ថ្មីៗ
និពន្ធដោយ: ខន ចំប៉ា
ក្រសួងមហាផ្ទៃបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះហេតុការណ៍ផ្ទុះគ្រាប់បែកដៃ នៅក្នុងសង្កាត់បឹងកេងកងទី៣ កណ្តាលក្រុងភ្នំពេញ នាយប់ថ្ងៃទី៦ ខែកញ្ញា។ ស្ថាប័ននេះ បានចាត់ទុកករណីផ្ទុះគ្រាប់បែកដៃនេះថា មានចេតនាធ្វើឲ្យសាធារណមតិជាតិ និងអន្តរជាតិមានការយល់ច្រឡំចំពោះសភាពការណ៍សន្តិសុខរបស់កម្ពុជាទាំងមូល ដែលកំពុងតែរក្សាបាននូវប្រក្រតីភាព និងស្ថិរភាពយ៉ាងល្អប្រសើរ។ ក្រសួងមហាផ្ទៃ បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៧ ខែកញ្ញានេះថា៖ «ក្រសួងមហាផ្ទៃ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពដ៏គួរឲ្យស្អប់ខ្ពើមនេះ»។
កម្លាំងសមត្ថកិច្ចកំពុងបន្តចាត់វិធានការស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងហ្មត់ចត់ ស្វែងរកជនល្មើសបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោស។ នេះជាការបញ្ជាក់របស់ក្រសួងមហាផ្ទៃ ដែលបន្ថែមដោយការអំពាវនាវដល់សាធារណជន ឲ្យសហការជាមួយកម្លាំងសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មានពាក់ព័ន្ធផ្សេងៗ ដើម្បីបំពេញបន្ថែមដល់ការងារស្រាវជ្រាវស៊ើបអង្កេតរបស់កម្លាំងមានសមត្ថកិច្ច ឈានទៅកំណត់អត្តសញ្ញាណជនល្មើស។
ទាក់ទងនឹងករណីនេះ សារព័ត៌មានថ្មីៗ មិនអាចសុំការបញ្ជាក់ពីមូលហេតុនៃការបំផ្ទុះនេះពីលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បាននៅឡើយ ដោយលោកបញ្ជាក់ថាកំពុងជាប់ប្រជុំ។
សូមបញ្ជាក់ថា ករណីបំផ្ទុះគ្រាប់បែកដៃ នៅចំណុចផ្លូវលេខ១៦៣ ក្នុងសង្កាត់បឹងកេងកងទី៣ កាលពីម៉ោង៧ និង៤០នាទី យប់ថ្ងៃទី៦ ខែកញ្ញា បានបណ្តាលឲ្យមនុស្សប្រុសស្រី៤នាក់របួសធ្ងន់ និងស្រាល ខូចខាតរថយន្តចំនួន៤គ្រឿង និងសម្ភាររបស់ប្រជាពលរដ្ឋមួយចំនួន៕
No comments:
Post a Comment