Wednesday, September 7, 2016

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​បទ​ចោទ​ប្រឆាំង​លោក កឹម សុខា

RFA
ដោយ យ៉ង ចាន់តារា

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​លោក កឹម សុខា ដោះលែង​អ្នក​ជាប់​ឃុំ និង​អ្នក​ទោស​នយោបាយ ព្រម​ទាំង​បញ្ឈប់​ការ​គាប​សង្កត់​ផ្នែក​នយោបាយ​គ្រប់​រូបភាព ដើម្បី​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ពេល​ខាង​មុខ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៦ កញ្ញា។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ហៅ​ការ​ជំនុំ​ជម្រះ​បទ​ព្រហ្មទណ្ឌ​លើ​លោក កឹម សុខា ថា​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ហិង្សា​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​រារាំង​មិន​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ករណី​នេះ​ជា​ការ​គាប​សង្កត់​ផ្នែក​នយោបាយ​លើ​គណបក្ស​ប្រឆាំង៖ «ករណី​លោក កឹម សុខា គឺ​ជា​ការ​ជំនុំ​ជម្រះ​ចុង​ក្រោយ​មួយ​ដែល​មាន​ចរិត​នយោបាយ​សំដៅ​គណបក្ស​ប្រឆាំង អ្នក​ការពារ​សិទ្ធិ​មនុស្ស សកម្មជន​សង្គម និង​បញ្ញវន្ត​សាធារណៈ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ប្រើប្រាស់​ល្បិចកល​គ្រប់​បែប​យ៉ាង​ក្នុង​សៀវភៅ ដើម្បី​បន្សាប​ក្រុម​ប្រឆាំង​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ក្រោយ​ពេល​គណបក្ស​របស់​គាត់​ធ្លាក់​ចុះ​ការ​គាំទ្រ​ក្នុង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​មុន»។

ក្រៅ​ពី​នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ចាត់​ទុក​ការ​សម្ញែង​កង​កម្លាំង​យោធា​ដើម្បី​អនុវត្ត​បទបញ្ជា​ចាប់​ខ្លួន ឬ​ចូលរួម​ក្នុង​ការ​អនុវត្ត​ច្បាប់​លើ​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ពេល​ថ្មីៗ​នេះ ថា​ជា​ការ​ប្រព្រឹត្ត​ផ្ទុយ​នឹង​និយាម​អន្តរជាតិ និង​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស។

លោក ប៊្រែដ អាដាម អះអាង​ថា នេះ​ជា​សកម្មភាព​បំភិត​បំភ័យ​ដ៏​ឃោរឃៅ និង​ជា​សញ្ញា​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ប្រើប្រាស់​កម្លាំង​យោធា​ដើម្បី​រក្សា​អំណាច។ លោក​អំពាវនាវ​ដល់​រដ្ឋាភិបាល​បរទេស និង​ម្ចាស់​ជំនួយ ឲ្យ​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ដើម្បី​ឲ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើរ​ទៅ​មុខ ដោយ​ពួក​គេ​ត្រូវ​ធ្វើ​កិច្ចការ​នេះ​រួម​គ្នា និង​ជា​បន្ទាន់។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ច្រាន​ចោល​ការ​លើក​ឡើង​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ។ លោក​ថា​ករណី​លោក កឹម សុខា ជា​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា ហើយ​ថា​ការ​ថ្លែង​របស់​លោក ប៊្រែដ អាដាម ជា​រឿង​ដែល​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត៖ «ការ​ពិត​ហ្នឹង គឺ​ច្បាប់​កម្ពុជា ហាម​មិន​ឲ្យ​អ្នក​ណា​ធ្វើ​អំពើ​ពុក​រលួយ​ដែល​យើង​កំពុង​តែ​ពង្រឹង ហើយ​ទី​ពីរ គឺ​រឿង​ត្រូវ​តែ​ឆ្លើយ​តប​ចំពោះ​ការ​កោះ​ហៅ​របស់​តុលាការ។ អា​ហ្នឹង​ជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ ដូច្នេះ​កុំ​យក​សាច់​រឿង​ហ្នឹង​ទៅ​ជា​រឿង​នយោបាយ»។

