Tuesday, February 17, 2015

​លោក អាំង មាលតី នឹង​ត្រូវ​ដកចេញ​ពី​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​​

សារព័ត៌មាន​មួយចំនួន​បាន​ផ្សព្វផ្សាយ​ថា ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អាំង មាលតី នឹង​ត្រូវ​ដកចេញ​ពី​តំណែង បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម​នឹង​ការដោះលែង​ឪពុកម្តាយ ឧកញ៉ា ថោង សារ៉ាត់ ឲ្យនៅ​ក្រៅ​ឃុំ​។​

​ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី​ប្រតិកម្ម​ភ្លាមៗ ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម បាន​កោះប្រជុំ​ជា​បន្ទាន់​មួយ សម្រេច​ដក​តំណែង លោក អាំង មាលតី ចេញពី​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ មក​បញ្ឈរជើង​នៅ​ក្រសួង​យុត្តិធម៌ ហើយ តែងតាំង​លោក តាំង ស៊ុន​ឡាយ ដែល​ជា​អនុប្រធាន​នោះ​មក​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ជំនួស​វិញ​។​

​ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន ឲ្យ​VOD​ដឹង​នៅ​រសៀល​ថ្ងៃ​អង្គារ​ទី​១៧​ខែ​កុម្ភៈ​នេះ​ថា ករណី​នេះ​ខាង​ក្រសួង​នៅ​មិនទាន់​ទទួលបាន​ដំណឹង​ជា​ផ្លូវការ​ទេ​។ លោក​មានប្រសាសន៍ថា «​បាទ​ដូចជា​មកដល់ពេលនេះ ដូចជា​មិន​មាន​ព័ត៌មាន​ផ្លូវការ​អី​ដែរ​ទាក់ទង​រឿង​ហ្នឹង ទេ វា​អាស្រ័យ​ទៅ​លើ​ឧត្តម​ក្រុមប្រឹក្ស​អង្គចៅក្រ​មគា​ត់​ជា​អ្នកសម្រេច​ណា៎ ចឹង​ទេ​ក្រសួង​ដូចជា​មិន​ទាន់​ទទួលបាន​ព័ត៌មាន​អី​ផ្លូវការ​ពី​ការសម្រេច​របស់​ឧត្តម​ក្រុមប្រឹក្សា​អង្គចៅក្រម​ហ្នឹង​ដែរ (​អ្នកសារព័ត៌មាន​៖ ចា៎បាន​ន័យ​ថា​ដំណឹង​នេះ​មិនទាន់​ផ្លូវការ​នៅឡើយ​ទេ​?) បា៎ដូច​ជាមិនទាន់​ផ្លូវការ​ទេ​បា៎​»​។​

​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អាំង មាលតី មិនអាច​ទាក់ទង​បាន​ទេ ។​ចំណែក​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​តាំង ស៊ុន​ឡាយ មានប្រសាសន៍ថា ករណី​នេះ​លោក​មិនទាន់​ទទួលបាន​ដំណឹង​ជា​ផ្លូវការ​នៅឡើយ​ទេ ខណៈ​ព្រឹក​មិញ​មាន​កិច្ចប្រជុំ​រហូតដល់​ថ្ងៃត្រង់ ដែល​លោក​មិន​បាន​នៅ​ដល់​ចប់ ។ លោក​មានប្រសាសន៍ថា «​ខ្ញុំ​អត់​ទាន់​ដឹង​ច្បាស់​ដែរ​ខាង​...​ហើយ​ចាំ​មើល​ឯកសារ​ពាក់ព័ន្ធ​ដល់ដៃ អាហ្នឹង​បាន​ខ្ញុំ​ហ៊ាន​និយាយ ខ្ញុំ​អត់​បាន​ដឹង​ច្បាស់​ដែរ ហើយ​ព្រឹក​ម៉ិញ​ខ្ញុំ​ជាប់ជម្រះ ជម្រះ​ទៅ​អត់​ដឹង​ព័ត៌មាន​ហ្នឹង​ទេ ខ្ញុំ​អត់​បាន​ដឹង​ទេ ព្រោះ​ព្រឹក​ម៉ិញ ជម្រះ​មែន ជម្រះ​រហូតដល់​ម៉ោង​១១​ជាង​ណា៎ បាន​ខ្ញុំ​ទៅ​ផ្ទះ​ទៅ​អត់​បាន​ដឹង​ការងារ​ហ្នឹង​»​។​

​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​សិស្ស​និស្សិត​សាកលវិទ្យាល័យ​មួយ ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រិះគន់​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​មាន​ចៅក្រម​លោក លី សុខ​លេង បាន​ដោះលែង ឪពុកម្តាយ ឧកញ៉ា ថោង សារ៉ាត់ ឲ្យនៅ​ក្រៅ​ឃុំ ដោយ​លោក​ស្នើសុំ​ឲ្យ​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ចាត់វិធានការ​ជាបន្ទាន់​លើ​ករណី​នេះ​។ លោក​មានប្រសាសន៍ថា «​ខ្ញុំ​ថា​អា​កាន់​ព្រនុង ម៉េច​ក៏​វា​ជាប់គុក គ្រាន់​តែ​កាន់​ព្រនុង​វា​ជាប់គុក ជាប់ឃុំ ដ៏​អានេះ​កាំភ្លើង​ដ៏​ប្រាំបី​ដើម វា​ទៅ​ជា​រួចខ្លួន ទៅឲ្យ​នៅ​ក្រៅ​ឃុំ រួច​ហើយ​ប្រាប់ ចេះ​ទៅតាម​ចាប់​បាន​វិញ កុំ​អី​រឿង​ធំ​ណាស់ ប៉ិន​រឿង​ដែល​វា​អស្ចារ្យ វា​នៅ​កន្លែង​នៀក ម្សិលម៉ិញ​ខ្ញុំ​ពិនិត្យ​សុំនុំរឿង​ដែល​ខ្ញុំ​ស្នើសុំ​ឲ្យ​មាន​ការ​ធ្វើ​អធិការកិច្ច​ទៅ​លើ​ឧត្តម​ក្រុមប្រឹក្សា​ចៅក្រម​ធ្វើ​អធិការកិច្ច​លើ​សុំនុំរឿង​មួយនេះ ព្រោះ​អ​ញ្ចេះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​មិន​ព្រមឲ្យ​នៅ​ក្រៅ​ឃុំ​ទេ ព្រោះ​ខ្ញុំ​ត្រូវ​ឲ្យ​រដ្ឋមន្ត្រី​យុត្តិធម៌ ធ្វើ​របាយការណ៍​ឲ្យ​ខ្ញុំ​ដែរ​រឿង​ហ្នឹង​វា​យ៉ាង​ម៉េច បាន​ខ្ញុំ​មាន​សំណើរ​សុំ​ធ្វើ​អធិការកិច្ច​ហ្មង ព្រោះ​បើ​មិនចឹង​រដ្ឋាភិបាល​ធ្វើងា​ប់ទាំង​ខ្លួន​ទៀតក៏​មិន​គ្រប់គ្រាន់​នឹង​ការបំផ្លាញ​របស់​ចៅក្រម​ខ្លះ​ទេ​»។

លោក អាំង មាលតី បាន​ធ្វើ​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៤ ជំនួស​លោក ជីវ កេង ដែល​ត្រូវ​តែងតាំង​ជា​អនុប្រធាន​តុលាការ​កំពូល​៕

VOD
ដោយ៖​ ជន ស្រី​ណុ​ច​ | ថ្ងៃអង្គារ ទី17 កុម្ភៈ 2015

No comments:

Post a Comment