លោក ស៊ុក សុភា និងអ្នកនាងសារីនណា ពេលមកលេងស្រុកខ្មែរ កាលពីកន្លងទៅ (រូបភាព៖ វង្ស សុម៉ាលីន) |
ឆ្លងឆ្លើយតាមសារលើបណ្ដាញអ៊ីនធើណែត (Chat) អ្នកនាង សារីនណា ភរិយារបស់លោក ស៊ុក សុភា បានថ្លែងប្រាប់ថា អ្នកនាងមិនខឹងចំពោះជនអនាមិកដែលបានសរសេររិះគន់មកលើជីវិតរបស់អ្នកនាង និងស្វាមីនោះទេ ដោយបានទាំងអហោសិកម្មដល់ពាក្យសម្ដីឲ្យបុគ្គលម្នាក់នោះ ក្នុងជំហរមិនធ្វើការប្ដឹងផ្ដល់ពីបទបរិហាកេរ្តិ៍ ឬបទប្រមាថបង្ខូចកិត្តិយសនោះផង ។
មកទល់ពេលនេះ នៅតែមិនមានតម្រុយរកឃើញថាបុគ្គលអនាមិកនោះជាអ្នកណាឲ្យប្រាកដនោះទេ បន្ទាប់ពីបង្ហោះសារវាយប្រហារវែងដូចខ្សែចាប៉ីរួចហើយ ក៏បិទគណនេយ្យ Facebook ចោលរហូត មិនឃើញចេញមុខតតាំងជាថ្មី ។ ជាការប៉ាន់ស្មាន ត្រឹមតែមានការសង្ស័យថាបុគ្គលនោះជាស្រី និងជាអ្នកច្រណែនចំពោះ ជិវិតស្នេហារបស់អ្នកនាង និងលោកស៊ុក សុភា ដែលសម្ញ៉ែងចេញពីទឹកដីអូស្ត្រាលីនោះតែប៉ុណ្ណោះ ។
ជនអនាមិកបានប្រើសារវាយប្រហារដ៏កម្រ ដែលបុគ្គលថ្លៃថ្នូរធម្មតា ឬឆ្លងកាត់ការសិក្សាពិបាកនឹងសរសេរពាក្យពេចន៍ទាំងនោះឡើង ។ យោងតាមអ្វីដែលបានលេចឡើង ជនអនាមិកបានតិះដៀលនិងមានការប្រមាថដ៏ច្រើន ជុំវិញករណីដែលអ្នកនាងបង្កើតកូនឲ្យលោកស៊ុក សុភា បានដល់ទៅ៣នាក់ បន្ថែមពីលើកូន២នាក់របស់អតីតស្វាមី ក្នុងពេលដែលទើបរៀបការ កាលពីខែមិថុនា ក្នុងឆ្នាំ២០១២ ។ ជនអនាមិក បានទាំងហៅសកម្មភាពគ្រប់យ៉ាងរបស់លោក ស៊ុក សុភា ដែលបានបំពេញតួនាទីជាមួយកូន និងកិច្ចការក្នុងផ្ទះ ថាជាទង្វើបម្រើប្រពន្ធដោយបង្ខំចិត្ត ព្រោះខ្លាចអ្នកនាងធាក់ចេញពីប្រទេសអូស្ត្រាលីនោះផង។
អ្នកនាងសារីនណា បានហៅការវាយប្រហារ ថាជាការឈ្នានីស និងបង្ហាញថាជនអនាមិកបានយកភាពថ្លៃថ្នូរមកចាក់ចោល ។ បើទោះជា ភាពចម្រូងចម្រាស់ត្រូវគេដឹងថាស្ងប់ស្ងាត់ ក៏ពាក្យសម្ដីដែលបានតិះដៀល បានធ្វើឲ្យប្ដីប្រពន្ធជាតារាទាំងពីរត្រូវ ប្រឡាក់ប្រឡូសដោយស្នាមអាស្រូវ ។ យ៉ាងណាក៏ដោយ តបនឹងការប្រើពាក្យដ៏គ្រោតគ្រាតដែលVOD មិនស្រង់យកមករំឮក អ្នកលេងFacebook ក៏សរសេររិះគន់វាយប្រហារទៅជនអនាមិកមិនអន់ផងដែរ ។
