Saturday, January 24, 2015

វិ​ភាគ​៖ យី​ង​ឡាក់​ត្រូវបាន​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​ជា​ផ្លូវការ គឺជា​ការបញ្ចប់​អ្នកនយោបាយ​ត្រកូល​ស៊ីណា​វ៉ាត់​ត្រាដ៏​មាន​ប្រជាប្រិយ​​

លោកស្រី យីងឡាក់ អតីត​នាយករដ្ឋមន្ត្រីថៃ
(រូបថតពី៖ Channel News Asia)
នៅ​ទីបំផុត​ក្រុម​សភា​ដែល​កើតចេញ​ពី​រដ្ឋប្រហារ ថ្ងៃ​២២ ខែ​ឧសភា នៃ​រាជាណាចក្រ​ថៃ បាន​បោះឆ្នោត​ដាក់​កំហុស​លើ​លោក​ស្រី​អតីត​នាយ​រដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ាត់​ត្រា មាន​កំហុស​ដូច​ការចោទប្រកាន់​របស់​គណៈកម្មការ​ប្រឆាំ​ង​អំពើពុករលួយ ដែល​ចោទ​លោក​ស្រី​ថា បណ្ដោយឲ្យ​មាន​រឿងអាស្រូ​វ​ពុករលួយ​ក្នុង​គម្រោង​ទិញ​ស្រូវ បង្ក​ការខាតបង់​ប្រាក់​នូវ​ទឹកប្រាក់​រាប់​ពាន់​លាន​បាត ។​

​សភា​នីតិកម្ម​ប្រទេស​ថៃ​ប្រកាសដូចនេះ​ដោយ​ឆ្លង​តាម​ការបោះឆ្នោត ហើយ​ក្នុងនោះសមាជិក​២២០​រូប គឺ ១៩០​សំឡេង​ប្រឆាំង​លោកស្រី ។ សេចក្ដីសម្រេច​នេះ បាន​ហាមឃាត់​លោកស្រីមិនឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ដែល​ករណី​នេះជា​កំហុស​រដ្ឋបាល ។​

​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ថៃ​បាន​ចោទលោកស្រី​យី​ង​ឡាក់ ធ្វើ​ឲ្យ​ខាតបង់​ប្រាក់​៤​ពាន់​លាន​ដុល្លារ​ក្នុង​គម្រោង​ទិញស្រូវ កាល​ពី​លោកស្រី​នៅ​ជា​នាយករដ្ឋមន្ត្រី ។​

​សេចក្ដីសម្រេច​របស់​សភា ដែល​សមាជិក​ភាគច្រើន​ជា​ឧត្តមសេនីយ៍​យោធា និង​មន្ត្រី​មក​ពី​ក្រុមប្រឹក្សា​យោធា គឺ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​ការិយាល័យ​អគ្គព្រះរាជអាជ្ញា​ព្រមាន​ថា បើ​រកឃើញ​ភស្តុតាង នោះ​លោកស្រី​អតីត​នាយករដ្ឋមន្ត្រី​នឹងមានទោស​១០​ឆ្នាំ​ក្នុង​ពន្ធនាគារ ។

​នៅ​ចំពោះមុខ​សភា​នីតិកម្ម​កាលពី​ថ្ងៃ​ម្សិលមិញ លោកស្រី​បាន​បដិសេធថា មិន​មាន​រឿង​ពុករលួយ​កើតឡើង​ទេ ។

​ការវិភាគ​

​អ្នកវិភាគ​មិនមាន​ការភ្ញាក់ផ្អើល​ច្រើន​ទេ ចំពោះ​សេចក្ដីសម្រេច​របស់​សភា​នីតិកម្ម​ប្រទេស​ថៃ ។ ក្រុម​អ្នកវិភាគ​នយោបាយ​ប្រទេស​ថៃ​ចាត់ទុក​សេចក្ដីសម្រេច​នេះ​ថា ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដែល​ធ្វើ អ្នកនយោបាយ​ល្បីឈ្មោះ​ត្រកូល​ស៊ីណា​វ៉ាត់​ត្រា​ម្នាក់​ទៀត​នេះ លាចាក​ពី​ជីវិត​នយោបាយ ដែល​កំពុង មាន​ប្រជាប្រិយភាព​របស់​ប្រជាជន​ថៃ ។

