ដោយ ម៉ម មុនីរតន៍
លោក មាជ សុវណ្ណារ៉ា មន្ត្រីគណបក្សសង្គ្រោះជាតិ ពេលនាំចេញពីសាលាឧទ្ធរណ៍ យកទៅពន្ធនាគារព្រៃស នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។ RFA/Rann Samnang |
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ដែលកំពុងជាប់ឃុំនៅគុកព្រៃស ត្រូវបានអនុរក្សពន្ធនាគារបញ្ជូនទៅពិនិត្យសុខភាពភ្លាមៗនៅមន្ទីរពេទ្យរុស្ស៊ី បន្ទាប់ពីរបួសចាស់របស់លោករើឡើងវិញ។ ប៉ុន្តែមកដល់ពេលនេះ មន្ត្រីនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ អះអាងថា សុខភាពរបស់លោក មាជ សុវណ្ណារ៉ា បានវិលទៅរកភាពប្រក្រតីឡើងវិញហើយ។
លោក មាជ សុវណ្ណារ៉ា ដែលត្រូវបានចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសដាក់ពន្ធនាគារ ២០ឆ្នាំក្រោមបទចោទដឹកនាំកុបកម្មនោះ ពេលនេះលោកត្រូវបានឆ្មាំពន្ធនាគារបញ្ជូនទៅព្យាបាលរយៈពេលខ្លីនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មុនបញ្ជូនខ្លួនត្រឡប់ទៅគុកព្រៃសវិញ។ ប៉ុន្តែលទ្ធផលនៃការស្កេន (Scan) ពិនិត្យត្រង់របួសចាស់នោះ គឺមិនទាន់ត្រូវបានក្រុមគ្រូពេទ្យបញ្ចេញឲ្យដឹងជាផ្លូវការនៅឡើយទេ។
ជុំវិញរឿងនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្រុមពេទ្យប្រចាំពន្ធនាគារកំពុងតាមដានពីស្ថានភាពជំងឺនេះដោយយកចិត្តទុកដាក់ហើយ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ផ្ទាល់របស់លោក មាជ សុវណ្ណារ៉ា ដែលចុះផ្សាយកាលពីថ្ងៃទី៦ កញ្ញា សរសេរថា ខាងអនុរក្សពន្ធនាគារបាននាំខ្លួនលោក មាជ សវុណ្ណារ៉ា ទៅពិនិត្យសុខភាព ក្រោយពេលរបួសក្បាលរបស់លោកចាប់ផ្ដើមប្រតិកម្មខ្លាំងឡើងវិញ ហើយនិងមានការឈឺចាប់ខ្លាំង។ របាយការណ៍ដដែលនេះឲ្យដឹងថា មូលហេតុដែលនាំឲ្យលោក មាជ សុវណ្ណារ៉ា មកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នេះ ដោយសារខាងពន្ធនាគារពុំមានលទ្ធភាពព្យាបាល។
លោក មាជ សុវណ្ណារ៉ា ដែលទទួលបន្ទុកប្រធាននាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយរបស់គណបក្សសង្គ្រោះជាតិ នេះ ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីខែមិថុនា ឆ្នាំ២០១៥។ ហេតុការណ៍នេះ បណ្ដាលឲ្យលោកទទួលរងរបួសត្រង់ក្បាលជាទម្ងន់។
ស្ថានភាពជំងឺរបស់បុរសដែលធ្លាប់វាយប្រហាររដ្ឋាភិបាលដោយមិនសំចៃមាត់នេះ រើឡើងវិញបន្ទាប់ពីលោកខកខានពិនិត្យសុខភាពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យប្រចាំគ្រួសារនៅសហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនខែណាស់មកហើយ។ គិតមកដល់ពេលនេះ លោកត្រូវឃុំខ្លួននៅពន្ធនាគារព្រៃសអស់រយៈពេលជាង ១ឆ្នាំមកហើយចាប់តាំងពីថ្ងៃចាប់ខ្លួន។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ឲ្យដឹងថា ស្ថានភាពជំងឺរបស់លោក មាជ សុវណ្ណារ៉ា នៅពេលនេះ បានវិលទៅរកភាពប្រក្រតីឡើងវិញហើយ។ លោកបន្តថា ប្រសិនបើមានការប្រែប្រួលបែបណា ខាងពន្ធនាគារព្រៃសនឹងមិនព្រងើយកន្តើយឡើយ ជាពិសេសពេលនេះ ក្រុមគ្រូពេទ្យកំពុងតាមដានការវិវឌ្ឍន៍ពីជំងឺនេះ។ លោកបន្តថា «គេបានរាយការណ៍មកថាដូចជាឥតមានបញ្ហាអីទេ ដោយសារគាត់ឈឺក្បាល។ ដល់អ៊ីចឹងទៅ ក៏មន្ត្រីយើងបញ្ជូនគាត់ទៅពិនិត្យនៅមន្ទីរពេទ្យរុស្ស៊ី។ មិនបានសម្រាកនៅកន្លែងហ្នឹងអីវែងឆ្ងាយទេ គ្រាន់តែពិនិត្យហើយហ្នឹង គេឲ្យបញ្ជូនមកវិញ បានន័យថាអាការៈរបស់គាត់ហ្នឹងមិនមានអីធ្ងន់ធ្ងរទេ»។
