CEN
ដោយ: People`s Daily
ក្រុងហាងចូវ -ចិន: នៅថ្ងៃទី២ ខែកញ្ញា កន្លងទៅនេះ លោក Angel Gurría អគ្គលេខាធិការ អង្គការនៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ដែលអញ្ជើញមកទីក្រុងហាងចូវ ដើម្បីចូលរួមកិច្ចប្រជុំកំពូល ក្រុមប្រទេស G20 បានទទួលសម្ភាសន៍ ជាមួយអ្នកយកព័ត៌មាន របស់កាសែត People`s Daily។ លោកបានកោតសរសើរ ចំពោះលទ្ធផលសេដ្ឋកិច្ច របស់ចិន ព្រមទាំងបានកោតសរសើរ ចំពោះការត្រៀមរៀបចំ កិច្ចប្រជុំកំពូល របស់ប្រទេសចិន។
និយាយដល់សេដ្ឋកិច្ច របស់ប្រទេសចិន លោក Angel Gurría យល់ថា នៅឆមាសទីមួយ ឆ្នាំ២០១៦ កំណើនល្បឿនសេដ្ឋកិច្ច របស់ប្រទេសចិនគឺ ៦,៧% ដែលស្ទើរតែស្មើនឹងពីរដង នៃកំណើនល្បឿនសេដ្ឋកិច្ច ពិភពលោក។ សេដ្ឋកិច្ចប្រទេសចិន បានរក្សានូវកំណើនល្បឿនខ្ពស់ នាពេលកន្លងទៅ ហើយបច្ចុប្បន្ន នៅតែជាកម្លាំងចលករដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។ ភាពរុងរឿងថ្កុំថ្កើង នៃសេដ្ឋកិច្ច បានធ្វើឱ្យប្រទេសចិន ទទួលបាន លទ្ធផលល្អប្រសើរ នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងវិស័យផ្សេងៗទៀត។
លោក Angel Gurría បានមានប្រសាសន៍ថា ប្រទេសចិន កំពុងធ្វើកំណែទម្រង់រចនាសម្ព័ន្ធ ដ៏មានសារសំខាន់ណាស់ ព្រោះវានឹងបន្តធ្វើឱ្យសេដ្ឋកិច្ចចិន រុងរឿងថ្កុំថ្កើង និងមានកំណើន។ កម្រិតនៃការធ្វើកំណែទម្រង់ កំណត់នូវសមត្ថភាព នៃកំណើនសេដ្ឋកិច្ច របស់ប្រទេសចិន នៅថ្ងៃអនាគត។
លោក Gurria បានសរសើរដល់ ការខិតខំ និងលទ្ធផលទទួលបាន របស់ប្រទេសចិន បន្ទាប់ពីធ្វើជាប្រធាន កិច្ចប្រជុំក្រុមប្រទេស G20។ លោកបានថ្លែងថា តាមពិតទៅ ចាប់ពីពេលទទួលវេន ពីប្រទេសតួកគី ប្រទេសចិន ក៏បានចាប់ផ្តើមប្រឈម មុខនឹងការសាកល្បងរួចហើយ ពោលគឺក្នុងចន្លោះពីថ្ងៃទី១ ខែធ្នូ ឆ្នាំមុនមកដល់ខែកញ្ញាឆ្នាំនេះ គឺមានរយៈពេល មិនដល់មួយឆ្នាំ ដែលប្រទេសចិន ត្រូវបំពេញការងារ រៀបចំកិច្ចប្រជុំកំពូល នេះមិនមែនជាការងាយទេ។ អ្នករៀបចំឆ្នើម បាននាំមុខឱ្យក្រុមអ្នកជំនាញ មកពីវិស័យខុសៗគ្នា ដូចជា សមាជិកប្រទេស G20 អង្គការសម្រាប់ កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងអភិវឌ្ឍន៍(OECD) អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ, អង្គការពាណិជ្ជកម្មពិភពលោក ជាដើម ដើម្បីផ្តល់កាលវិភាគ កម្មវិធីសម្បូរបែបដល់ កិច្ចប្រជុំកំពូលអ្នកដឹកនាំប្រទេស G20។