​សេចក្ដីសម្រេច​ដ៏​ជោគជ័យ ប្រឆាំង​អតីត​នាយករដ្ឋមន្ត្រី​ស្ត្រី​ដំបូង​នៃ​រាជាណាចក្រ​ថៃ​រូបនេះ ដែល​មកពី ត្រកូល​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ាត់​ត្រា ត្រូវបាន​ផ្ដួលរំលំ​ដោយ​រដ្ឋប្រហារ​នៅ​ឆ្នាំ​២០០៦ គឺជាសេចក្ដីសម្រេច​ដ៏​កម្រ ប៉ុន្តែ​ប្រកបដោយ​គ្រោះថ្នាក់​ចំពោះ​លោកស្រី​យី​ង​ឡាក់ ដែល​នាំ​ឲ្យ​លោកស្រីនឹង​ត្រូវ​នាំខ្លួន​ឡើង​តុលាការ​កំពូល​ក្នុង​សំនុំរឿង​ព្រហ្មទណ្ឌ ករណី​ពុករលួយ​នូវ​ទឹកប្រាក់៤​ពាន់​លានដុល្លារ ក្នុង​គម្រោង​ទិញ​ស្រូវ ធ្វើ​ឲ្យ​កសិក​រថៃ​ខាតបង់​ម្នាក់ៗ​រាប់​លាន​បាត ។​

​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​នៅ​បណ្ឌិតសភា សកល​វិទ្យាល័យ​ក្យូ​តូ Pavin Chachavalpongpun​និយាយថា «​សេចក្ដីសម្រេច​នេះ​បញ្ជាក់​ពី​ចេតនា​មួយ សំដៅ​បញ្ចប់​ឆន្ទៈ​របស់​ត្រកូល​ស៊ីណា​វ៉ាត់​ត្រា មិនឲ្យ ប្រលូក​នយោបាយ​ដែល​ប្រកបដោយ​គ្រោះថ្នាក់ ហើយ​បើ​តាម​ការវិនិច្ឆ័យ​នេះ គឺ​លោកស្រី​យី​ង​ឡាក់ ប្អូនស្រី​លោក​ថាក់ស៊ីន ពី​ការចង់​ប្រលូក​រឿង​នយោបាយ ដែល​ជា​ការពិត​គឺ​លោកស្រី​មិន​មាន​ឱកាស ធ្វើ​នយោបាយ​បានឡើយ​» ។

​ទាំង​លោកស្រី យី​ង​ឡាក់ និង​លោក​ថាក់ស៊ីន គឺ​ក្រុម​គ្រួសារ​ដែល​មាន​ប្រាក់​មហាសាល ។ ក្រុមគ្រួសារ​នេះ​មានមុខ​ជំនួយ​ធំៗ​ទាំង​ក្នុង និង​ក្រៅប្រទេស ។ គ្រួសារ​នេះ​មាន​ប្រជាប្រិយភាព​បំផុតជាមួយសហគមន៍​ក្រីក្រ ជាពិសេស​នៅ​តំបន់​ភាគ​ខាងជើង​ប្រទេសមាន​ខេត្ត ឈាង​រ៉ៃ និងខេត្ត​ឈាង​ម៉ៃ​ជាដើម ។​

