CEN
ដោយ: ដាវុធ
ភ្នំពេញ: កិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ ចង្អៀត និងកិច្ចប្រជុំកំពូលពាក់ព័ន្ឋនៅព្រឹកថ្ងៃទី៧ កញ្ញានេះ គឺជាថ្ងៃទី២ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានារបស់អាស៊ាន។ មេដឹកនាំអាស៊ានបានបញ្ជាក់សារជាថ្មីពីការតាំងចិត្តក្នុងការរក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់ដែលគ្មានអាវុធនុយក្លេអ៊ែរ។
ជាមួយគ្នានេះមេដឹកនាំអាស៊ានបានអនុម័តសេចក្តីប្រកាសអាស៊ានស្តីពីការពង្រឹងការអប់រំសម្រាប់កុមារ និងយុវជននៅក្រៅសាលា និងបានស្វាគមន៍ការអនុម័តផែនការការងារលើវិស័យអប់រំក្នុងឆ្នាំ ២០១៦-២០២០។ជាមួយគ្នានេះបណ្តាមេដឹកនាំអាស៊ានក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាឧបទ្វីបកូរ៉េ បញ្ហាតំបន់ និងអន្តរជាតិដែលមានការ យកចិត្តទុកដាក់ពីគ្រប់ភាគី។
១)កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី១៩ នៅព្រឹកថ្ងៃដដែល បណ្តាមេដឹកនាំអាស៊ានបានអញ្ជើញចូលរួមបន្តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី១៩ ដើម្បីរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ចិនលើកទី២៥ ជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។
កិច្ចប្រជុំនេះ មេដឹកនាំអាស៊ានចិន បានតាមដាននូវការទស្សនាខ្សែវីដេអូអំពីការរំលឹកខួបលើកទី២៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន ចិន ការចេញផ្សាយសៀវភៅពីទិន្នន័យ និងតួលេខជាក់លាក់ ២៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ានចិន ដោយថ្នាក់ដឹកនាំនៃប្រទេសចិន ឡាវ និងពិធីកាត់នំខួបនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន ចិន ក្នុងបរិយាកាសរីករាយស្និទ្ឋស្នាលបំផុត។
មេដឹកនាំអាស៊ាន-ចិន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការ ប្រារព្វខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន និងបានសំដែងនូវការរីករាយចំពោះសកម្មភាព រំលឹកខួបជាច្រើន ដែលបានរៀបចំឡើងដោយភាគីទាំងពីរ ដើម្បីរួមគ្នាប្រារព្វឱកាសដ៏វិសេសវិសាលនោះ។
មេដឹកនាំទាំងអស់បានឯកភាពគ្នាក្នុងការអនុម័តនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជំកំពូលអាស៊ាន-ចិន លើកទី១៩ ដើម្បីរំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន។ ទន្ទឹមនឹងនេះមេដឹកនាំអាស៊ាន-ចិន បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្ត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខមិនប្រពៃណី ដូចជាការប្រឆាំងភេរវកម្ម ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងបទល្មើសតាមអ៊ិនថឺណែត។ ចិនគឺជាប្រទេសដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ាន ជាមួយនិងទំហំពាណិជ្ជកម្មទ្វេភាគីសរុប ៣៤៦,៤ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៥ និងលំហូរវិនិយោគផ្ទាល់ពីចិនមកកាន់អាស៊ានមាន៨,២ ប៊ីលានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៥។
ជាមួយគ្នានេះមេដឹកនាំទាំងអស់ ក៏បានស្វាគមន៍ចំពោះការចូលជាធរមាន នៃពិធីសារនៃការធ្វើវិសោធនកម្មក្របខណ្ឌកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងជាក់លាក់រវាងអាស៊ាននិងចិន នៅថ្ងៃទី១ ខែកក្កដាឆ្នាំ២០១៦។ ទន្ទឹមនឹងនេះមេដឹកនាំទាំងអស់ ក៏បានរំពឹងទុកការសម្រេចឲ្យបាននូវគោលដៅពាណិជ្ជកម្មសរុបចំនួន ១ទ្រីលានដុល្លាអាមេរិក និងការវិនិយោគចំនួន ១៥០ ប៊ី លានដុល្លាអាមេរិក នៅឆ្នាំ២០២០។
នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំទាំងអស់បានអនុម័តសេចក្តីប្រកាសរួមរវាងអាស៊ាននិងចិន ស្តីពីកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្ម និងសង្ឃឹមថានឹងផ្តល់កាលានុវត្តភាពដើម្បីពង្រឹងទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត។
មេដឹកនាំអាស៊ាន បានអរគុណដល់ភាគីចិន ក្នុងការបន្តការគាំទ្រដល់ការលើកកម្ពស់ការតភ្ជាប់អាស៊ាន តាមរយៈការចូលរួម យ៉ាងសកម្ម នៃធនាគារអាស៊ីសម្រាប់វិនិយោគហេដ្ឋារចនាសម្ព័ន្ធ ក្នុងការលើកកម្ពស់ការតភ្ជាប់តំបន់ ពិសេសការកាត់ បន្ថយគម្លាតអភិវឌ្ឍរវាងនិងក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដោយរំពឹងទុកថា ការគាំទ្ររបស់ចិន ដើម្បីអនុវត្ត ផែនការការងារទី៣ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន២០១៦-២០២០។
មេដឹកនាំអាស៊ានក៏បាន ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងលើកទឹកចិត្តដល់ការគាំទ្ររបស់ ចិន សម្រាប់ការសម្រេចឲ្យបាននូវសេចក្តីថ្លែងការណ៍ស្តីពីអាស៊ានមួយ ការឆ្លើយតបមួយ ពោលគឺការឆ្លើយតបរបស់ អាស៊ានមួយទៅនឹងគ្រោះមហន្តរាយនៅក្នុងតំបន់ និងក្រៅតំបន់។ នៅក្នុងកិច្ចប្រជុំកំពូលនេះដែរមេដឹកនាំទាំងអស់ ក៏ បានទទួលស្គាល់ពីតួនាទីរបស់មជ្ឈមណ្ឌលអាស៊ាន-ចិន លើការសម្របសម្រួលពាណិជ្ជកម្ម ការវិនិយោគទេស ចរណ៍ ការអប់រំ និងការផ្លាស់ប្តូរវប្បធម៌រវាងអាស៊ាននិងចិន និងបានស្វាគមន៍ការ អនុម័តនូវការកែសម្រួលអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតមជ្ឈមណ្ឌលអាស៊ាន-ចិន។
មេដឹកនាំអាស៊ានក៏បានធ្វើការកត់សម្គាល់លើគំនិតផ្តួចផ្តើមរបស់ចិន ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការ ២+៧ សម្រាប់ទំនាក់ទំនងអាស៊ាន-ចិន និងតាំងចិត្តធ្វើការឲ្យកាន់តែជិតស្និទ្ឋជាមួយចិន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការដោយឈរលើមូលដ្ឋានសមភាព ការគោរពគ្នាទៅវិញទៅមក ផលប្រយោជន៍និងកុងសង់ស៊ីស។
នៅក្នុងកិច្ចប្រជុំកំពូលនោះដែរមេដឹកនាំទាំងអស់បានគូសបញ្ជាក់នូវសារៈសំខាន់នៃការថែរក្សាសន្តិភាព ស្ថេរភាព សន្តិសុខនិងសេរីភាព នាវាចរណ៍ និងការហោះហើរពីលើសមុទ្រចិនខាងត្បូង ដោយក្នុងនោះមេដឹកនាំទាំងអស់ស្វាគមន៍ការអនុម័តសេចក្តីប្រការរួមរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសអាស៊ាននិងចិន ស្តីពីការអនុវត្តឲ្យបានពេញលេញនិងមានប្រសិទ្ធភាព នូវសេចក្តីថ្លែងការណ៍ប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីធានានូវការអនុវត្តទាំងស្រុងនូវ (DOC) ឲ្យបានពេញលេញនិងមានប្រសិទ្ធភាព។
ខណៈដែលកត់សម្គាល់ពីការរីកចម្រើននៃការពិគ្រោះយោបល់ ស្តីពីក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង (COC) មេដឹកនាំទាំងអស់បានលើកទឹកចិត្តឲ្យបន្តរក្សាជំហាននៃកិច្ចប្រជុំនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ (COC) ឲ្យបានឆាប់ ដោយផ្អែកលើកុង
សង់ស៊ីស។ ជាមួយគ្នានេះមេដឹកនាំអាស៊ាន-ចិន បានស្វាគមន៍ក្នុងការកំណត់ឆ្នាំ២០១៧ ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន-ចិន ដោយរំពឹងទុកនូវការបង្កើនកិច្ចសហប្រតិបត្តិការ និងសកម្មភាពនានា ក្នុងគោលបំណងជំរុញការចូលទស្សនាទៅវិញទៅមក រវាងអ្នកទេសចរណ៍ របស់អាស៊ាន និងចិន។