ទាក់ទង​នឹង​ការ​ស្នើ​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​លើ​កម្ពុជា លោក ផៃ ស៊ីផាន ថា​រាល់​កិច្ចព្រមព្រៀង​ផ្តល់ ឬ​ទទួល​ជំនួយ កើត​ឡើង​ដោយ​ការ​ស្ម័គ្រ​ចិត្ត​ពី​ភាគី​ទាំង​សង​ខាង ដែល​ជា​ទំនាក់ទំនង​ដៃគូ​ស្មើ​មុខ​គ្នា។

តុលាការ​ក្រុង​ភ្នំពេញ នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​ករណី​លោក កឹម សុខា នៅ​ថ្ងៃ​ទី​៩ កញ្ញា ខាង​មុខ។ ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​ក្នុង​នាម​ជា​សាក្សី ក្នុង​រឿង​សញ្ចារកម្ម​តាម​មាត្រា​៥៣៨ នៃ​ក្រម​ព្រហ្មទណ្ឌ។ អយ្យការ​ហៅ​ការ​មិន​ចូល​ខ្លួន​តាម​ដីកា​កោះ​របស់​លោក កឹម សុខា ថា​ជា​បទល្មើស​ជាក់ស្តែង។

មាត្រា​៥៣៨ នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា រាល់​បុគ្គល​ណា​ដែល​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​មក​ធ្វើ​ជា​សាក្សី​នៅ​មុខ​អយ្យការ ឬ​ចៅក្រម​ស៊ើបសួរ ឬ​មុខ​តុលាការ​ព្រហ្មទណ្ឌ ហើយ​មិន​ព្រម​ចូល​ខ្លួន​តាម​ដីកា​កោះ​ហៅ​នោះ​ដោយ​គ្មាន​មូលហេតុ​សមស្រប ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ​ទៅ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល​ទៅ ១​លាន​រៀល។

សមាជិក​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា គឺ​លោក សំ សុគង់ ថ្លែង​ថា កាល​ពី​ថ្ងៃ​ទី​៦ កញ្ញា ក្រុម​មេធាវី​បាន​ដាក់​ពាក្យ​ស្នើសុំ​ពន្យារ​ពេល​សវនាការ​នៅ​ថ្ងៃ​ទី​៩ កញ្ញា ទៅ​ពេល​ក្រោយ​វិញ ដោយ​រង់ចាំ​ការ​សម្រេច​ពី​តុលាការ​កំពូល ចំពោះ​បណ្ដឹង​សារទុក្ខ​របស់​ក្រុម​មេធាវី ទៅ​នឹង​សាល​ដីកា​របស់​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍។ លោក​ថា បើ​សិន​ជា​មិន​មាន​ការ​ឆ្លើយ​តប​ពី​តុលាការ​នោះ​ទេ ក្រុម​មេធាវី​នឹង​មិន​ចូលរួម​ក្នុង​សវនាការ​នោះ​ឡើយ៖ «វា​ជា​រឿង​នីតិវិធី​សុទ្ធសាធ។ បើ​សិន​ជា​កុំ​ឲ្យ​ការ​កាត់​សេចក្តី​ទៅ​មាន​ការ​រិះគន់ គួរ​តែ​រង់ចាំ​តុលាការ​កំពូល​សម្រេច​សិន​ទៅ វា​មិន​ជា​ការ​យឺត​យូរ ឬ​ក៏​ហួស​ពេល​អី ដែល​តុលាការ​រាជធានី​ភ្នំពេញ​ត្រូវ​ចាំបាច់​កាត់​ថ្ងៃ​៩ (កញ្ញា) ដែរ»។

ក្រុម​មេធាវី​អះអាង​ថា ករណី​លោក កឹម សុខា មិន​មែន​ជា​បទល្មើស​ជាក់ស្តែង​នោះ​ទេ ហើយ​ថា​លោក កឹម សុខា មាន​មូលហេតុ​សមស្រប​ដែល​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ ព្រោះ​លោក​ជា​អ្នក​តំណាង​រាស្ត្រ​ដែល​មាន​អភ័យ​ឯកសិទ្ធិ​សភា៕

No comments:

Post a Comment