លោកបានសង្គត់ធ្ងន់ថា ការបើកចំហ មានសារៈសំខាន់ណាស់។ ប្រទេសខ្លះ បានបិទទ្វារ ហើយអនុវត្តការការពារនិយម ដោយសាររងកម្លាំង សម្ពាធពីកំណើនទាប។ ពួកគេប្រហែលភ្លេចហើយថា មានតែមាគ៌ាបើកចំហរទេ ទើបអាចនាំទៅដល់ ការកើនឡើង និងភាពរុងរឿង។ ការបិទបាំង ឬយកពន្ធគយខ្ពស់អាចនាំមកនូវកំណើនមែន តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ លោកបានវែកញែកថា សព្វថ្ងៃនេះ បណ្តាប្រទេសលើសកលលោក នៅតែខ្វះការសម្របសម្រួលលើគោលនយោបាយ។ ការដែលកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ពិបាកអនុវត្តន៍ គឺដោយសារមានប្រទេសខ្លះ ប្រកាន់យកការការពារនិយម។ នៅពេលជួបការលំបាក មានតែសហការគ្នា និងបើកចំហ ទើបអាចរួមគ្នាពុះពារ ដោះស្រាយបាន។
សន្និសីទកំពូល G20 ក្រុងហាងចូវ ប្រទេសចិន បានបើកធ្វើក្រោមប្រធានបទ " បង្កើតសេដ្ឋកិច្ចពិភពលោក ដែលច្នៃប្រឌិតថ្មី រស់រវើក សហប្រតិបត្តិការគ្នា និងអធ្យាស្រ័យ" ។ លោកAngel Gurria បានថ្លែងថា ការច្នៃប្រឌិតថ្មី មិនគ្រាន់តែជាការបង្កើត ការស្រាវជ្រាវ និងផលិតនៅក្នុងបន្ទប់ពិសោធន៍នោះទេ គឺត្រូវរាប់ទាំងការច្នៃប្រឌិតថ្មី នៅក្នុងវិស័យបណ្តាញ អ៊ីធឺណិត ការអប់រំ និងប្រព័ន្ធត្រួតពិនិត្យ និងគ្រប់គ្រង។ ការច្នៃប្រឌិតថ្មី មិនគ្រាន់តែជារឿង របស់ក្រុមហ៊ុននានាប៉ុណ្ណោះទេ ថែមទាំងជារឿងរបស់ រដ្ឋាភិបាលផងដែរ។ ការធ្វើបែបនេះ ទើបអាចបង្កើនប្រសិទ្ធភាពផលិកម្ម។ មានការច្នៃប្រឌិតថ្មី ទើបមានអាវុធសម្រាប់អភិវឌ្ឍន៍ដ៏ខ្លាំង។ និយាយជារួម ការច្នៃប្រឌិតថ្មី មានសារៈសំខាន់ណាស់ ចំពោះទិសដៅអភិវឌ្ឍន៍ សេដ្ឋកិច្ចពិភពលោក ដែលអាចផ្តល់មធ្យោបាយថ្មី ជាច្រើនសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។
លោក Angel Gurria កត់សម្គាល់ថា សន្និសីទកំពូល G20 មានការទាក់ទង ជាមួយប្រជាជនគ្រប់ៗគ្នា ពីព្រោះសន្និសីទកំពូល ជាការកំណត់លក្ខន្តិកៈហើយបណ្តាប្រទេសជាសមាជិក G20 ត្រូវអនុវត្តជាក់ស្តែង នូវសមិទ្ធផលនៃសន្និសីទកំពូលនេះ និងទទួលបានផលប្រយោជន៍ យ៉ាងច្រើន ។
លោក Angel Gurria បានប្រាប់អ្នកកាសែតប្រជាជនចិនថា គោលនយោបាយល្អ នឹងនាំមកនូវជីវភាពដ៏ល្អ ដែលនេះជាកម្លាំងចលករ សម្រាប់បំពេញភារកិច្ចនៃអង្គការ OECD ហើយលោកជឿជាក់ថា សន្និសីទកំពូល G20 ក្រុងហាងចូវ មុខជានឹងទទួលបាន ជោគជ័យជាមិនខាន៕
No comments:
Post a Comment