​លោកស្រី យី​ង​ឡាក់ ឆ្នាំ​នេះ​មាន​អាយុ​៤៧​ឆ្នាំ លោកស្រី​ជា​នាយករដ្ឋមន្ត្រី​ជាប់ឆ្នោត​ឆ្នាំ​២០១១ ប៉ុន្តែត្រូវបាន​ដកហូត​អំណាច​ដោយ​តុលាការ​ធម្មនុញ្ញ​នៅ​ដើមឆ្នាំ​២០១៤ ពី​បទ​រំលោភ​អំណាច​រដ្ឋ គឺ​មុនគណៈរដ្ឋមន្ត្រី​របស់​លោក​ស្រី​ត្រូវបាន​រំលាយ ដោយ​រដ្ឋប្រហារ​ថ្ងៃ​២២​ឧសភា គឺ​ពេល​នោះ​ហើយ​ជីវិតនយោបាយ​របស់​លោកស្រី​រង​ការ​រឹត​ត្បិត ហើយ​ងាយ​គ្រោះថ្នាក់​ទៀត គឺ​ការប្រឆាំង​លោកស្រី​ពីបទ​បង្ក​ឲ្យមាន​រឿងអាស្រូវ​ពុករលួយ​ក្នុង​គម្រោង​ទិញ​ស្រូវ ។​

​ការដក​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោកស្រី​យី​ង​ឡាក់ ជំរុញ​ឲ្យ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ធំៗដាក់​លើទំព័រមុខ​

​បណ្ដាញ​ផ្សាយ​ព៌ត៌មាន CNN អាមេរិក បណ្ដាញ​ផ្សាយ​ព៌ត៌មាន BBC អង់គ្លេស ABC អូស្ត្រាលី Channel News Asia កាសែត The New York Times កាសែត Wall Street Journal និង​The Straits Times ធ្វើ​អត្ថាធិបាយដោយ​អត្ថន័យ​ប្រហាក់ប្រហែលគ្នា​ថា ជាការ​វាយ​បំបាក់ស្រី្ត​លេចធ្លោ ម្នាក់​នៅ​អាស៊ី ដែល​បាន​កាន់​អំណាច​តាមរយៈ​ការបោះឆ្នោត ហើយ​ថា​អ្នកនយោបាយត្រកូលស៊ីណា​វ៉ាត់​ត្រា ដែល​ក្រុមបក្សនយោបាយ​ប្រឆាំង​លោក​ស្រីនៅក្នុង​ប្រទេស​ថៃ ចោទថាមិន​និយម​រាជវង្ស​ថៃ ត្រូវបាន​កាត់​ជា​កង់ៗ​ពី​ជីវិត​នយោបាយ ។​

​ប្រទេស​ថៃ​នឹង​រៀបចំ​ការបោះឆ្នោត​សភា​នៅ​ដើមឆ្នាំ​២០១៦ ដែល​លោកស្រី​ពិតជា​មិន​មាន​សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ឡើយ ។​

​អ្នកវិភាគ​ព្រមាន​ថា ចលនា​បង្រួបបង្រួម​ជាតិ​កំពុង​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ ខណៈ​ក្រុម​អាវ​ក្រហម ដែល​និយម​ត្រកូល​ស៊ីណា​វ៉ាត់​ត្រា ហើយ​ភាគច្រើន​មក​ពី​ភាគ​ខាងជើង ទោះជា​មាន​រូបភាព​តិច​តូចក្ដី គឺ​ពួកគេ​នឹង​ដើរ​វ៉ា​តាម​ដងផ្លូវ ប៉ុន្តែ​រដ្ឋាភិបាល​បច្ចុប្បន្ន ដែល​ដឹកនាំ​ដោយ​លោក ប្រយុទ្ធ ចន្ទ​អូ​ចា មេដឹកនាំ​រដ្ឋប្រហារ​ថ្ងៃ​២២​ឧសភា នឹង​អនុវត្ត​ច្បាប់​គ្រា​មាន​អាសន្ន​បន្តទៀត ៕

VOD
ដោយ៖​ នួន បូរិន​ | ថ្ងៃសុក្រ ទី23 មករា 2015, 05:27 PM​

No comments:

Post a Comment