Monday, February 23, 2015

នាយករដ្ឋមន្រ្តី​ប្រតិកម្ម​នឹង​សង្គមស៊ីវិលដែល​រិះគន់​លោកថា​លូក​ដៃ​ក្នុង​កិច្ច​ការ​តុលាការ​​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពីកន្លងទៅ
លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទនេះ បាន​ប្រតិកម្ម​នឹង​​សង្គមស៊ីវិលមួយ​ចំនួន​​ ដែល​​លោក​ចាត់​ទុក​ថា​ប្រើ​អំណា​ច​ហួស​ហេតុ​លើ​រដ្ឋាភិបាល ដែល​មាន​ទំនាក់​ទំនង​ជាមួយ​អង្គតុលាការ។​​

លោក​នាយករដ្ឋមន្រ្តី​ប្រតិកម្ម​បែប​នេះ​ ក្រោយ​មាន​ការ​រិះគន់​​ថាលោក​ ហ៊ុន សែន បាន​​ប្រើ​អំណាច​បំពាន​លើ​អំណាច​តុលា​ការ ​ក្នុង​ករណី​ចាប់ខ្លួន​ឪពុក​ម្តាយ​របស់​លោក​ថោង សារ៉ាត់ មក​ដាក់​ពន្ធ​នា​គារវិញ។

ក្នុងពិធីចែក​សញ្ញា​បត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន មាន​ប្រសាសន៍ថា​អ្នក​ខ្លះ​ថា​លោក​ល្អ តែ​អ្នក​ខ្លះ​ថា​លោក​កំពុង​តែ​បំពាន​អំណាចតុលាការ​។ លោក​បាន​បដិសេធ​នឹង​ការ​ចោទ​ប្រកាន់នេះ ដោយ​ស្នើ​ឲ្យ​​ពិនិត្យ​ទំនាក់ទំនងរវាង​អំណាច​ទាំងបី គឺ​អំណាច​នីតិបញ្ញត្តិ នីតិ​ប្រតិបត្តិ​ និង​តុលាការ។ លោក​បញ្ជាក់​ថា​​អំណាច​ទាំង​បី​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា មិន​អាច​ដាច់​ពីគ្នា​បានទេ។

លោកនាយក​រដ្ឋមន្រ្តី​​ឲ្យ​ដឹង​ទៀត​ថា​​វាជា​រឿង​ប្រសើរមួយ​ ​ដែល​​ចាប់សេះ​មក​វិញ ក្រោយ​ពេល​សេះ​រួច​ចេញ​ពីក្រោល។ ​លោក​បាន​រិះគន់​​សង្គម​ស៊ីវិល និង​អំពាវនាវ​​កុំឲ្យ​​តាំង​ខ្លួន​«អង្គុយ​លើ​ក្បាល​រដ្ឋាភិបាល»។ លោក​បន្ត​ថា​សង្គម​ស៊ីវិល​មួយ​ចំនួន​កំពុង​តែតាំងខ្លួន​ខ្ពស់​ជាង​អំណាច​​​រដ្ឋសភា រដ្ឋាភិបាល និង​តុលាការ។​

គួរ​រំឮកថា ថ្មីៗនេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា(CCHR)សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការដក​តំណែង​អតីត​ប្រធាន​សាលាដំបូង​រាជធានី​ ភ្នំពេញ​លោក អាំង មាលតី ដោយ​មាន​ភាព​ប្រញាប់ប្រញាល់ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​ស្នើសុំ​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ស​ចៅក្រម​ស៊ើបអង្កេត​សំណុំរឿង​ដោះលែង​ឪពុក​ ម្តាយ​លោក​ថោង សារ៉ាត់។​ វិចារណៈ​កថា​ព័ត៌មាន​របស់​CCHR ចេញផ្សាយ​កាលពី​ថ្ងៃទី ២២ ខែ​កុម្ភៈ​ បាន​លើកឡើង​ថាCCHRមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ទៅលើ​ឥទ្ធិពល​ហួសហេតុ​នៃ​ស្ថាប័ន​នីតិប្រតិបត្តិ​ទៅលើ​ការបំពេញ​​​មុខងារ​របស់​តុលាការ ​។​

​អ្នកសម្របសម្រួល​គម្រោង​កំណែទម្រង់​ប្រព័ន្ធ​តុលា​ការ​នៃ​CCHR​លោក សួន ប៊ុនធឿន មានប្រសាសន៍​ថា "ទោះបីជាមាន​សញ្ញា​បង្ហាញ​ថា​ការដោះលែង​លោក ថោង ចំរើន និង​អ្នកស្រី កែវ សា​វី អាច​បណ្តាលមកពី​ការអនុវត្តខុស​នីតិវិធី​នៅក្នុង​តុលាការ​កម្ពុជា​ក្តី ក៏​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ស​ចៅក្រម​ត្រូវតែ​ជា​ស្ថាប័ន​ឯករាជ្យ​ ។ យើងខ្ញុំ​សង្ឃឹមថា​អ្វី​ដែល​យើង​កំពុង​ឃើញ​នោះ​គឺជា​ឯករាជ្យភាព​តុលាការ​ ពិតប្រាកដមិន​មាន​ការឆ្លុះ​បញ្ចាំង​ពី​ការជ្រៀតជ្រែក​ហួសហេតុ​របស់​ស្ថាប័ន​នីតិប្រតិបត្តិ​ទៅ​ក្នុង​ប្រព័ន្ធតុលាការ​ " ។​

​គួរបញ្ជាក់​ថា ​កាលពី​ថ្ងៃ​ទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៥លោក តាំង ស៊ុន​ឡាយ ត្រូវបាន​ព្រះមហាក្សត្រ​តែង​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ជំនួស​តំណែង​លោក អាំង មាលតី អតីតប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

VOD
ដោយ៖​ ស៊ុន​ ណារិន និង​ជន ស្រីណុច​ | ថ្ងៃចន្ទ ទី23 កុម្ភៈ 2015

No comments:

Post a Comment