Friday, February 20, 2015

​សង្គម​ស៊ីវិល​ថា គម្រោង​ចាប់បញ្ជូនលោក អា​ឡិច ចេញពី​កម្ពុជា ខុសច្បាប់​អន្តោប្រវេសន៍​​

​អ្នកច្បាប់​អះអាងថា គម្រោង​ចាប់​បញ្ជូន​សកម្មជន​ការពារ​បរិស្ថាន​នៅ​តំបន់​អា​រ៉ែ​ង លោក អា​ឡិច ចេញពី​កម្ពុជា គឺ​អនុវត្ត​ផ្ទុយ​នឹង​ច្បាប់​អន្តោប្រវេសន៍ ។​

​ការអះអាង​នេះ ធ្វើឡើង​បន្ទាប់​ពី​មន្ត្រី​ក្រសួង​មហាផ្ទៃ​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់ បើ​លោក អា​ឡិច មិន​ព្រម​ចាកចេញ​ពី​កម្ពុជា ពេល​ទិដ្ឋាការ​របស់​លោក​ផុតកំណត់ ។​

​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា ពន្យល់​ក្នុង​កម្មវិធី​តុមូល​VOD កាលពី​ថ្ងៃ​ពុធ​ម្សិញ​មិញថា លិខិតឆ្លងដែន​របស់​លោក អា​ឡិច​នឹង​ត្រូវ​ផុតកំណត់​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​ស្អែក​នេះ តែ​លោក​អា​ឡិច អាច​បន្ត​ស្នាក់នៅ​កម្ពុជា​បាន ដោយ​មិនបាច់​ទៅសុំ​បន្ត​ទិដ្ឋាការ​ថ្មី ដោយ​ត្រូវ​បង់​ប្រាក់​ពិន័យ​៥​ដុល្លារ​ក្នុង​១​ថ្ងៃ ។ លោក​ថា លោក​អា​ឡិច គឺជា​ជន​បរទេស​មិនមែន​អន្តោប្រវេសន៍ ដែល​ក្រសួង​មហាផ្ទៃ​មិន​អាច​យក​ច្បាប់​អន្តោប្រវេសន៍ ទៅ​អនុវត្ត​លើ​បុគ្គល​នោះបានទេ ។

​លោក នី ចរិយា បញ្ជាក់ថា បើ​ក្រសួង​មហាផ្ទៃ​ចាប់​បញ្ជូន​លោក​អា​ឡិច​ចេញ​ពីម្ពុ​ជា នោះ​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល ព្រមទាំង​ប្រយោជន៍​ប្រទេសជាតិ ។ លោកមានប្រសាសន៍ថា «ការដេញអាឡិចមួយ វាមិនប៉ះពាល់តែអាឡិចតែម្នាក់ឯង អាឡិចម្នាក់ឯងគ្រាន់តែជាមនុស្សម្នាក់ក្នុងចំនោមមនុស្សរាប់លាននាក់ក្នុងពិភពលោក ចុះថ្ងៃណាមួយលោតាវិនិយោគទុនដែលគេមក ស្រាប់តែគេនឹងប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា យើងមិនសប្បាយចិត្តនឹងអំពើប្រឆាំងអំពើពុករលួយ អត់ឲ្យវីសាគេថាតើវិនិយោគ លុយដែលគេយកមកវិនិយោគរាប់ពាន់លានអី គេអាចដោះស្រាយបានទេ អាហ្នឹងគឺជាបញ្ហាមួយធំណាស់ដែលបង្ហាញឲ្យវិនិយោគទុនបរទេសគេលែងមានជំនឿទៅលើរដ្ឋាភិបាល»។

​មន្ត្រី​នាយកដ្ឋាន​ជនបរទេស​មិន​អន្តោប្រវេសន៍ លោក សុខ វាសនា មានប្រសាសន៍ថា នៅ​ថ្ងៃ​២០​ខែ​កុម្ភៈ​ស្អែក​នេះ លិខិតឆ្លងដែន​លោក​អា​ឡិច​ត្រូវ​ផុតកំណត់ ។ លោក​បន្តថា បើ​ផុតកំណត់​៣០​ថ្ងៃ តាម​អនុក្រឹត្យ ត្រូវ​ចាប់​បញ្ជូន​ជន​មិន​មែន​អន្តោប្រវេសន៍​នោះ​ចេញពី​កម្ពុជា ។ លោកលើកឡើងថា «តាមច្បាប់របស់យើង អនុក្រិតយើង វាលើស៣០ថ្ងៃគាត់ត្រូវតែបង់ផាកពិន័យ ហើយចាប់បញ្ជូនចេញ អត់មានបញ្ហា ឬក៏យើងមិនបានហាមឃាតថាអត់ឲ្យគាត់ចូលវិញទេ ចឹងគាត់មានសិទ្ធិគ្រាន់តែផុតទិដ្ឋាការហ្នឹង ឲ្យគាត់អញ្ជើញចេញ ហើយមានសិទ្ធិចូលមកវិញសុំទិដ្ឋាការថ្មីម្តងទៀត»។

