិទ្ធិចុះឈ្មោះបោះឆ្នោតបាន នៅអាណត្តិក្រោយនេះ។ តែលោក មិនបានលើកពីមាត្រានៃច្បាប់បោះឆ្នោត ដែលអាចបញ្ជាក់ពីអំណះអំណាងណាមួយឡើយ។ លោក គួយ ប៊ុនរឿន បានបញ្ជាក់ដូច្នេះថា បើតាមគោលការណ៍ច្បាប់នោះឯកឧត្តម សម រង្ស៊ី អាចមានសិទ្ធិពេញលេញ ក្នុងការចុះឈ្មោះបោះឆ្នោត។ ប៉ុន្តែការចុះឈ្មោះនេះ គេអាចមានសិទ្ធិប្ដឹងជំទាស់ឯកឧត្តម សម រង្ស៊ី មិនឲ្យចុះឈ្មោះបាន បើសិនជាគេរកឃើញថា ការចុះឈ្មោះបោះឆ្នោតរបស់ប្រមុខបកសង្គ្រោះជាតិរូបនេះ មានភាពមិនប្រក្រតីនោះ។
ការលើកឡើងរបស់លោក គួយ ប៊ុនរឿន នេះធ្វើឡើងផ្ទុយពីការបកស្រាយរបស់ប្រធានគណកម្មាធិការរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក ដែលធ្លាប់បញ្ជាក់ថា ឯកឧត្តម សម រង្ស៊ី មិនអាចចុះឈ្មោះបោះឆ្នោត និងមិនអាចឈរឈ្មោះបោះឆ្នោតបានទេ ព្រោះតែប្រធានបក្សប្រឆាំងរូបនេះ មានឈ្មោះជា«ទណ្ឌិត» ដែលច្បាប់បោះឆ្នោតមិនអនុញ្ញាតឲ្យមានសិទ្ធិបោះឆ្នោតឡើយ៕
No comments:
Post a Comment