លោក វ៉ាន់ សំអឿន អតីតតំណាងរាស្ត្របក្សសង្គ្រោះជាតិ នៅមណ្ឌលកំពត |
លោក វ៉ាន់ សំអឿន ជាតំណាងរាស្ត្រមណ្ឌលកំពតមកពីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ បានដាក់លិខិតលាលែងជាផ្លូវការទៅកាន់លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោក កឹម សុខា អនុប្រធានទី១នៃរដ្ឋសភា ។ ក្នុងលិខិតនោះ លោកអះអាងថា មូលហេតុនៃការលាលែងគឺដោយសារលោក "គ្មានឱកាសនឹងបម្រើប្រទេសជាតិតាមឆន្ទៈនិងបទពិសោធន៍របស់ខ្លួន" ។
ព្រះរាជក្រឹត្យតែងតាំងចុះថ្ងៃទី ២០ ខែកុម្ភៈ ឲ្យដឹងថា លោក វ៉ាន់ សំអឿន ត្រូវតែងតាំងជាទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានឋានៈស្មើរដ្ឋមន្ត្រី ។
បន្ទាប់ពីតំណាងរាស្ត្ររូបនេះសម្រេចលាឈប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានមតិមួយចំនួនលើកឡើងថា លោកនាយករដ្ឋមន្ត្រី បានទិញទឹកចិត្តលោក វ៉ាន សំអឿន ។ ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រីថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យមួយកាលពីថ្ងៃទី ១៧ កុម្ភៈ បដិសេធការចោទប្រកាន់នេះដោយលោកអះអាងថា ការលាឈប់របស់លោក វ៉ាន់ សំអឿន ពីគណបក្សសង្គ្រោះជាតិមកចូលជាមួយគណបក្សរបស់លោកនោះគឺជាសេរីភាពនយោបាយបុគ្គលរបស់លោកមិនមានការដូរទិញនោះទេ ។
លោក ហ៊ុន សែន ថ្លែងថា " មនុស្សមិនមែនជាទំនិញទេ ឯកឧត្តម វ៉ាន់ សំអឿន ក៏មិនបានចាត់ទុកខ្លួនគាត់ជាទំនិញដែរ...ក្បាលមនុស្សអីក៏ថោក ម្លេះ ហើយខ្ញុំក៏មិនសម្បូរលុយទៅទិញដែរ...សុំមេត្តាកុំលាបពណ៌ កុំថ្ងៃហ្នឹងថាល្អ គាំទ្រខ្លួនថាល្អ ដល់ស្អែកមិនគាំទ្រខ្លួនទៅជាទៅជាឈើពុក ទៅជាសាច់ស្អុយ ទៅជាស្អីអីណាណុះ! អាហ្នឹងវាជាការខ្វះការគោរពសេរីភាពរបស់បុគ្គល " ។
បើតាមការអះអាងពីមន្ត្រីគណបក្សសង្គ្រោះជាតិ លោក ដាង ចំរើន ដែលជាបេក្ខជនតំណាងរាស្ត្រលេខរៀងទី៤ ប្រចាំមណ្ឌលខេត្តកំពតនឹងក្លាយជាតំណាងរាស្ត្រប្រចាំខេត្តនេះ ជំនួសលោក វ៉ាន់ សំអឿន ដែលបានលាឈប់ ៕
VOD
ដោយ៖ ឡាយ សាមាន | ថ្ងៃសៅរ៍ ទី21 កុម្ភៈ 2015, 09:30 AM
No comments:
Post a Comment