Saturday, February 21, 2015

​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជួន​ចាត់វិធានការ​ចំពោះកា​រដាក់​ប៉ុស្ដិ៍​ជញ្ជីង​ថ្លឹង​បែប​អនាធិបតេយ្យ​តាម​ដងផ្លូវ​​

ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជួន​ចាត់វិធានការ​ចំពោះកា​រ​ដាក់​ជញ្ជីង​ថ្លឹង​ឡាន​នៅតាម​ដងផ្លូវ ដើម្បី​ពង្រឹង​ការ​អនុវត្ដ​ច្បាប់ ក្នុង​គោលដៅ​ធានា​ឲ្យបាន​ការគ្រប់គ្រ​ង​ការដឹក​ជញ្ជួន​លើស​ទម្ងន់​កំណត់ និង​លុបបំបាត់​ការដាក់​ប៉ុសិ៍​ជញ្ជីង​ថ្លឹង​បែប​អាណាធិបតេយ្យ​តាមដង​ផ្លូវថ្នល់ ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជួន​ចេញផ្សាយ​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ឲ្យដឹងថា រយៈពេល​កន្លងមក​មាន​ជនខិលខូច​បាន​ដាក់​ប៉ុស្ដិ៍​ត្រួតពិនិត្យ​បែប​អាណាធិបតេយ្យ​ក្រោមរូបភាព​ការដឹក​ជញ្ជួន​លើស​ទម្ងន់​កម្រិត​កំណ​ត់​តាម​ដងផ្លូវ​មួយចំនួន​នៅ​ពេលយប់​មាន​ដាក់​ភ្លើង​សញ្ញា​បំភ្លឺ ឬ​សញ្ញា​សម្គាល់ឲ្យ​រថយន្ដ​ដឹកជញ្ជួនឈ​ប់​ដើម្បី​ត្រួតពិនិត្យ និង​បង្ខំ​ឲ្យ​បង់ប្រាក់​។​ក្រសួង​ហៅ​សកម្មភាព​នេះ​ថា ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្ដិយស​ដល់​ក្រសួង​សាធារណៈ និង​ដឹក​ជញ្ជួន​ក៏ដូចជា​រាជរដ្ឋាភិបា​ល​ទាំងមូល​និង​ប៉ះពាល់​ដល់​កិច្ច​ការងារ​អាជីវកម្ម​របស់​ប្រតិ​បត្ដិកា​រ​ដឹកជញ្ជួន​ផងដែរ ​។​

​លិខិត​ដ​ដែរ​បន្ដថា មានតែ​ស្ថានីយ​ថ្លឹង​អចិន្ដ្រៃយ៍​បច្ចុប្បន្ន​ចំនួន​៩​ទីតាំង​រួម​មាន ស្ថានីយ​ថ្លឹង​កូនដំរី ស្ថានីយ៍​ឃ្លាំងមឿង ស្ថានីយ៍​លង្វែក​(​ផ្លូវជាតិ​លេខ​៥) ស្ថានីយ៍​ថ្លឹង​ពួក​(​ផ្លូវជាតិ​លេខ​៦) ស្ថានីយ៍​ព្រែក​ឯង ស្ថានីយ៍​កំពង់​ភ្នំ ស្ថានីយ៍​បាវិត​(​ផ្លូវជាតិ​លេខ​១) និង​ស្ថានីយ៍​ថ្លឹង​ថ្នល់ទទឹង​(​ផ្លូវជាតិ​លេខ​៧)​ប៉ុណ្ណោះ​ដែល​តម្រូវឲ្យ​អាជីវករ​ចូល​ថ្លឹង ។​

​ទោះជា​យ៉ាងណា​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជួន​ស្នើសុំ​កិច្ចសហប្រតិបត្ដិកា​រពីអាជ្ញា​ធរមាន​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​រួម​មាន ភូមិ ឃុំ ស្រុក និង​ខេត្ដ ជួយ​រួមចំណែក​ក្នុង​ការលុបបំបាត់​ប៉ុស្ដិ៍​អនាធិបតេយ្យ​តាមរយៈ​ការ​អនុវត្ដ​គោលការណ៍​«​ភូមិ ឃុំ​មាន​សុវត្ថិភាព​» ។​

​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លោក វ​ន់ ពៅ ឲ្យ VOD​ដឹង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា ចំណាត់ការ​របស់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជួន​ទៅ​លើ​ការដាក់​ប៉ុស្ដិ៍​ជញ្ជីង​ថ្លឹង​ឡាន​ចល័ត​បែប​អនាធិបតេយ្យ​នៅតាម​ដងផ្លូវ​ពិតជា​ល្អ ដើម្បី​ទប់ស្កាត់​ចំពោះ​មន្ដ្រី​ខិលខូច​មួយចំនួន​ដែល​កេងចំនេញ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។​

