Tuesday, February 17, 2015

លោក ខៀវ សុភ័គ​៖ អាឡិចអាច​សុំ​ទិដ្ឋាការ​ជាថ្មី​បាន បន្ទាប់​ពី​ចេញ​ពី​កម្ពុជា​មួយ​រយៈ​

លោក​ Alex Gonzalez Davidson​ សកម្មជន​ការពារធនធាន​ធម្មជាតិនៅ​តំបន់​អារ៉ែង
(រូបថតពី៖ Facebook)
អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃអះអាង​ថា​ លោក អាឡិច (Alex Gonzalez Davidson) សកម្មជន​​ការពារ​តំបន់​អារ៉ែង​​ត្រូវ​បាន​ក្រ​សួង​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ខ្មៅ​ហាម​ឃាត់​មិន​ឲ្យ​សុំ​ទិដ្ឋា​ការកម្ពុជានៅ​​ហើយ តែ​លោក​អាឡិច​ត្រូវ​ចាក​ចេញ​ពី​កម្ពុជា​មួយ​រយៈ​សិន​ មុន​នឹង​អាច​មាន​សិទ្ធិ​សុំ​ទិដ្ឋា​ការថ្មី​​ចូល​ប្រទេស​កម្ពុជា ។​

អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ លោក ខៀវ សុភ័គ បាន​ប្រាប់ ​VOD នៅ​រសៀល​នេះ​ថា លោក​អាឡិចបាន​មក​រស់​នៅ​កម្ពុជា​ជា​យូរ​ឆ្នាំ​មក​ហើយ ពោល​គឺ​ជាង​១០​ឆ្នាំមក​ហើយ និង​មិន​ដែល​បានចាក​ចេញ​ពី​កម្ពុជា​ម្តង​ឡើយ ដោយ​លោកអាឡិច​បានបន្ត​​ទិដ្ឋាការ​ជាបន្តបន្ទាប់​រហូត ។ លោកថា លោកអាឡិចត្រូវចាក​ចេញ​ពី​កម្ពុជា​មួយ​រយៈ​សិន ហើយ​​ពេល​ណា​លោក​អាឡិច​ ចង់​វិល​ត្រឡប់​មក​កម្ពុជា​វិញ គាត់​អាច​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​នៅ​តាម​ស្ថាន​ទូត​ខ្មែរ​នៅ​បរទេស​បាន ។

លោក ខៀវ សុភ័គ ​បញ្ជាក់​ថា «អស់​ម្តង​សុំបន្តៗជា​ច្រើន​ដង​ហើយ ដូច្នេះ​ដើម្បី​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ទាំង​អស់​គ្នា ព្រោះ​ធម្មតា​ជន​បរទេស​គេ​​មិនឲ្យ​សុំ​លើស​ពី​ពីរ​ដងទេ...អញ្ចឹង​សុំ​ឲ្យ​គាត់​ទៅ​ម្តង​សិន​ទៅ គាត់​ចេញ​មួយ​រយៈ​សិនទៅ ពេល​គាត់​ចង់​មក​វិញ គាត់​អាច​ដាក់ពាក្យ​សុំ​ទិដ្ឋា​ការមកកម្ពុ​ជាវិញ​បាន មិន​ដូច​លើក​មុន​ថា​គាត់​ទៅ​ហើយមិនអាច​មក​វិញ​បាន មិន​អញ្ចឹង​ទេ អាហ្នឹង​មាន​ការ​ប្រែ​ប្រួល​ត្រង់​ហ្នឹង​បន្តិច» ។

ទោះ​យ៉ាង​ណា លោក​ ខៀវ សុភ័គ​ មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​ប្រែ​ប្រួល​នេះ​ទេ ។​

កាល​ពីថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ម្សិល​មិញ លោក សម រង្ស៊ី បាន​ផ្ញើ​លិខិត​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដោយស្នើឲ្យលោក ស ខេង អន្តរាគមន៍​ទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ បន្ត​ទិដ្ឋាការ​ឲ្យ​លោក អា​ឡិច ដើម្បី​អាច​មាន​សិទ្ធិ​បន្ត​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា ។ លោក សម រង្ស៊ី បាន​លើក​ឡើង​ថា រូបលោកក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​យល់ឃើញថា លោក អា​ឡិច មិនមែនជា​ឧក្រិដ្ឋជន ហើយក៏​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឲ្យ​បណ្តេញ​គាត់ចេញពី​ប្រទេស​កម្ពុជា ។​

ចំណែក​ឯ​អង្គការសមាគមជាង​៣០ នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ចេញ​សេចក្តី​ថ្លែង​ការ​រួម​មួយ​ដោយ​សម្តែង​ការ​សោក​ស្តាយ​ ចំពោះ​សេចក្តី​សម្រេច​ចិត្ត​មិន​បន្តទិដ្ឋា​ការជូន​លោក អាឡិច ។ អង្គការ​សមាគម ទាំង​នោះ​ចាត់ទុក​លោក អាឡិច ថាជា​បុគ្គល​មួយ​រូប​​ដែល​ឈាន​មុខ​គេ​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ការពារតំបន់​អារ៉ែង​មិ​ឲ្យ​មាន​ការកសាង​ទនប់​វារី​អគ្គិសនី ដែល​គេ​ជឿ​ថា ការ​កសាង​ទំនប់​វារី​អគ្គិសនី​នេះ នឹង​អាច​ប៉ះពាល់​ដល់​ដី​លំនៅ​ដ្ឋាន​របស់​ជន​ជាតិ​ជង​នៅ​ទីនោះ ។

មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ​សម្តែង​ការ​ស្វាគមន៍​ចំពោះ​រដ្ឋាភិ​បាល​បាន​​លុប​ឈ្មោះ​លោក អាឡិច ចេញពី​បញ្ជី​ខ្មៅ តែ​លោកនៅ​តែបង្ហាញ​​ការ​សោក​ស្តាយដែល​រ​ដ្ឋា​ភិ​បាល​តម្រូវ​ឲ្យ​លោក​អាឡិច ចេញ​ពី​កម្ពុជា​ជាមុនសិន​ ទើប​អាច​សុំ​ទិដ្ឋាការ​មក​ជា​ថ្មី ។ លោក​ថា នៅកម្ពុជាពុំមានច្បាប់ណាមួយកំណត់ថាជនបរទេសដែលរស់នៅកម្ពុជា និងបានសុំទិដ្ឋាការម្តងជាពីរដងហើយ ត្រូវចាកចេញពីកម្ពុជាជាមុនសិនទើបអាចសុំម្តងទៀតនោះទេ ដោយ​លោកចាត់​ទុក​វិធាន​ការ​នេះ​ថាជា​ការ​ដែល​ធ្វើ​ឲ្យ​ល្អ​មើលជាជាង​ការ​ប្រើ​ពាក្យ​បណ្តេញ​ចេញ ។

លោក​ អំ សំអាត បន្ត​​ថា «​គ្រាន់តែ​ធ្វើ​ឲ្យ​ល្អ​មើល​ កុំ​ឲ្យ​អាក្រក់​មើល​ពេក កាល​ណា​បណ្តេញ​ចេញ​វា​អាក្រក់​មើល តែ​កាល​ណា​បើសិន​ជា​ឲ្យ​អាឡិច​ចាក​ចេញ​ទៅ​ ហើយ​សុំ​វីសា (ទិដ្ឋាការ)ចូល​ជា​ថ្មី គេ​មិន​ផ្តល់​វីសា​ឲ្យ​ចូល​ ចូល​អត់​បាន​ដូច​គ្នា ។ អញ្ចឹង​វាគ្រាន់​តែ​ជា​ការ​ធ្វើ​កុំ​ឲ្យ​អាក្រក់​មើល​ប៉ុណ្ណោះ តែ​យើ​ងជា​សង្គម​ស៊ី​វិល នៅ​តែ​ទទូច ថាសុំឲ្យ​រដ្ឋា​ភិបាលពិ​និត្យ​ពិចារណា បើ​សិន​ជា​ដក​ឈ្មោះអាឡិច​ចេញ​ពីបញ្ជី​ខ្មៅ​ហើយ គួរតែ​បន្តទិដ្ឋាការ​ឲ្យ​អាឡិច​ស្នាក់​​នៅ​កម្ពុជានេះ​បន្តទៀត» ។

នៅ​រសៀលថ្ងៃ​អង្គារ​​នេះ VOD មិន​អាច​ទាក់​ទង​លោក អាឡិច ដើម្បី​សុំ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​ជំហរ​របស់​ក្រ​សួង​មហាផ្ទៃ​នេះ​បាន​ទេ ។ ទោះ​យ៉ាង​ណា សហការី និង​ជា​ស្ថាបនិក​មួយ​រូប​របស់​អង្គការ​មាតា​ធម្មជាតិ លោក សាន់ ម៉ាឡា ដែល​បាន​លើក​ទូសព្ទ​របស់​លោក អាឡិច បាន​ប្រាប់ VOD ថាការផ្លាស់​ប្តូ​ជំហរ​របស់​ក្រសួង​នេះ គឺ​គ្រាន់​​តែ​ជា​ល្បិច​កល​មួយ​ដើម្បី​ឲ្យ​លោក អាឡិច ចាក​ចេញ​ពី​កម្ពុជា​តាម​សម្រួល រួច​ហើយ​នឹង​បិទ​មិន​ផ្តល់​ទិដ្ឋាការដល់​លោក អាឡិច បន្ទាប់​ពី​ការ​ចាក​ចេញ ។

លោក​ សាន់ ម៉ាឡា បន្តថា «អញ្ចឹងយើង​គិតថា​បើ​យើងចេញ ក៏​យើង​អត់​អាច​​សុំ​ទិដ្ឋាការ​ហ្នឹង​បន្ត​ទៀត​បាន​ដែរគឺ​យើង​សុខ​ចិត្ត​នៅ​ក្នុង​ស្រុក​ខ្មែរ ទោះ​បីជា​មាន​ការធ្វើអន្តរាគមន៍ ឬធ្វើ​សកម្មភាព​ណាមួយ​មកលើ​ពួក​យើង​យ៉ាងណា​​ក៏​យើងទទួល​យក» ។​​

​លោក អា​ឡិច ជា​ជនជាតិ​អេស្ប៉ាញ​ដែល​បាន​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា​នេះ​ជាង​១០​ឆ្នាំមកហើយ និង​ចេះ​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ច្បាស់លាស់ ព្រមទាំង​បាន​បង្កើត​សមាគម​ការពារ​ព្រៃឈើ​មួយ​ឈ្មោះថា មាតា​ធម្មជាតិ ដែល​មាន​សមាជិក​ភាគច្រើន​ជា​ជនជាតិដើម​ភាគតិច​នៅ​តំបន់​អា​រ៉ែ​ង ។ ទិដ្ឋា​ការ​របស់​លោកនឹង​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃ​​​ទី​២០ ខែ​កុម្ភៈ ខាង​មុខ​នេះ​ ៕

៽VOD
ដោយ៖​ ទូច សុខា​ | ថ្ងៃអង្គារ ទី17 កុម្ភៈ 2015

No comments:

Post a Comment