ទិដ្ឋភាពនៅក្នុងរោងចក្រមួយនៅរាជធានីភ្នំពេញ (រូបភាពដោយកម្មករអ្នកសារព័ត៌មានរបស់VOD) |
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលោកបានផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងក្រសួងការងារ ឲ្យពិនិត្យការងារថែមម៉ោងនេះ ដោយលោកសង្កេតឃើញថាកម្មករចូលចិត្តធ្វើការងារថែមម៉ោង ហើយការងារថែមម៉ោងនេះមិនគោរពទៅតាមច្បាប់ការងារ និងកំពុងប៉ះពាល់ដល់សុខភាពរបស់កម្មករ។ លោកបន្តថាតាមច្បាប់ការងារ ការងារថែមម៉ោងអាចធ្វើទៅបានក្នុងរយៈពេល២ម៉ោងតែប៉ុណ្ណោះ តែកម្មករខ្លះធ្វើទៅដល់៤ម៉ោង។ លោកបន្តថាភាគីរោងចក្រត្រូវការកម្មករធ្វើការងារថែមម៉ោង ស្របពេលដែលកម្មករចង់ធ្វើការងារថែមម៉ោង ដើម្បីរកលុយបន្ថែមនឹងប្រាក់ឈ្នួលអប្បបរមា១២៨ដុល្លារ។
លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា«នៅពេលប្រជុំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ខ្ញុំករុណាខ្ញុំក៏ឲ្យអនុសាសន៍ទៅក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី ហើយក្រសួងការងារ ឲ្យធ្វើការបញ្ចុះបញ្ចូលទាំងកម្មករ កម្មការិនី និងទាំងថៅកែរោងចក្រ ឲ្យប្រយ័ត្នប្រយែងនឹងការធ្វើការថែមម៉ោង»។
លោកនាយករដ្ឋមន្រ្តីបន្តអំពាវនាវឲ្យកម្មការិនីគិតគូពីបញ្ហាធ្វើការថែមម៉ោងនេះ និងតែត្រូវយល់ដឹងពីផលលំបាកលើបញ្ហាសុខភាពទៅថ្ងៃក្រោយ នៅពេលខ្លួនមានប្តី និងកូន។ លោកស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់លើបញ្ហាទាំងនេះផងដែរ។
កាលពីខែមករា ឆ្នាំ២០១៥ សហភាពការងារកម្ពុជា ឲ្យដឹងថាគ្រោះថ្នាក់ការងារក្នុងឆ្នាំ២០១៤ មាន៣៨០០ករណី ដែលក្នុងនោះកម្មករ៤៧៣៧នាក់បានរងគ្រោះ ដោយកម្មករ៧៣នាក់បានស្លាប់។ សហភាពការងារកម្ពុជាឲ្យដឹងទៀតថាកម្មករនិយោជិតជាង១៨០០នាក់បានដួលសន្លប់ក្នុងអំឡុងពេលធ្វើការ ដោយសារតែការថែមម៉ោងហួសកម្លាំង និងបរិយាកាសមិនសូវល្អ ដែលរួមមានជាតិគីមីពុលផងដែរ។
អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក កាំង ម៉ូនីកា ធ្លាប់ឲ្យដឹងថាកម្មករទូទាំងប្រទេសមានជាង៧០ម៉ឺននាក់ ក្នុងនោះកម្មករជាស្ត្រីប្រមាណ៩០ភាគរយ រីឯបុរសមានត្រឹម១០ភាគរយប៉ុណ្ណោះ។ ចំណែករោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា មានទៅដល់ជាង៧០០៕
VOD
ដោយ៖ ស៊ុន ណារិន | ថ្ងៃចន្ទ ទី23 កុម្ភៈ 2015
No comments:
Post a Comment