​លោក​បន្ដថា ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជួន​ត្រូវតែ​មាន​យន្ដការស​ហការ​ជាមួយ​ប្រជាពល​រដ្ឋ​ប្រព័ន្ធ​ទូរស័ព្ទ​រាយការណ៍​ទាន់​ហេតុការណ៍ (Hot line) ទទួល​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ ឬ​ក៏​ឲ្យ​ប្រជាពលរដ្ឋ​ប្ដឹងទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដើម្បី​ទប់ស្កាត់​រឿង​មិន​ប្រក្រតី​របស់​មន្ដ្រី​សាធារណៈការ និង​ដឹក​ជញ្ជួន​មួយចំនួន​ដែល​កេងចំនេ​ញ​ជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។​

​លោក​បន្ដថា "ដើម្បី​ឲ្យ​ប្រសើរ​ជាង​នេះ​ទៅទៀត​ក្រសួង​សា​ថា​រណៈការ និង​ដឹក​ជញ្ជួន​ត្រូវតែ​ពង្រឹង និង​ចាត់​វិធានការ​របស់​ខ្លួន​ឲ្យមាន​ប្រសិទ្ធភាព​កុំ​បាន​តែ​និយាយ​ជា​គោលការ​ណ៍ តែ​ការ​អនុវត្ដ​ន៍​ពិត​អត់​មាន អញ្ចឹង​ដើម្បី​ឲ្យមាន​ប្រសិទ្ធពិត​និយាយ​ហើយ​ត្រូវតែ​អនុវត្ដន៍​ដើម្បី​ជា​ជំនឿ​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ​ដឹក​ជញ្ជួន​ផងដែរ " ។​

​អ្នកសម្របសម្រួល​បណ្តា​ញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម​អាស៊ី​បូ​ព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​កម្ពុជា​លោក សន ជ័យ មានប្រសាសន៍ថា គ្រាន់តែ​ការចេញ​សេចក្ដី​ជួន​ដំណឹង ឬ​ផែនការ​ណា​មួយ​របស់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជួន​មិនមែនថា​ការអនុវ​ត្ដន៍​ទទួលបាន​ជោគជ័​យ​ទេ គឺ​ត្រូវមាន ផែនការឲ្យ​បានជាក់លា​ក់​ទៅ​លើ​ការអនុវត្ដ​ន៍​ប្រចាំខែ​ប្រចាំឆ្នាំ ហើយ​មាន​ក្រុមការងារ​ត្រូវ​ចុះ​ត្រួតពិនិត្យ​ការដឹក​ជញ្ជួន​ដោយផ្ទាល់ ។ លោក​បន្ដថា ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជួន​ត្រូវមាន​ផែនការ​ថវិ​កា​ច្បាស់លាស់ ក្នុង​ការចុះ​ត្រួតពិនិត្យ ហើយ​មន្ដ្រី​ដែល​ត្រួតពិនិត្យ​ត្រូវតែមាន​សិទ្ធ​គ្រប់គ្រាន់​មិន​ត្រូវ​រង​សម្ពាធ ឬ​កាប​សង្កត់​ពី​អ្នក​អំណាច​ពី​ក្រុមហ៊ុន​រកស៊ី​ដឹក​ជញ្ជួន​ធំៗ​នោះទេ ។​

​លោក​ថា​ "​កន្លងមក​យើង​ឃើញ​ហើយ​ថា​មាន​ក្រុមហ៊ុន​ច្រើនណាស់​សូម្បី​តែ​រឿង​ការ​ជិះ​រថយន្ដ ការ​សន្ដោង​ដាក់​ទំនិញ​លើស​កម្រិត​កំណត់​នៅ​តាម​រថយន្ដ​ធំៗ ហើយ​ធ្វើឲ្យ​រង​ការប៉ះពាល់​ចំពោះ​មន្ដ្រី​ចុះ​ត្រួតពិនិត្យ​ដោយសារតែ​ក្រុម​អ្នកមានអំណាច​មួយ​ចំនួន​មានការ​ពុករលួយ អញ្ចឹង​ការ​អនុវត្ដ​ន៍​មិនសូវមាន​ប្រសិទ្ធភាព​ទេ ​" ។​

​នៅក្នុង​លិខិត​របស់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជួន​អះអាង​ជា​ថ្មី​ថា សិទ្ធ​ក្នុង​ការ​អនុវត្ដ​ន៍​ត្រួតពិនិត្យ​ការដឹក​ជញ្ជួន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រួវ​ទទួលស្គាល់ និង​ធានា​ការពារ ។ ប៉ុន្ដែ​សិទ្ធ​នេះ​ត្រូវ​យកមក​អនុវត្ដ​ក្នុង​ក្រប​ខណ្ឌ​ច្បាប់ និង​ទៅ​តាម​បទដ្ឋាន​គតិ​យុត្ដិ​ហើយ​សិទ្ធនេះ​មិន​ត្រូវ​ប្រើប្រាស់​ដោយ​រំលោភ​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​សិទ្ធសេរីភាព និង​កិត្ដិយស​របស់​អ្នក​ដ៏ទៃ​ដែល​គោរព​ច្បាប់​ឡើយ ៕

VOD
ដោយ៖​ ឡេង ចាន់​រតនា​ | ថ្ងៃសៅរ៍ ទី21 កុម្ភៈ 2015, 09:06 AM​

No comments:

Post a Comment