Monday, February 23, 2015

នាយករដ្ឋមន្រ្តី​ស្នើ​ឲ្យ​ដោះ​លែង​ស្រ្តីដែល​មាន​កូន និងមាន​​ផ្ទៃ​ពោះ​ កំពុង​រស់​នៅ​ក្នុង​ពន្ធនាគារ​

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​កន្លង​ទៅ​
លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទនេះ បាន​ស្នើ​ឲ្យ​រដ្ឋមន្រ្តី និង​មន្រ្តីពាក់​ព័ន្ធ​ទាំងអស់​ រៀបចំ​សំណុំ​ឯកសារ​ក្នុង​​ការ​ដោះ​លែង​ស្រ្តី​ដែល​មាន​កូន និង​មាន​ផ្ទៃ​ពោះ ហើយ​កំពុង​ស្នាក់​នៅពន្ធនាគារ​ ដើម្បី​​ធានាថា​កូនៗ​របស់​គេ​មិន​កើត​​ក្នុង​ពន្ធ​នា​គារ។​

លោក​នាយករដ្ឋមន្រ្តី​លើក​ឡើង​ថាការ​ដោះ​លែង​អ្នក​មាន​កូន និង​អ្នក​មា​នផ្ទៃពោះ​ដែល​រស់​នៅ​ក្នុង​ពន្ធ​នាគារ​ អាច​ធ្វើ​ឡើង​ឲ្យ​បាន​មុនចូល​ឆ្នាំ​ខ្មែរ​ ក្នុង​ខែ​មេសា តែ​​សម្រាប់​ស្រ្តី​ដែល​មាន​ផ្ទៃ​ពោះ​ អាច​ត្រូវ​ធ្វើ​ឡើង​នៅ​មុន​ទិវា​សិទ្ធិ​នារី ៨មីនា ខាងមុខនេះ។​

ក្នុងពិធីចែក​សញ្ញា​បត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថាស្រ្តី​មាន​ផ្ទៃ​ពោះដែល​មាន​ប្រមាណ​៤០នាក់​នៅ​ទូទាំងប្រទេស ​​នឹងត្រូវ​​ឆ្លង​ទន្លេក្នុង​ពន្ធនាគារ តែ​​លោក​នឹង​ស្នើ​ព្រះរាជទោស​ចំពោះស្រ្តីទាំងនោះមួយចំនួនឲ្យ​បាន​មុន​ថ្ងៃ​៨ មីនា សិទ្ធិនារី និង​ឲ្យ​បាន​ទាំងអស់​​នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំខ្មែរ។​ លោក​បន្ត​ថា​ការ​ស្នើ​សុំព្រះរាជទាន​ទោស​របស់​លោក​ មិន​មែន​បំពាន​ច្បាប់​នោះ​ទេ​ តែ​ដោយ​​សារ​លោក​មាន​​​អំណាច​ក្នុង​ការ​សុំ​ព្រះរាជទាន​ទោសនេះ​។​

លោក​បញ្ជាក់​ថា«សុំឲ្យ​អស់​លោក​មួយ​ចំនួន កុំ​ឲ្យ​ថា​ហ៊ុន សែន​ បំពាន​ទៀតណា។ ​មុន​និយាយ​មើល​ច្បាប់​ឲ្យច្បាស់​​។ ខ្ញុំធ្វើ​នាយករដ្ឋមន្រ្តីស៊ីអំបិល​ច្រើន​ជាង​លោក​ឯង​ស៊ីបាយ។ ខ្ញុំស្គាល់​ច្បាប់តើ។ …យោង​តាម​​ច្បាប់​ពន្ធនាគារ​ ឲ្យ​នាយក​រដ្ឋមន្រ្តីមាន​​សិទ្ធិសុំ​​ព្រះរាជទាន​ទោស​ ពេល​ណា​ក៏​បាន​។ ខ្ញុំ​អត់បំពាន​ច្បាប់ទេ»៕

VOD
ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃចន្ទ ទី23 កុម្ភៈ 2015

No comments:

Post a Comment