២)កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី១៩បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំជាមួយចិន មេដឹកនាំអាស៊ានបានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី១៩ ដែលមានលោក ហ្សិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុនចូលរួម។ មេដឹកនាំអាស៊ាន-ជប៉ុន បានបញ្ជាក់សាជាថ្មី នូវការគាំទ្រចំពោះគំនិតផ្តួចផ្តើម និងសកម្មភាពនានាដើម្បីកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយនូវនិន្នាការថ្មី និងបញ្ហាប្រឈមដែលកើត មានឡើង នៅក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងភេរវកម្មនិងហិង្សាជ្រុលនិយម និងបទល្មើសតាមអ៊ិនធើណែត។
មេដឹកនាំអាស៊ានបានស្វាគមន៍ចំពោះគោលបំណងរបស់ជប៉ុន ដើម្បីចូលរួមចំណែកកាន់តែសកម្មក្នុងការថែរក្សាសន្តិសុខ ស្ថេរភាព និងវិបុលភាពនៅក្នុងតំបន់ និងសហគមន៍អន្តរជាតិ ក្រោមគោលនយោបាយរបស់ជប៉ុន គឺការរួមចំណែកដ៏សកម្មដើម្បីសន្តិភាព។ ជប៉ុនបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទី២របស់អាស៊ាន និងជាប្រភពលំហូរវិនិយោគទុនដោយផ្ទាល់ពីបរទេសធំជាងគេលំដាប់ទី២មកអាស៊ាន។ ពាណិជ្ជកម្មរវាងអាស៊ាននិងជប៉ុនបានឈានដល់២៣៩,៤ប៊ីលានដុល្លាអាមេរិកក្នុងឆ្នាំ២០១៥ និងវិនិយោគផ្ទាល់ពីជប៉ុនមកអាស៊ានមានចំនួន ១៧,៤ប៊ីលានដុល្លាអាមេរិកក្នុងឆ្នាំ២០១៥។
មេដឹកនាំអាស៊ានបានស្វាគមន៍ការគាំទ្ររបស់ជប៉ុនដល់ការអភិវឌ្ឍន៍សហគ្រិនមីក្រូធុនតូចនិងមធ្យមនៅក្នុងតំបន់ និងបានកត់សម្គាល់ពីការពង្រឹងនៃការចរចា លើភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ។ ជាមួយគ្នានេះមេដឹកនាំអាស៊ានបានរំពឹងទុកថា ជប៉ុននឹងបន្តគាំទ្រលើផែនការមេ ស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងបានស្វាគមន៍គំនិតផ្តួចផ្តើម របស់ជប៉ុនក្នុងការពង្រឹកភាពជាដៃគូហេដ្ឋារចនាសម្ព័ន្ធមានគុណភាព និងគោលការណ៍ G7 Ise Shima សម្រាប់ការលើកកម្ពស់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមានគុណភាព។ ទន្ទឹមនឹងនេះមេដឹកនាំអាស៊ានបានលើកទឹកចិត្តដល់ការគាំទ្ររបស់ជប៉ុន សម្រាប់ការតភ្ជាប់តាមផ្លូវអាកាសកាន់តែប្រសើរឡើងរវាងអាស៊ាននិជប៉ុន និងបានស្វាគមន៍កិច្ចប្រជុំពិគ្រោះយោបល់អាស៊ាន ស្តីពីកិច្ចព្រមព្រៀងសេវាកម្មអាកាស ចរណ៍ក្នុងតំបន់លើកទី១។
មេដឹកនាំអាស៊ានក៏បានស្វាគមន៍គំនិតផ្តួចផ្តើមតភ្ជាប់មេគង្គ-ជប៉ុន និងការបន្តរួម ចំណែករបស់ជប៉ុន ដល់គំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន តាមរយៈការគាំទ្រលើការអនុវត្តផែនការការងារទី៣ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ានសម្រាប់ឆ្នាំ២០១៦-២០២០។ មេដឹកនាំអាស៊ានក៏បានលើកទឹកចិត្តដល់ការគាំទ្ររបស់ជប៉ុន ចំពោះការសម្រេចឲ្យបាននូវសេចក្តីថ្លែងការណ៍ ស្តីពីអាស៊ានមួយ ការឆ្លើយតបមួយ ពោលគឺការឆ្លើយតបរបស់អាស៊ាន ទៅនឹងគ្រោះមហន្តរាយនៅក្នុងតំបន់និងក្រៅតំបន់។
