Saturday, February 21, 2015

​លោក ពេជ្រ ព្រហ្ម​មុន្នី ត្រូវ​ចោទ​ពីបទ ជ្រៀតជ្រែក​ការងារ​សាធារណៈ និង​ប្រើប្រាស់​ស្លាក​លេខ ខ​.​ម ក្លែងក្លាយ​​

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ ធ្វើការ​ស៊ើបសួ​រលោក ពេជ្រ ព្រហ្ម​មុន្នី មនុស្ស​ជំនិត​អតីត​ប្រធាន​សលា​ដំបូង​រាជធានី​ភ្នំពេញ លោក អាំង មាលតី បន្ទាប់ពី​ត្រូវ​ព្រះរាជអាជ្ញា​ចោទ​ពីបទ ជ្រៀតជ្រែក​ការងារ​សាធារណៈ និង​ប្រើប្រាស់​ស្លាក​លេខ ខ​.​ម ក្លែងក្លាយ ។​

​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក ខេង ទី​តូ បាន​ប្រាប់​VOD​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា សំណុំរឿង​លោក ពេជ្រ ព្រហ្ម​មុន្នី ត្រូវបាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​តាម​នីតិវីធី​ច្បាប់​បន្ត បន្ទាប់​ពី​ព្រះរាជអាជ្ញា​រង លី សុផាន់​ណា ដែល​កាន់​សំណុំរឿង​នេះ​បាន​បញ្ចប់​ការសាកសួរ ។​

​លោក ខេង ទី​តូ បានឲ្យ​ដឹង​ដែរថា លោក ពេជ្រ ព្រហ្ម​មុនី ដែល​ជា​នាយរង​សេនាធិការ​នៃ​អគ្គបញ្ជាការ​កងទ័ពជើងគោក​ក្រសួង​ការពារជាតិ និង​ជា​មនុស្ស​ជិតស្និទ្ធិ​នឹង​អតីត​ប្រធាន​សលាដំបូង​រាជធានី​ភ្នំពេញ លោក អាំង មាលតី ត្រូវបាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់ខ្លួន​នៅក្នុង​ខេត្ត​តាកែវ កាល​ពី​ម្សិលមិញ និង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ភ្លាម​ដើម្បី​ធ្វើការ​សាកសួរ​ទាំងយប់ ក្រោម​បទ​ចោទ ជ្រៀតជ្រែក​ការងារ​សាធារណៈ និង​ប្រើប្រាស់​ស្លាក​លេខ ខ​.​ម ។ បន្ទាប់​ពី​ការសាកសួរ លោក ពេជ្រ ព្រហ្ម​មុន្នី ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ឃុំខ្លួន​បណ្ដោះ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ហើយ​ត្រូវបាន​នាំ​មក​សាកសួរ​បន្ត​នៅថ្ងៃនេះ ។​

​ក្រោយ​ការសាកសួរ​ក្នុងថ្ងៃនេះ នៅ​ម៉ោង​ប្រមាណ​៦​និង​១០​នាទី​ល្ងាច លោក ពេជ្រ ព្រហ្ម​មុន្នី ត្រូវបាន​ដឹក​ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយ​រថយន្ត​របស់​កង​រាជ​អាវុធហត្ថ ។ មន្ត្រី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យដឹងថា លោក ពេជ្រ ព្រហ្ម​មុន្នី ត្រូវបាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។​

​គួរបញ្ជាក់​ថា ការចាប់ខ្លួន​លោក ពេជ្រ ព្រហ្ម​មុន្នី ដែល​ជា​មនុស្ស​ស្និទ្ធ​នឹង​អតីត​ប្រធាន​តុលាការ​ក្រុងភ្នំពេញ លោក អាំង មាលតី ធ្វើឡើង​បន្ទាប់​ពី​លោក អាំង មាលតី ត្រូវបាន​ដកចេញ​ពី​តំណែង​ជា​ប្រធាន​តុលាការ​កាលពី​រសៀល​ថ្ងៃទី​១៨ ខែ​កុម្ភៈ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដោះលែង​ឪពុក​ម្តាយ​លោក ថោង សារ៉ាត់ ឲ្យនៅ​ក្រៅ​ឃុំ ៕​

VOD
ដោយ៖​ អុិត សូធឿត និង​យ៉ា រសាត់​ | ថ្ងៃសុក្រ ទី20 កុម្ភៈ 2015, 06:39 PM

No comments:

Post a Comment