រស្មីកម្ពុជា
ដោយ ៖វិបុល
(ភ្នំពេញ) ៖ ស្អែកនេះ សវនាការលើករណីរបស់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនឹងត្រូវសាលាដំបូងរាជធានីភ្នំពេញបើកជំនុំជម្រះ ដែលធ្វើឲ្យមានចំណាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន។ លើសពីនេះទៀត គណបក្សសង្គ្រោះជាតិខ្លួនឯងក៏បានអំពាវនាវឲ្យអ្នកគាំទ្ររបស់ខ្លួន មកប្រមូលផ្ដុំគ្នានៅទីស្នាក់ការគណបក្ស ដោយក្ដីបារម្ភខ្លាចមានការឃាត់ខ្លួនមេដឹកនាំរបស់ខ្លួន។ ប៉ុន្តែយ៉ាងណា ចំពោះករណីនេះ ត្រូវបានអ្នកនាំពាក្យក្រសួងយុត្ដិធម៌ បញ្ជាក់ថា បើទោះបីសាលក្រមនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ស្អែកនេះសម្រេចផ្តន្ទាទោសរូបលោកក៏ដោយនោះនឹងគ្មានការចាប់ខ្លួនលោក កឹម សុខា នោះឡើយ។
ថ្លែងក្នុងបទសម្ភាសន៍ ជាមួយបណ្ដាញសារព័ត៌មានក្នុងស្រុកមួយ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ បានចេញមកពន្យល់យ៉ាងលំអិតនៅថា នឹងគ្មានការចាប់ខ្លួនលោក កឹម សុខា នោះឡើយ បើទោះបីសាលក្រមនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ សម្រេចផ្តន្ទាទោសរូបលោកក៏ដោយនោះ។
លោកបានមានប្រសាសន៍ថា “...ជាដំបូងខ្ញុំសូមបញ្ជាក់ថា តាមអ្វីដែលយើងបានដឹងនោះ នៅពេលនេះ ឯកឧត្តម កឹម សុខាស្ថិតក្នុងឋានៈជាជនជាប់ចោទ ក្នងបទចោទបដិសេធក្នុងការចូលខ្លួន តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌដែលបទល្មើសនេះអាចផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី១សែនរៀលទៅ១លានរៀល...ហេតុនេះនៅពេលជំនុំជម្រះជាគោលការណ៍តុលាការមិនអាចសម្រេចផ្តន្ទាទោសលើសពីកម្រិតទោស ដែលបានកំណត់ក្នុងច្បាប់នោះឡើយ... ចឹងករណីនេះជនជាប់ចោទអាចត្រូវបានតុលាការសម្រេចផ្តន្ទាទោសក្នុងចន្លោះពី១ខែ ទៅ ៦ខែតែប៉ុណ្ណោះ...”។
លោកបន្ដថា “...បើតុលាការសម្រេចផ្តន្ទាទោសរយៈពេលក្រោម១ឆ្នាំបែបនេះ យោងតាមមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌតុលាការមិនអាចចេញនូវសេចក្តីសម្រេចពិសេសណាមួយទាក់ទងនឹងការឃុំខ្លួន ឬបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទបានទេទោះមានវត្តមានជនជាប់ចោទ ឬ មិនមានវត្តមានជនជាប់ចោទក្នុងពេលសវនាការនោះក៏ដោយ...ប្រសិនបើតុលាការចេញប្រកាសសាលក្រមនៅថ្ងៃ៩ខាងមុខ សម្រេចអំពីការផ្តន្ទាទោសលើជនជាប់ចោទក៏ដោយ ក៏សាលក្រមនេះពុំទាន់ចូលជាស្ថាពរនៅឡើយដែលមិនអាចអនុវត្តភ្លាមបាននោះទេ គឺលុះណាតែសាលក្រមចូលជាស្ថាពរ ទើបតុលាការអាចអនុវត្តសេចក្តីសម្រេច ដែលបានកំណត់តាមសាលក្រមស្ថាពរនេះ...” ។
លើសពីនេះទៀត លោក គឹម សន្តិភាព ក៏បានបញ្ជាក់ថា “...យោងតាមមាត្រា៣៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌក្នុងករណីមានវត្តមានជនជាប់ចោទក្នុងពេលសវនាការសាលក្រមនោះ ជាសាលក្រមចំពោះមុខ ដែលទុករយៈពេល ១ខែ សម្រាប់បណ្តឹងឧទ្ទរណ៍គិតពីថ្ងៃប្រកាសសាលក្រម...ក្នុងករណីពុំមានវត្តមានជនជាប់ចោទក្នុងពេលសវនាការ តែជនជាប់ចោទទទួលបានការជូនដំណឹងត្រឹមត្រូវតាមច្បាប់ សាលក្រមនោះ ជាសាលក្រមចាត់ទុកចំពោះមុខ ដែលទុករយៈពេល ១ខែ សម្រាប់បណ្តឹងឧទ្ទរណ៍គិតពីពេលទទួលដំណឹងអំពីសាលក្រម...”៕
No comments:
Post a Comment