ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើឲ្យអង្គការការពារសិទ្ធិមនុស្សលីកាដូ ផ្តល់ទិន្នន័យជាក់លាក់ទាក់ទងនឹងទំនាស់ដីធ្លីទូទាំងប្រទេសដែលអង្គការនេះអះអាងថា ទំនាស់ដីធ្លីនៅឆ្នាំ ២០១៤ កើនឡើងបីដងបើប្រៀបធៀបទៅនឹងឆ្នាំ២០១៣ ។
ការស្នើនេះ បន្ទាប់ពីអង្គការលីកាដូចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៩ ខែកុម្ភៈ រកឃើញថានៅឆ្នាំ២០១៤ ការរំលោភដីធ្លីជាប្រព័ន្ធដោយអាជ្ញាធររដ្ឋបានកើនឡើងបីដងបើធៀបនឹងឆ្នាំ២០១៣ ហើយអង្គការនេះអំពាវនាវឲ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធទទួលស្គាល់បញ្ហានេះព្រមទាំងចាត់វិធានការដោះស្រាយជាបន្ទាន់ ។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា នៅឆ្នាំ២០១៤ ពលរដ្ឋរងគ្រោះដោយសារជម្លោះដីធ្លីថ្មីផ្សេងទៀតមានចំនួន១០៦២៥ គ្រួសារឬប្រហែល៤៩៥១៩នាក់ ខណៈអ្នករងគ្រោះដោយជម្លោះដីធ្លីនៅឆ្នាំ២០១៣ មិនទាន់ដោះស្រាយមានចំនួន៣៤៧៥គ្រួសារ ។
លិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចុះថ្ងៃទី ២០ កុម្ភៈ ស្នើនាយិកាអង្គការលីកាដូ ផ្តល់ទិន្នន័យករណីទំនាស់ដីធ្លីដែលបានរកឃើញផ្តល់ជូនគណៈកម្មការសុរិយោដីថ្នាក់ជាតិដើម្បីធ្វើការផ្ទៀងផ្ទាត់ និងពិនិត្យស្រាវជ្រាវ ។ លិខិតក៏បានស្នើឲ្យអង្គការនេះ បញ្ជាក់ឲ្យបានច្បាស់អំពីអត្តសញ្ញាណនៃទំនាស់ដីធ្លីនីមួយៗរួមមាន អត្តសញ្ញាណភាគីទាំងសងខាង កម្មវត្ថុនៃបណ្តឹងទាមទារ ទំហំដីទំនាស់ ចំនួនគ្រួសារ និងមនុស្ស និងទីតាំងដីវិវាទស្ថិតនៅភូមិ ឃុំ ស្រុក និងខេត្តជាដើម ។
អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អង្គការលីកាដូ មានទិន្នន័យនិងឯកសារគ្រប់គ្រាន់ហើយនឹងផ្តល់ទិន្នន័យទាំងនេះតាមការស្នើសុំ ជាពិសេសជំរុញឲ្យក្រសួងពន្លឿនដោះស្រាយវិវាទដីធ្លីនេះជាបន្ទាន់ ។ លោកមានប្រសាសន៍ថា ទាក់ទងរបាយការណ៍ និងសេចក្តីថ្លែងការណ៍ដែលអង្គការលីកាដូបានចេញផ្សាយកាលពីថ្ងៃទី ១៩នោះ យើងមានទិន្នន័យ និងទល្ហីករណ៍ច្បាស់លាស់ក្នុងការស្រាវជ្រាវរបស់យើង ។ ចឹង នឹងពិភាក្សាគ្នាហើយនឹងផ្តល់កិច្ចសហការជាមួយក្រសួងដែនដី នគរូបនីយកម្ម ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋរងគ្រោះដោយសារដីធ្លីនោះបាទ ។
តាមរបាយការណ៍អង្គការលីកាដូឲ្យដឹងថា នៅឆ្នាំ២០១២ ពលរដ្ឋរងគ្រោះដោយសារជម្លោះដីធ្លីមានចំនួន ៥ ៦៧២គ្រួសារ នៅឆ្នាំ២០១៣ មាន៣ ៤៧៥គ្រួសារ និងឆ្នាំ២០១៤ មាន១០ ៦២៥គ្រួសារ ។ តាមតួលេខនេះ ឃើញថា ពលរដ្ឋរងគ្រោះដោយសារជម្លោះដីធ្លីនៅឆ្នាំ២០១៤ ច្រើនជាងឆ្នាំ២០១៣ ចំនួន៣ដង និងច្រើនជាងឆ្នាំ២០១២ ចំនួន២ដង ៕
VOD
ដោយ៖ ឡាយ សាមាន | ថ្ងៃសៅរ៍ ទី21 កុម្ភៈ 2015
No comments:
Post a Comment