លោក អាឡិច(រូបភាពពីបណ្តាញសង្គម) |
ស្ថាបនិកចលនាមាតាធម្មជាតិលោក អាឡិច ប្រាប់ VOD នៅថ្ងៃទី២១ ខែកុម្ភៈនេះថា លោកបានពិភាក្សាជាមួយមេធាវីរបស់លោករួចរាល់ហើយថាលោកអាចរស់នៅលើទឹកដីកម្ពុជាបន្តទៀតរហូតដល់រយៈពេលមួយខែតែលោកត្រូវបង់ថវិការរាល់ការផាកពិន័យទាំងអស់ ។ លោកបញ្ជាក់ លោកនឹងផ្តល់ថវិកាចំពោះការផាកពិន័យនេះ ហើយប្តេជ្ញានឹងបន្តរស់នៅកម្ពុជាដដែលបើទោះជាទិដ្ឋាការរបស់លោកត្រូវអស់សុពលភាពនៃការពន្យារយៈពេលមួយខែក៏ដោយរហូតដល់អាជ្ញាធរចាប់បង្ខំលោកចេញពីកម្ពុជា ។ លោក អាឡិច អះអាងថា រហូតមកដល់ថ្ងៃនេះ មិនមានអាជ្ញាធរមកគំរាមកំហែងចាប់លោកចេញឡើយហើយលោកក៏មិនបារម្ភពីសុវត្ដិភាពផ្ទាល់ខ្លួននោះដែរ ព្រោះលោកមិនបានប្រព្រឹត្តកំហុស ។
VOD មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានទេនៅព្រឹកថ្ងៃសៅរ៍នេះ។តែកន្លងទៅលោកធ្លាប់ព្រមានថានឹងចាត់វិធានការលើលោក អាឡិច និងស្នើឲ្យជនបរទេសមួយនេះចេញពីកម្ពុជាមួយរយៈសិន រង់ចាំសុំបន្តទិដ្ឋាជាថ្មីនៅពេលត្រឡប់មកកម្ពុជាវិញ។ ចំណែកមន្ត្រីនាយកដ្ឋានជនបរទេសមិនអន្តោប្រវេសន៍លោក សុខ វាសនា ធ្លាប់ប្រាប់ VOD ថាបើផុតកំណត់៣០ថ្ងៃ តាមអនុក្រឹត្យ ត្រូវចាប់បញ្ជូនជនមិនមែនអន្តោប្រវេសន៍នោះចេញពីកម្ពុជា ។
ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា ពន្យល់ក្នុងកម្មវិធីតុមូលVOD កាលពីថ្ងៃពុធកន្លងទៅថា លិខិតឆ្លងដែនរបស់លោក អាឡិចនឹងត្រូវផុតកំណត់នៅថ្ងៃទី២០ ខែកុម្ភៈ តែលោកអាឡិច អាចបន្តស្នាក់នៅកម្ពុជាបាន ដោយមិនបាច់ទៅសុំបន្តទិដ្ឋាការថ្មី ដោយត្រូវបង់ប្រាក់ពិន័យ៥ដុល្លារក្នុង១ថ្ងៃ ។
លោក អាឡិច ជាជនជាតិអេស្ប៉ាញដែលបានមករស់នៅលើទឹកដីកម្ពុជានេះជាង១០ ឆ្នាំមកហើយ និងចេះនិយាយភាសាខ្មែរបានយ៉ាងច្បាស់លាស់ ព្រមទាំងបានបង្កើតសមាគមការពារព្រៃឈើមួយឈ្មោះថា មាតាធម្មជាតិ ដែលមានសមាជិកភាគច្រើនជាជនជាតិដើមភាគតិចនៅតំបន់អារ៉ែង ។ តែលោក ត្រូវបាន នាយកដ្ឋានអន្តោប្រវេសន៍បដិសេធផ្តល់ទិដ្ឋាឲ្យរស់នៅកម្ពុជាបន្តទៀត ដោយអះអាងថា ជនបរទេសមួយនេះ រារាំងដល់ការភិវឌ្ឍប្រទេសជាតិ។
VOD
ដោយ៖ ឡាយ សាមាន | ថ្ងៃសៅរ៍ ទី21 កុម្ភៈ 2015
No comments:
Post a Comment