ក្រោយពីសំណុំរឿងដ៏ចម្រូងចម្រាស និងជាសំណុំរឿងដែលរងការរិះគន់ខ្លាំងពីសហគមន៍ជាតិ និងអន្តរជាតិ ថាជារឿងនយោបាយនោះ តុលាការគ្រប់ជាន់ថ្នាក់តាំងពីថ្នាក់ទាបរហូតដល់ថ្នាក់កំពូល តែងបដិសេធគ្រប់ដំណាក់កាលនៃការស្នើសុំឲ្យនៅក្រៅឃុំរបស់មេធាវីការពារក្ដី។
ជុំវិញរឿងនេះ មេធាវីការពារក្ដីលោក មាជ សុវណ្ណារ៉ា គឺលោក ជូង ជូងី បញ្ជាក់ថា មកដល់ពេលនេះ ក្នុងនាមលោកជាមេធាវីហាក់ទាល់តម្រិះ ដែលការស្នើសុំស្ទើរគ្រប់នីតិវិធី និងតាមបែបបទនៃច្បាប់ហើយ ប៉ុន្តែសំណើរបស់លោកតែងត្រូវតុលាការទាត់ចោលជានិច្ច។ លោកបន្តថា យោងលើសុខភាពរបស់លោក មាជ សុវណ្ណារ៉ា វាល្មមតែតុលាការពិចារណាបានឲ្យគាត់ទទួលការព្យាបាលមួយដ៏សមរម្យ និងត្រឹមត្រូវ។ លោកបន្តថា «ខ្ញុំព្យាយាមតវ៉ារឿងហ្នឹងថាសុខភាពគាត់ គឺត្រូវឲ្យគាត់ត្រូវចេញទៅព្យាបាលសុខភាពនៅក្រៅប្រទេស ប៉ុន្តែតុលាការហាមគាត់មិនឲ្យចេញទៅក្រៅប្រទេស។ ខ្ញុំមានការសោកស្ដាយដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់គាត់ធ្ងន់ធ្ងរ»។
មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ (LICADHO) លោក អំ សំអាត មិនរំពឹងថា តុលាការអាចធ្វើសេចក្ដីសម្រេចមួយដ៏ត្រឹមត្រូវក្នុងសំណុំរឿងនេះឡើយ បើទោះបីជាស្ថានភាពជំងឺនេះវិវឌ្ឍន៍ទៅរកភាពធ្ងន់ធ្ងរជាងនេះក្ដី។ លោក អំ សំអាត មើលឃើញថា ករណីរបស់គណបក្សប្រឆាំងនេះ វាជារឿងនយោបាយសុទ្ធសាធ។ ហេតុនេះ គេពិបាកជឿណាស់ថា តុលាការអាចដំណើរការក្ដីក្នុងសំណុំរឿងនេះដោយឆន្ទៈដែលផ្អែកលើជំនាញ និងបច្ចេកទេសច្បាប់។ លោកបន្តថា «ខ្ញុំគិតថាក្នុងស្ថានភាពបែបនេះ គឺបែបមិនអាចមើលទៅ បើទោះបីជាមានសញ្ញាណាមួយគាត់ត្រូវចេញទៅព្យាបាលនៅខាងក្រៅយ៉ាងណាក៏ដោយ។ គាត់ធ្លាប់អះអាងថាគាត់មានពេទ្យប្រចាំគ្រួសារ ឬក៏ពេទ្យនៅសហរដ្ឋអាមេរិកនោះ អានោះវារឹតតែមិនអាចទៅទៀត បើយើងមើលទៅលើស្ថានភាពនយោបាយបច្ចុប្បន្ននេះ»។
លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សប្រឆាំងចំនួន ១០នាក់ផ្សេងទៀត ត្រូវបានចៅក្រមនៃតុលាការក្រុងភ្នំពេញ ចោទប្រកាន់ និងផ្ដន្ទាទោសដាក់ពន្ធនាគារចន្លោះពី ៧ឆ្នាំទៅ ២០ឆ្នាំក្រោមហេតុផលចូលរួម និងដឹកនាំកុបកម្មកាលពីខែកក្កដា ឆ្នាំ២០១៤ នៅម្តុំស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ។ ចំនួននៃការឃុំខ្លួនសមាជិកគណបក្សប្រឆាំងនេះ បណ្ដាលឲ្យការចាប់ខ្លួនបានកើនឡើងជាបន្តបន្ទាប់ក្នុងដំណាក់កាលចុងក្រោយ ដោយរួមទាំងសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា និងលោកមេឃុំស្រក ស៊ាង ចែត ជាដើម។ តួលេខនេះ គេនៅមិនទាន់គិតដល់ការឃុំខ្លួនមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) នៅឡើយផង៕
No comments:
Post a Comment