មេដឹកនាំអាស៊ានបានរីករាយចំពោះការគាំទ្ររបស់ជប៉ុន ចំពោះលើកកម្ពស់ការអភិវឌ្ឍសុខភាពនៅក្នុងតំបន់ និងការពង្រឹងកិច្ចសហប្រតិបត្តិ ការនៅក្នុងវិស័យថែទាំសុខភាព រួមបញ្ចូលទាំងតាមរយៈគំនិតផ្តួចផ្តើមសុខភាពអាស៊ាន-ជប៉ុន។ ជាមួយគ្នានេះមេដឹកនាំអាស៊ានបានរីករាយចំពោះគំនិតផ្តួចផ្តើមរបស់ជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍ធនធានមនុស្សវិស័យឧស្សាហកម្ម និងមូលនិធិជប៉ុន-អាស៊ាន សម្រាប់ការផ្តល់លទ្ធភាពដល់ស្ត្រី ដើម្បីបង្កើនតួនាទីរបស់ស្ត្រីនៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។
នៅក្នុងកិច្ចប្រជុំនោះដែរ មេដឹកនាំអាស៊ាន-ជប៉ុន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងស្វាគមន៍កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើនទំនាក់ទំនងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនៅក្នុង វិស័យកីឡា តាមរយៈការបង្កើតកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីវិស័យកីឡាអាស៊ាន-ជប៉ុន។
មេដឹកនាំអាស៊ាន-ជប៉ុនបានសង្កត់ ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ សេរីភាពនាវាចរណ៍ និងការហោះហើរឆ្លងកាត់លើសមុទ្រចិនខាងត្បូង ដោយក្នុងនោះមេដឹកនាំទាំងអស់ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការ រក្សាភាពអត់ធ្មត់ក្នុងការ ធ្វើសកម្មភាពនានា និងចំពោះរដ្ឋពាក់ព័ន្ធដោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញារបស់អង្គការសហប្រជា ជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។
មេដឹកនាំជប៉ុនបានគូសបញ្ជាក់ពីតម្រូវការសម្រាប់ប្រទេសសមាជិកអាស៊ាននិងចិន ដើម្បីធានាឲ្យបាននូវការអនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធភាព នូវសេច ក្តីថ្លែងការណ៍ស្តីពីប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ឲ្យបានទាំងស្រុង និងបានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកអាស៊ាន និងចិន ធ្វើការឆ្ពោះទៅរកការបញ្ចប់ឲ្យបានឆាប់នូវក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ប្រកបដោយប្រសិទ្ធភាព។
ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សា សន្តិភាព សន្តិសុខ និងស្ថេរភាពនៅឧបទ្វីបកូរ៉េ កិច្ចប្រជុំបានចែករំលែកនូវការព្រួយបារម្ភអំពីស្ថានការណ៍ថ្មីៗ នៅឧបទ្វីបកូរ៉េ រួមទាំងការសាកល្បងអាវុធនុយក្លេអ៊ែរ និងការប្រើប្រាស់បច្ចេកវិទ្យាកាំជ្រួចមីស៊ីលបាលីស្ទីក របស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលនោះគឺជាការ រំលោភទៅលើសេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
មេដឹកនាំអាស៊ាន-ជប៉ុន បានទទូចឲ្យសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គោរពឲ្យបានពេញលេញ តាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ។ ជាមួយគ្នានេះមេដឹកនាំទាំងអស់បានអំពាវនាវឲ្យមានការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េដោយសន្តិវិធី ពិសេសទៅទៀតនោះមេដឹកនាំទាំងអស់ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើតបរិយាកាសប្រកបដោយអំណោយផល ឆ្ពោះទៅរកការចាប់ផ្តើមឡើងវិញ នៃកិច្ចពិភាក្សាប្រាំមួយភាគីឲ្យបានឆាប់រហ័ស ដើម្បីជួយត្រួសត្រាយផ្លូវសម្រាប់ពង្រឹងនិងរក្សាសន្តិភាព សន្តិសុខ និងស្ថេរភាពនៅឧបទ្វីបកូរ៉េ។ ទន្ទឹមនឹងនេះមេដឹកនាំអាស៊ាន-ជប៉ុន ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់ ក្នុងការដោះស្រាយបញ្ហានៃកង្វល់មនុស្សធម៌ រួមមានបញ្ហាចាប់ពង្រត់មនុស្សផងដែរ៕
No comments:
Post a Comment