Saturday, February 21, 2015

​មេដឹកនាំ​សហជីព​លោក ប៉ាវ ស៊ីណា រង​ការ​គំរាម​សម្លាប់​​

លោក ប៉ាវ ស៊ីណា ​មេដឹកនាំ​សហជីព
(រូបភាពកន្លងមក រូបថត៖ Krishan)
លោក ប៉ាវ ស៊ីណា ដែល​ធ្វើ​ការងារ​លើកកម្ពស់​សិទ្ធិ​កម្មក​រអះអាងថា ខ្លួន​ត្រូវបាន​ក្រុម​ថៅកែ​រោងចក្រ​មួយ​ចំនួន​ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​បាវិត ខេត្ត​ស្វាយរៀង គំរាម​សម្លាប់​ដោយសារ​លោក​ចូលរួម​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម​ប្រឆាំង​និង​រោងចក្រ​នៅ​តំបន់​នោះ​កន្លងមក​​ ។​

​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករលោក ប៉ាវ ស៊ីណា ប្រាប់ VOD នៅ​ថ្ងៃ​នេះ​ថា កាលពី​ថ្ងៃ​ទី ១៦ ខែ កុម្ភៈ តំណាង​សហជីព​របស់លោក​ចំនួន៣​នាក់ត្រូវបាន​ថៅកែ​ក្រុមហ៊ុន BW(Beautiful Window) ដែល​មាន​ទីតាំង​ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង ខេត្ត​ស្វាយរៀង ហៅ​ជួបប្រជុំ​ដើម្បី​ពិភាក្សា​ជ្រើសរើស​តំណាង​កម្មករ​ប្រចាំ​រោងចក្រ ​។ តែ​លោក​ប្រាប់ថា គ្រា​នោះ​ភាគី​រោងចក្រ​មិនបាន​ជជែក​ពី​ការជ្រើសរើស​តំណាង​កម្មករ​នោះ​ទេ បែរ​ជា​គំរាម​ឲ្យ​មន្ត្រី​សហជីព​របស់​លោក​ដក​ខ្លួន​ចេញ​ពី​សមាជិក​សហជីពពី​ព្រោះ​ថៅកែ​រោងចក្រ​មួយ​ចំនួន​រៃ​លុយ​គ្នាដើម្បី​ជួល​ឃាតករ​សម្លាប់​រូបលោក​ ។

​លោក​មានប្រសាសន៍ថា "ក្នុង​អង្គប្រជុំ​ហ្នឹងកូនចៅ​ខ្ញុំ​រាយការណ៍​មក​ថា មេ​អើយ​ខាង​ថៅកែនាយក​គ្រប់គ្រង​គាត់​បាន​ប្រាប់ថា បាន​គំរាម​ឲ្យ​ពួក​ខ្ញុំ​ដក​ខ្លួន​ចេញ​ពី​សហជីព​ឲ្យ​ហើយ ណាមួយ​ទៀត ខាង​នាយក​ប្រាប់ថា ខាង​ថៅកែ​មួយចំនួន​ប្រចាំ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេ​ត​ហា​ធេន បាន​រៃ​លុយ​គ្នា​ដើម្បី​ឃាតករ​មក​សម្លាប់​ខ្ញុំ​(​ប៉ាវ ស៊ីណា​)​" ។

​ទោះជា​យ៉ាងណាលោក ប៉ាវ ស៊ីណា បញ្ជាក់ថា​ លោក​មិន​មាន​ការតក់ស្លុត​ឡើយពី​ព្រោះ​កន្លង​ទៅ​ក៏​ធ្លាប់​មាន​អ្នក​គំរាម​សម្លាប់​លោក​ដែរហើយ​លោក​នៅ​បន្តសកម្មភាព​បន្តទៀត ដើម្បី​ផលប្រយោជន៍​កម្មករ​ ។ តែ​លោកអំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ​ស្វែងរក​ឃាតករ​ពិត​ដែល​សម្លាប់​កម្មករនិង​តំណាង​សហជីព​កន្លងមក​យក​មក​ផ្តន្ទាទោស​តាមច្បាប់ដើម្បី​កុំ​ឲ្យ​ថៅកែ​មួយចំនួន​ជួល​ឃាតករ​បាន​ស្រេច​តែ​ចិត្ត និង​រកស៊ី​ខុសច្បាប់​នៅ​កម្ពុជា ។

​បើ​តាម​ការអះអាង​លោក ប៉ាវ ស៊ីណា នៅ​ថ្ងៃ​ចន្ទ សប្តាហ៍​ក្រោយនេះ​លោក​នឹង​ជួប​ជាមួយ​មន្ត្រី UN និង​អង្គ​សង្គម​ស៊ីវិល​មួយចំនួនទៀត ដើម្បី​ពិភាក្សា​អំពី​នីតិវិធី​ក្នុងការ​ដាក់ពាក្យ​ប្តឹង​និយោជក​ទាំងនោះ​ ៕

VOD
ដោយ៖​ ឡាយ សា​មាន​​ | ថ្ងៃសៅរ៍ ទី21 កុម្ភៈ 2015, 03:19 PM​

No comments:

Post a Comment