ក្រុមការងារកំណែទម្រង់ការបោះឆ្នោតរបស់គណបក្សជាប់ឆ្នោតទាំងពីរនៅរសៀលថ្ងៃសុក្រនេះបានពិភាក្សាគ្នាទៅលើទោសបញ្ញត្តិនៅក្នុងច្បាប់បោះឆ្នោត និងបានបូកសរុបចំណុចដែលមិនទាន់ព្រមព្រៀងគ្នា ដើម្បីធ្វើរបាយការណ៍ទៅកាន់ថ្នាក់ដឹកនាំរបស់ខ្លួនសម្រេចនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ។
ប្រធានក្រុមការងារកំណែទម្រង់ការបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជាលោក ប៊ិន ឈិន ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំនៅវិមានរដ្ឋសភានៅល្ងាចថ្ងៃសុក្រនេះថា ក្រុមការងារមកពីកណបក្សទាំងពីរបានពិភាក្សាគ្នាខ្លះៗទៅលើបទបញ្ញតិមួយចំនួនដែលទាក់ទងទៅនឹងមន្ត្រីបក្សនយោបាយ និងមន្ត្រីរបស់គ.ជ.ប តែមិនបានលើកពីបទបញ្ញត្តិដែលទាក់ទងទៅនឹងអង្គការសង្គមស៊ីវិលនៅឡើយទេ ។
លោក ប៊ិន ឈិន បានឲ្យដឹងថា ក្នុងបទបញ្ញតិដែលបក្សទាំងពីរកំពុងពិភាក្សាមានដូចជា ការកំណត់ការផាកពិន័យបុគ្គលដែលទិញសន្លឹកឆ្នោតដោយផាកពី៥ទៅ២០លានរៀល ។ ដូចគ្នានេះដែរ បុគ្គលដែលរារាំងនរណាម្នាក់មិនឲ្យចុះឈ្មោះបោះឆ្នោត ឬបោះឆ្នោតនឹងត្រូវផាកពិន័យចំនួនទឹកប្រាក់ដូចគ្នានេះ ។ ដោយឡែក ចំពោះគណបក្សនយោបាយវិញ បើមានការរកឃើញករណីដូចខាងលើ គ.ជ.ប អាចរំលាយគណបក្សនោះបាន ។
លោក ប៊ិន ឈិន ឲ្យដឹងទៀតថា គណបក្សទាំងពីរក៏បានពិភាក្សាលើការប្តូរពាក្យដែលថា ផ្តន្ទាទោស និងពិន័យជាប្រាក់ មកត្រឹមពាក្យថាផាកពិន័យវិញ ។ លោកពន្យល់ថា ការប្រើពាក្យផ្តន្ទាទោស គឺមានន័យថា សំណុំរឿងត្រូវឡើងទៅតុលាការ ចំណែកឯពាក្យ ផាកពិន័យ គឺអាចធ្វើការដោះស្រាយត្រឹមគ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ជាអ្នកពិនិត្យបន្ថែម ។
ទោះយ៉ាងណា លោក ប៊ុន ឈិន ថា ក្រុមការងារបក្សទាំងពីរមិនទាន់បានឯកភាពគ្នាទៅលើការកំណត់ទោសបញ្ញត្តិនេះនៅឡើយទេ គឺនឹងបន្តពិភាក្សាគ្នាបន្តទៀត ។ លោកឲ្យដឹងដែរថា រហូតមកដល់ពេលនេះ គណបក្សទាំងពីរបានឯកភាពគ្នាបាន១១០មាត្រា ក្នុងចំណោមជាង១៦០មាត្រា ក្នុងជំពូកទាំង១២ ។
ប្រធានក្រុមការងារកំណែទម្រង់ការបោះឆ្នោតមកពីគណបក្សសង្គ្រោះជាតិលោក គួយ ប៊ុនរឿន ក្រុមការងារទាំងពីរបានឲ្យជំនួយការធ្វើការបូកសរុបចំណុចដែលនៅខ្វែងគំនិតគ្នា ដើម្បីទុកធ្វើរបាយការណ៍ជូនទៅថ្នាក់ដឹកនាំគណបក្សទាំងពីរសម្រេច ។
លោក គួយ ប៊ុនរឿន ថា ចំណុចដែលនៅខ្វែងគំនិតគ្នាមាន១១ចំណុចរាប់តាំងពីជំពូកទី១ដល់ជំពូកទី៩ ដែលចំណុចទាំងនោះមានដូចជា ការកំណត់ចំនួនអាសនៈសភា ការចូលរួមឃោសនាបោះឆ្នោតរបស់មន្ត្រីតុលាការ យោធា និងនគរបាល និងការកំណត់ពេលវេលានៃការឃោសនាបោះឆ្នោតជាដើម ។
ក្រុមការងារចរចាបក្សទាំងពីរនឹងបន្តជួបពិភាក្សាគ្នាទៀតនៅរសៀលថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ៕
VOD
ដោយ៖ ទូច សុខា | ថ្ងៃសុក្រ ទី20 កុម្ភៈ 2015, 07:19 PM
No comments:
Post a Comment