អ្នកនាងសារីនណានិយាយថា «ស្វាមីខ្ញុំ គាត់ជួយធ្វើកិច្ចការក្នុងផ្ទះ ជួយមើលខុសត្រូវកូន មិនគួរនឹងប្រើពាក្យថាគាត់ជាអាវែក ដែលបម្រើប្រពន្ធ ព្រោះខ្លាចប្រពន្ធនោះទេ ហើយភានៅអូស្ត្រាលី មិនមែនដេកស៊ីកម្លាំងខ្ញុំដូចម្នាក់ហ្នឹង (អ្នកវាយប្រហារ) ថាទេ គឺពួកយើងប្រឹងរកលុយដូចគ្នា»។
ទោះជាត្រូវមើលថែកូនដល់ទៅ៥ក្នុងបន្ទុក ក៏អ្នកនាងប្រាប់ថា ខ្លួន និងលោក ស៊ុក សុភា នៅតែចែកពេលទទួលការងារ ដើម្បីរកលុយដោយប្រើមធ្យោបាយរៀងខ្លួន ។ អ្នកនាងបានហៅទង្វើរបស់លោកស៊ុក សុភា ថាជាបុរសល្អ ជាប្ដីល្អ និងជាឪពុកដ៏ល្អ ដោយមិនមែនជាការបង្ខិតបង្ខំនោះទេ ។ អ្នកនាងនិយាយថា «ទោះជាខ្ញុំធំធាត់នៅអូស្ត្រាលី ក៏កិច្ចការខ្លះ ខ្ញុំមិនបានឲ្យភាគាត់ធ្វើនោះទេ ប៉ុន្តែគាត់ឃើញខ្ញុំពិបាក ហើយពេញចិត្តធ្វើដើម្បីកូន ទើបគាត់មិនដែលប្រកាន់»។
អ្នកនាងថា បើអ្នកនាងធ្វើបាបស្វាមីដូចអ្វីដែលគេបានមាក់ងាយ ប្រហែលជាលោកស៊ុក សុភា ផាយត្រឡប់មកស្រុកខ្មែរដើម្បីសេរីភាពបាត់ទៅហើយ ដ្បិតនៅស្រុកខ្មែរ លោកក៏មានការងារ និងមានមុខជំនួញដែលមិនពិបាក ។ អ្នកនាងប្រាប់ថា កាលពីមុនបានផ្ទុះកំហឹងនឹងការវាយប្រហារ ប៉ុន្តែពេលនេះ បានសម្រេចចិត្តរំលត់ការប្រមាថនោះហើយ បន្ទាប់ពីទើបបានសិទ្ធិនាំយកកូនប្រុសទី៥ ដែលកើតមុនខែ ហើយត្រូវមន្ទីរពេទ្យយកទៅចិញ្ចឹមតាំងពីថ្ងៃចាប់កំណើតប្រមាណជា២ខែ ឲ្យមករស់នៅជួបជុំគ្នា នៅថ្ងៃសុក្រនេះ ។ អ្នកនាងនិយាយថា «កូនពៅខ្ញុំ កើត៧ខែ ហើយកាលនោះមានទម្ងន់តែជាងមួយគីឡូប៉ុណ្ណោះ ទើបពេទ្យយកទៅថែបំប៉ន ដើម្បីឲ្យមានសុខភាពពេញលេញដូចក្មេងទូទៅ»។
មកទល់ពេលនេះ កូនប្រុសរបស់អ្នកនាង និងលោកស៊ុក សុភា មានទម្ងន់ជិត៣គីឡូហើយ ទើបទទួលបានសិទ្ធិឲ្យនាំយកមកត្រឡប់ផ្ទះវិញ។ ទាំងអ្នកនាង និងស្វាមី បញ្ជាក់ក្នុងកិច្ចសម្ភាសន៍ថា សម្រេចចិត្តបញ្ចប់ការតតាំងជាមួយបុគ្គលអគិតម្នាក់នោះទៀតហើយ ដើម្បីជាកាដូ របស់វត្តមានរបស់កូនប្រុស ដែលឃ្លាតពីទ្រូងតាំងពីថ្ងៃចាប់កំណើត ឲ្យចូលមករស់នៅជុំគ្នា ។ អ្នកនាងបន្តថា លោកស៊ុក សុភា ជាស្វាមី បានទាំងប្រាប់ឲ្យអ្នកនាងអហោសិកម្មដល់បុគ្គលម្នាក់នោះ ដើម្បីឲ្យគេភ្ញាក់ខ្លួនដែលនៅសុខៗស្រាប់តែសរសេរសារវែងដូចខ្លែង វាយប្រហារដល់អ្នកទាំងពីរធ្វើឲ្យមានការភ្ញាក់ផ្អើលនោះទៀតផង ៕
VOD
ដោយ៖ វង្ស សុម៉ាលីន | ថ្ងៃសុក្រ ទី23 មករា 2015, 09:30 AM
No comments:
Post a Comment