​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក អា​ឡិច ប្រាប់​VOD​ថា បើ​រដ្ឋាភិបាល​ពិតជា​ចង់​ឲ្យ​លោក​ចាកចេញ​ពី​កម្ពុជា នោះ​លោក​នឹង​ចាកចេញ ។ តែ​លោក​មិន​មាន​ជំនឿ​ថា បាន​ត្រឡប់​មក​កម្ពុជា​វិញ​ទេ ។​

​កាលពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​ចេញ​លិខិត​មួយ​ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ឲ្យជួយ​បន្ត​ទិដ្ឋាការ​ស្នាក់នៅ​ក្នុ​ង​ទឹកដី​កម្ពុជា​ដល់​លោក​អា​ឡិច ដើម្បី​ជួយ​ការពារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា ។ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​មហាផ្ទៃ​លោក ឯម សំអាន បាន​ចេញ​លិខិត​ឆ្លើយតប​នឹង​ករណី​នេះ​ដែល​មាន​ខ្លឹមសារ​ថា ក្រសួង​តម្រូវ​ឲ្យ​លោក អា​ឡិច ចាកចេញ​ពី​កម្ពុជា​មួយរយៈ​សិន តែ​លោក​អេ​ឡិច​អាច​ត្រឡប់​មក​សុំ​ទិដ្ឋាការ​ស្នាក់​នៅ​កម្ពុជា​ជា​ថ្មី​វិញ​នៅពេល​ណា​ក៏​បាន ព្រោះ​ក្រសួង​មិន​មាន​គោលការណ៍​ណាមួយ​ហាម​មិនឲ្យ​ជនបរទេ​សរូបនេះ​ស្នាក់​នៅ​កម្ពុជា​នោះទេ​។​

​ដោយឡែក​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​លោក កឹម សុខា ក៏​បាន​ផ្ញើលិខិត​មួយ​ទៅ​ប្រធានរដ្ឋសភា​លោក ហេង សំរិន និង​មួយទៀត​ផ្ញើ​ថ្វាយ​ព្រះមហាក្សត្រ​ដែល​មាន​ខ្លឹមសារ​ដូច​គ្នា គឺ​សុំ​ឲ្យ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​បន្ត​ទិដ្ឋការដ​ល់​លោក​អាឡិ​ចបាន​ស្នាក់នៅ​ក្នុង​ទឹកដី​កម្ពុជា ដើម្បី​ជួយ​ការពារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា តែ​មិន​ទាន់​មាន​ការឆ្លើយតប​យ៉ាងណា​នៅឡើយ​ទេ ។​

​តាម​ការស្ទង់មតិ​តាមរយៈ​ហ្វេ​សប៊ុក​របស់​VOD​ចំនួន​២​ថ្ងៃ​នេះ​ឃើញថា​៩៩​ភាគរយ នៃ​អ្នកលេង​ហ្វេ​ស​ប៊ុកជាង​៤០០០​នាក់ មិន​យល់ស្រប​នឹង​ការសម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការបណ្តេញ​សកម្មជន​ការពារ​បរិស្ថាន​នៅ​តំបន់​អា​រ៉ែ​ង លោក អា​ឡិច (Alex Gonzalez-Davidson) ចេញពី​ប្រទេស​កម្ពុជា​ឡើយ ។​

សូមជម្រាបថា លោក អា​ឡិច ជា​ជនជាតិ​អេ​ស្ប៉ា​ញ បាន​មក​រស់នៅ​លើ​ទឹក​ដី​កម្ពុជា​នេះ​ជាច្រើន​ឆ្នាំ ចេះ​និយាយ​ភាសា​ខ្មែរ​ច្បាស់ និង​បាន​បង្កើត​សមាគម​ការពារ​ព្រៃឈើ​មួយ​ឈ្មោះថា មាតា​ធម្មជាតិ ដែល​មាន​សមាជិក​ភាគច្រើន​ជា​ជនជាតិដើម​ភាគតិច​នៅ​តំបន់​អា​រ៉ែ​ង ខេត្ត​កោះកុង​៕

VOD
ដោយ៖​ ណាត សុភាព​ | ថ្ងៃព្រហស្បតិ៍ ទី19 កុម្ភៈ 2015, 05:36 PM​

No comments:

Post a Comment