Monday, February 23, 2015

សារ៉ា ឆួលចុងច្រមុះ នឹងព័ត៌មានថា ជំពាក់​លុយ​គេ​មិន​សង



ភ្នំពេញ៖ បន្ទាប់ពីមានបណ្ដាញសារព័ត៌មានចុះផ្សាយថា ប្រធានក្រុមតារាបង្ហាញម៉ូដ Pop Model កញ្ញា សារ៉ា ជំពាក់លុយគេ និងព្យាយាមគេចវេស មិនព្រមសង មិនទាន់បានប៉ុន្មានផង ស្រាប់តែតារាស្រីរូបនេះ ប្រញាប់ប្រញាល់បញ្ចេញប្រតិកម្ម ទៅនឹងព័ត៌មាន ដោយនាងបានច្រានចោល ព័ត៌មាននោះថា ជាការបំភ្លៃព័ត៌មានជាន់ឈ្លី កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់នាង ។

តារាសម្តែង និងជាប្រធានក្រុមតារាម៉ូដែល Pop Model កញ្ញា សារ៉ា បានទូរស័ព្ទមក បកស្រាយប្រាប់គេហទំព័រកម្សាន្ត Looking TODAY ឲ្យដឹងថា គ្រាន់តែនាងបានឃើញព័ត៌មានចុះផ្សាយថា នាងជំពាក់លុយគេមិនសងភ្លាម នាងពិតជាមានអារម្មណ៍ មិនសប្បាយចិត្ត ហើយក៏ប្រញាប់ប្រញាល់ ចេញមុខបកស្រាយភ្លាម តាមការចុះផ្សាយនោះ គេបានសរសេរថា នាងជំពាក់លុយគេ ហើយបានដកខ្លួនចេញពីសិល្បៈ ព្រោះតែគ្មានសមត្ថភាព រកលុយសងគេ ហេតុដូច្នេះនាងចង់បញ្ជាក់ថា នាងមិនបានជំពាក់លុយគេ ឬក៏ដកខ្លួនចេញពីសិល្បៈ ដូចការចុះផ្សាយព័ត៌មាននោះឡើយ ។

តារាសម្តែងធ្លាប់មានឈ្មោះបោះសំឡេង តាមរយៈការគ្រងតំណែង ជាតួម៉ែយ៉ែមក្នុងរឿង “កូនឥតខាន់ស្លា” រូបនេះ បានប្រាប់ឲ្យដឹងទៀតថា “ខ្ញុំចង់និយាយថា ខ្ញុំមិនបានគេចខ្លួន ឬក៏ឈប់ពីសិល្បៈ ដូចការចោទប្រកាន់នោះទេ ជាក់ស្តែងពេលនេះខ្ញុំទើបតែថតរឿងថ្មីចប់ ។ ចុះផ្សាយបែបនោះ ខ្ញុំចង់សួរថា ខ្ញុំជំពាក់លុយអ្នកណា ខ្ញុំហ៊ានប្រឈមមុខ នឹងការពិតគ្រប់យ៉ាង ហើយបើថាខ្ញុំជំពាក់លុយ អ្នកណាហៅគេ មកតទល់ជាមួយខ្ញុំ នៅចំពោះមុខគ្នា កុំធ្វើការចុះផ្សាយ ព័ត៌មានមិនពិតនាំឲ្យខ្ញុំខាតបង់…” ។

តារាស្រីរូបនេះ បានប្រាប់ឲ្យដឹងទៀតថា នាងនៅតែបន្ត ការងារសិល្បៈដដែល មិនមានបំណងផ្តាច់ខ្លួន ពីអាជីពមួយនេះឡើយ ដរាបណាទស្សនិកជន នៅតែគាំទ្រការសម្តែង និងក្រុមម៉ូដែលរបស់នាង គឺនាងនៅតែបន្ត ។ “ខ្ញុំចាត់ទុកថា ការចុះផ្សាយបែបនេះ ជាការជាន់ឈ្លីកេរ្តិ៍ឈ្មោះខ្ញុំ ទាំងដែលរឿងនេះ មិនមែនជាការពិតទាល់តែសោះ ហើយមួយរយៈ ក្រោយពីខ្ញុំថតរឿងចប់ ខ្ញុំឧស្សាហ៍ឈឺច្រើន ទើបមិនសូវបាន ចេញមុខចេញមាត់ តាមកញ្ចក់ទូរទស្សន៍ ទើបធ្វើឲ្យទស្សនិកជន មានការយល់ច្រឡំបែបនេះ” ។ កញ្ញា សារ៉ា បន្ថែម ៕

Monday, 23 February 2015 15:13 ដោយ: LookingTODAY PostID:140

No comments:

Post a Comment